ភ្នំពេញៈ ក្រសួងសុខាភិបាល​នឹង​ចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ COVISHIELD របស់​ក្រុមហ៊ុន AstraZeneca ឡើងវិញ សម្រាប់​ក្រុមមនុស្ស​អាយុ​ចាប់ពី ៦០ ​ឆ្នាំ​ឡើងទៅ​ដោយ​មិន​គិតថ្លៃ​ចាប់ពី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២១ ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​នេះ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៦ ខែមីនា​ថា ដោយ​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​មាន​បំណង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ច្រើន​ហើយ​សម្រុក​មកចាក់​ដោយ​មានការ​កកស្ទះ និង​រង់ចាំ​យូរ​នោះ ក្រសួង​បានធ្វើ​ការផ្អាក​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ​ជា​បណ្តោះអាសន្ន​សិន នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២១​។

លោក​ថា៖ «​ក្រសួង​នឹង​ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ឡើងវិញ​នៅ​ថ្ងៃទី​ ១០ ខែមីនា ដើម្បី​ទុកពេល​វេលា​ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ធ្វើការ​សម្របសម្រួល​រៀបចំ​ក្រុម​ប្រជាជន ដែល​នៅក្នុង​ក្រុម​អាយុ​នេះ ដើម្បី​មកចាក់​ទៅតាម​ថ្ងៃ​នីមួយៗ​វិញ​»​។

បើតាម​ក្រសួង​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន (​ភូមិ​/​ឃុំ​-​សង្កាត់​) នៃ​រាជធានី-ខេត្ត នឹង​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ រួច​ជូន​លិខិតអញ្ជើញ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ៦០ ​ឆ្នាំ​ឡើងទៅ​ឱ្យទៅ​ទទួល​វ៉ាក់សាំង​រៀងរាល់​ម៉ោង​ធ្វើការ នៅតាម​មន្ទីរពេទ្យបង្អែក​រាជធានី-ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដែល​កំពុង​រស់នៅ​។

សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ AstraZeneca នឹងត្រូវ​ផ្តល់ជូន​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​នឹង​ជំងឺ​កូវីដ​១៩ ដែលមាន​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើងទៅ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះ​ចំពោះ​វ៉ាក់សាំង​កូវីដ​១៩​ស៊ី​ណូហ្វាម​ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅតែ​បន្ត​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ ហើយ​ត្រូវ​បានកំណត់​ផ្ដល់ជូន​ក្រុមមនុស្ស​អាទិភាព​ដូចជា បុគ្គលិក​សុខាភិបាល កងកម្លាំង​នគរបាលជាតិ ចំណុះ​ស្នងការដ្ឋាន​រាជធានី-ខេត្ត មន្ត្រីរាជការ​ស៊ីវិល​ជួរមុខ និង​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន កម្មករ-កម្មការិនី​ប្រមូល​សំរាម​ជាដើម​។

ក្រសួង​សុខាភិបាល​លើកឡើងថា សម្រាប់​មន្ត្រីការទូត មន្ត្រី​អង្គការ​សហប្រជាជាតិ តំណាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ស្នើសុំ​ឱ្យមាន​ការរៀបចំ​ជា​ក្រុមៗ និង​មាន​បញ្ជីឈ្មោះ​ត្រឹមត្រូវ​ដែល​សម្របសម្រួល​ដោយ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ មន្ទីរពេទ្យ​កាល់ម៉ែត គឺជា​ទីកន្លែង​ដែល​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង សម្រាប់​ឥស្សរជន​ជាន់ខ្ពស់​ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​រដ្ឋលេខាធិការ​ឡើងទៅ និង​មន្ត្រីការទូត មន្ត្រី​អង្គការ​សហប្រជាជាតិ តំណាង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​។

លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​សម្រេច​យក​សាលា​បឋមអនុវិទ្យាល័យ​តេជោសែន​កម្មករ ដើម្បី​ប្រើប្រាស់​ធ្វើជា​ទីកន្លែង​រៀបចំ​សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ​១៩​ទាំង​ ២ ​ប្រភេទ​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ហានិភ័យ​ខ្ពស់​ចាប់ ពីថ្ងៃ​ទី​ ៧ ខែមីនា​តទៅ​។

