ភ្នំពេញៈ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ ខណៈដែលក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដថ្មី ២ នាក់ទៀតដែលជាករណីនាំចូល។
ក្រៅពីការអំពាវនាវឱ្យពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងពីម្សិលមិញថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាមដែលរដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជានឹងមកដល់កម្ពុជានាអំឡុងខែកុម្ភៈ ឆ្នាំ ២០២១។ លោកស្រីបន្តថា ជាដំណាក់កាលដំបូងនេះ ចិននឹងបញ្ជូនវ៉ាក់សាំងចំនួន ៣០ ម៉ឺនដូសមកដល់កម្ពុជាជាមុនសិន។
បើតាមលោកស្រី ឱ វណ្ណឌីន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម គឺជាវ៉ាក់សាំងមួយដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ ៧៩,៣៤ ភាគរយ។ បច្ចុប្បន្នវ៉ាក់សាំងនេះត្រូវបានដាក់ឱ្យអង្គការសុខភាពពិភពលោក (WHO) ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឱ្យប្រើប្រាស់នាពេលខាងមុខ។
កាលពីយប់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជាបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាមដល់កម្ពុជាចំនួន ១ លានដូស ដើម្បីចាក់ប្រជាពលរដ្ឋចំនួន ៥០ ម៉ឺននាក់។
ជាមួយគ្នានេះលោកប្រកាសថាលោកផ្ទាល់នឹងចាក់វ៉ាក់សាំងនេះមុនគេ ដើម្បីបង្ហាញពីភាពជឿជាក់នៅពេលវ៉ាក់សាំងមកដល់កម្ពុជា។
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤១ នាក់ ក្នុងនោះមានអ្នកទើបឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់ ដែលជាការនាំចូលពីបរទេស ហើយបច្ចុប្បន្នអ្នកជំងឺទាំង ២ នាក់ម្នាក់ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិនរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «អ្នកឆ្លងកូវីដ ១៩ ថ្មីទាំង ២ នាក់នោះមានកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ ១ ឆ្នាំ ស្នាក់នៅខេត្តសៀមរាបជាកូនប្រុសរបស់បុរសអាយុ ៣៤ ឆ្នាំ និងស្ត្រីអាយុ ៣៣ ឆ្នាំដែលវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១»។
ចំណែកអ្នកឆ្លងម្នាក់ទៀតគឺស្ត្រីជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១»៕
វីដេអូ៖