ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ស៊ីណូវ៉ាក់​ចំនួន ១ លាន​ដូស​ទៀត ដែល​រាជរដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ប្រទេស​ចិន នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​ឧសភា​ស្អែក ខណៈ​គិត​ត្រឹម​យប់​ថ្ងៃទី ២១ ខែ​ឧសភា​នេះ ក្រសួង​សុខាភិបាល​ និង​ក្រសួង​ការពារ​ជាតិ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដល់​មន្រ្តី​រាជការ​ប្រជាពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​សរុ​បនៅ​ទូទាំង​ប្រទេស​បាន​ចំនួន ២ ២២៦ ៤៤៦ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

បើ​តាម​លោកស្រី យក់ សម្បត្តិ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​ពេល​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៦ ឧសភា​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១ លាន​ដូស ដែល​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ គឺ​ជា​វ៉ាក់សាំង​លើក​ទី៥ ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ។

ក្នុង​នោះ​លើក​ទី១ មាន​ចំនួន ១,៥ លាន​ដូស ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃទី ២៦ ខែ​មីនា, លើក​ទី២ មាន​ចំនួន ៥០ ម៉ឺន​ដូស ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែ​មេសា, លើក​ទី៣ មាន​ចំនួន ៥០ ម៉ឺន​ដូស បាន​ដឹក​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃទី ១១ ខែ​ឧសភា និង​លើក​ទី៤ បាន​ដឹក​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃទី ១៦ ខែ​ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា៖ «វ៉ាក់សាំង​កូវីដ ១៩ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ថែម​ទៀត ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​នេះ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ៤,៥ លាន​ដូស​រួច​មក​ហើយ ក្នុង​នោះ​មាន​វ៉ាក់សាំង ស៊ីណូហ្វាម​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១,៧ លាន​ដូស, វ៉ាក់សាំង​ស៊ីណូវ៉ាក់ ជា​ការ​បញ្ជា​ទិញ​ពី​ចិន ២,៥ លាន​ដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជា​ជំនួយ​របស់ ខូវ៉ាក់ តាមរយៈ​អង្គការ​សុខភាព​ពិភព​លោក។

លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ស្វះស្វែង​រក​វ៉ាក់សាំង​ឱ្យ​បាន​រហូត​ដល់​ទៅ​ជាង ២០ លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង ១០ លាន​នាក់ ក្នុង​ការ​បង្កើត​ភាព​ស៊ាំ និង​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង​វិញ​នាពេល​ខាង​មុខ។

កម្ពុជា​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ថ្ងៃទី ១០ ខែ​កុម្ភៈ ដែល​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជាង ២ លាន ២ សែន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង។ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បញ្ជាក់​ថា គិត​ត្រឹម​យប់​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​មន្រ្តីរាជ​ការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ២ ២២៦ ៤៤៦ នាក់៕