គ្រូពេទ្យ​កំពុង​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដល់​ស្ត្រី​ម្នាក់​នៅ​មន្ទីរពេទ្យ​ក្នុង​ខណ្ឌដង្កោ​ពីថ្ងៃ​ទី​ ៣ ​មីនា​។ហុង មិនា

លោក​បាន​ប្រាប់ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ដែល​នៅ​ជួរមុខ នៅក្នុង​មន្ទីរពេទ្យ តាម​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​កន្លែង​ដែល​មាន​ការពាក់ព័ន្ធ​រួចរាល់​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​លោក​ គួច ចំរើន ​បានរៀបចំ​ទីតាំង​ក្នុង​បរិវេណ​សាលា​បឋមអនុវិទ្យាល័យ​តេជោសែន​កម្មករ សម្រាប់​ការចាក់​វ៉ាក់សាំង​ដែលមាន​ ២ ​ប្រភេទ​គឺ​ស៊ីណូហ្វាម សម្រាប់​មនុស្ស​អាយុ​ពី ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ និង AstraZeneca ចាប់ពី​អាយុ​ ៦០ ​ឆ្នាំ​ឡើងទៅ​។

លោក​បញ្ជាក់ថា៖ «​យើង​នៅតែ​បន្ត​ការចាក់​តាម​ការរៀបចំ ដោយសារ​បងប្អូន​យើង ដែល​មិនទាន់​បានកំណត់​មុខសញ្ញា​ដែល​ត្រូវ​ចាក់​បាន​នាំគ្នា​មក​ប្រជ្រៀត​គ្នា ដណ្តើម​គ្នា​ចាក់​នៅ​តាម​មន្ទីរពេទ្យ ដែល​ធ្វើឱ្យមាន​ការពិបាក​ក្នុងការ​គ្រប់គ្រង និង​មិនបាន​គោរព​តាម​វិធាន​សុខាភិបាល​ឡើយ​ដែល​អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​នេះ​ផងដែរ​»​។

ទន្ទឹមនឹង​នេះដែរ លោក​ ម៉ម ប៊ុនហេង បាន​យល់ព្រម​លើ​សំណើ​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​ទៅដល់​មន្ត្រីរាជការ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស​ចាប់ពី​ថ្ងៃ​ទី​ ៩ ខែមីនា​តទៅ​។

យោងតាម​ក្រសួងសុខាភិបាល​គិត​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២១ មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​ចំនួន ៧៨ ៨២៥ ​នាក់ ចំណែក​ខាង​ក្រសួងការពារជាតិ​មាន​ចំនួន ៩៦ ០៨០ ​នាក់ គិត​ត្រឹម​រយៈពេល​ដូចគ្នា​។

គួរបញ្ជាក់​ផងដែរ​ថា វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ចំនួន​ ៣២៤ ០០០ ​ដូស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី ​២ ខែមីនា ឆ្នាំ​ ២០២១ ដែលជា​ចំនួន​ដូស​ដំបូង ក្នុង​ចំណោម​វ៉ាក់សាំង​សរុប​ចំនួន ១,១ ​លានដូស ដែល​យន្តការ​ COVAX នឹង​ផ្តល់ជូន​ប្រទេស​កម្ពុជា​ជា​ដំណាក់កាលៗ​នៅត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ​ ២០២១ ​នេះ​។

ចំណែក សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏បានផ្តល់​វ៉ាក់សាំង​កូវីដ​១៩ ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស​មកដល់​កម្ពុជា​ផង​ដែរ ដោយ​វ៉ាក់សាំង​ចំនួន​ ៦០ ​ម៉ឺនដូស​ដំបូង​ត្រូវបាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ចំណែក​វ៉ាក់សាំង​ចំនួន​ ៤០ ​ម៉ឺនដូស​នឹង​អាច​ដឹក​មកដល់​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​៕