
វ៉ាក់សាំងការពារជំងឺកូវីដ១៩ AstraZeneca ពេលដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់មិញ។ ហេង ជីវ័ន
ភ្នំពេញៈ វ៉ាក់សាំង ការពារកូវីដ ១៩ ចំនួន ៣២៤ ០០០ ដូស ដែលជាជំនួយលើកដំបូងផ្តល់មកឱ្យកម្ពុជាដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) របស់អង្គការសុខភាពពិភពលោក WHO ត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញ ហើយអ្នកដែលនឹងចាក់វ៉ាក់សាំងប្រភេទថ្មីនេះមុនគេគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកគ្រោងនឹងចាក់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះនៅមន្ទីរពេទ្យកាល់ម៉ែត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ជាតំណាងរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមទទួលវ៉ាក់សាំងថ្មីនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានការប្រគល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាផងដែរ។
ថ្លែងនៅមុនពិធីទទួលវ៉ាក់សាំងកាលពីយប់មិញលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា វ៉ាក់សាំងដែលបានដឹកជញ្ជូនមកប្រទេសកម្ពុជា នេះ គឺមានឈ្មោះថា កូវីស៊ែល ដែលផលិតនៅប្រទេសឥណ្ឌាដោយទទួលអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេស។
លោកស្រីបានបញ្ជាក់ថា៖ «វ៉ាក់សាំងនេះជាសមិទ្ធផលមួយទៀត ដែលផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយវ៉ាក់សាំងនេះមានគម្រោងប្រើប្រាស់ ប៉ុន្តែយើងរង់ចាំការអនុសាសន៍ពីសម្តេចនាយករដ្ឋមន្ត្រីនៅពេលដែលលោកអញ្ជើញទៅចាក់វ៉ាក់សាំងនេះនៅមន្ទីរពេទ្យកាល់ម៉ែតថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១»។
ចំណែកលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកក៏បានថ្លែងដែរថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេស ១ ក្នុងចំណោមប្រទេសដំបូងនៅតំបន់ប៉ាស៊ីហ្វិកខាងលិចដែលទទួលបានវ៉ាក់សាំងកូវីដតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នេះ។
លោកស្រីបានថ្លែងថា៖ «វ៉ាក់សាំងកូវីដ ១៩ នេះមានសារៈសំខាន់ណាស់ បើយើងប្រើប្រាស់បានត្រឹមត្រូវរួមជាមួយនឹងវិធានការសុខាភិបាលផ្សេងៗទៀតនោះ យើងអាចទប់ស្កាត់នូវការរីករាលដាលជាសកលនេះបាន»។
ដោយឡែកលោកស្រី Ms. ForooghFoyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាដែលបានចូលរួមដែរនោះបាន អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសកម្ពុជាបំពេញបាននូវលក្ខខណ្ឌរបស់មជ្ឈមណ្ឌលកូវ៉ាក់ក្នុងការទទួលបាននូវវ៉ាក់សាំងនេះ។
លោកស្រីថា៖ «ខ្ញុំចង់បញ្ជាក់ថា វ៉ាក់សាំងតែមួយមុខមិនអាចបញ្ចប់ការរាតត្បាតនៃជំងឺជាសកលនេះទេគឺយើងនៅតែបន្តអនុវត្តវិធានការការពារខ្លួនដដែល»។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោកស្រី ឱ វណ្ណឌី ក៏បានឱ្យដឹងដែរថា វ៉ាក់សាំងដែលកម្ពុជានឹងទទួលបានពីមជ្ឈមណ្ឌលកូវ៉ាក់ក្នុងបរិមាណដទៃទៀតនឹងដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀត ជាដំណាក់ៗនៅក្នុងឆ្នាំ ២០២១ នេះ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្តាហ៍មុន វ៉ាក់សាំងដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ ដូស ដែលកម្ពុជាទទួលបាននេះ គឺជាជំនួយបឋមដែលផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ក្នុងចំណោមវ៉ាក់សាំង ១ ១០៤ ០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះ។
គួរបញ្ជាក់ផងដែរថា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសឱ្យដឹងពីថ្ងៃទី ១ ខែមីនាថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជំហានទី២ ចំនួន ៤០ ម៉ឺនដូសទៀតដល់កម្ពុជា ដែលនឹងត្រូវមកដល់កម្ពុជាមុនចូលឆ្នាំប្រពៃណីខ្មែរ។
វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមជំហានទី១ ចំនួន ៦០ ម៉ឺនដូសនៃចំនួនវ៉ាក់សាំង ១ លានដូសដែលជាជំនួយចិនត្រូវបានបញ្ជូនដល់កម្ពុជាពីថ្ងៃ ៧ កុម្ភៈ កន្លងទៅ។
តាមរបាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមរបស់ចិនលើកទី១ មាន ២៤ ៣៣១ នាក់ និងអ្នកដែលបានចាក់លើកទី២ ចំនួន ៩១៣ នាក់ ក្នុងមូលដ្ឋានសុខាភិបាលរាជធានី-ខេត្តចំនួន ៣២ មន្ទីរពេទ្យ។ ចំណែកក្រសួងការពារជាតិបានឱ្យដឹងដែរថា កម្លាំងប្រដាប់អាវុធដែលចាក់លើកទី ១ មានចំនួន ៧៥ ១៩៨ នាក់ ឯការចាក់លើកទី២ មានចំនួន ៤ ៧០៩ នាក់៕
វីដេអូ៖