ភ្នំពេញ៖ វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) របស់​ចិន ដែល​ជា​ការ​បញ្ជា​ទិញ​ជំហានទី២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥០ ម៉ឺន​ដូស នឹង​ដឹក​ជញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១៧ ខែ​មេសា​ស្អែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នា​ព្រឹក​នេះ។

ស្ថានទូត​ចិន​បាន​សរសេរ​ថា ទោះបី​ជា​ប្រទេស​ចិន ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​តម្រូវ​ការ​វ៉ាក់សាំង​ក៏​ដោយ ក៏​នៅ​តែ​បន្ត​ផ្តល់​ទៅ​តាម​តម្រូវ​ការ​បញ្ជា​ទិញ​របស់​ភាគី​កម្ពុជា​ដែរ។

ស្ថានទូត​ចិន​បញ្ជាក់​ថា៖ «នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណង​មិត្តភាព​ដែក​ថែប​ប្រៀប​ដូច​បងប្អូន​រវាង​ប្រទេស​ទាំង​ពីរ។ សង្ឃឹម​ថា វ៉ាក់សាំង​ចិន​អាច​រួម​ចំណែក​យ៉ាង​សកម្ម​ជូន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​វីរុស​កូវីដ ១៩»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ ១២ មេសា បាន​ចេញ​សារ​បន្ទាន់​មួយ​ដោយ​បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​ដណ្តើម​ចាក់​វ៉ាក់សាំង ខណៈ​ចំនួន​វ៉ាក់សាំង​នៅ​មាន​កំណត់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​មេ​នៃ​ការ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រឹង​រក​វ៉ាក់សាំង​មក​ចាក់​ជូន​ពលរដ្ឋ​ទៅ​តាម​លំដាប់លំដោយ។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ដល់​ប្រជាជន​ជាង ១០ លាន​នាក់​យ៉ាង​តិច ដែល​ត្រូវ​ការ​វ៉ាក់សាំង​ប្រមាណ ២០ លាន​ដូស។ ខណៈ​នៅ​ក្នុង​ខែ​ឧសភា វ៉ាក់សាំង​នឹង​មក​ដល់​ចំនួន ១,៥ លាន​ដូស ខែ​មិថុនា​នឹង​មក​ដល់​ចំនួន ៣ លានដូស ខែ​កក្កដា នឹង​មក​ដល់​ចំនួន ២ លាន​ដូស និង​ខែ​សីហា​មក​ដល់​ចំនួន ១ លាន​ដូស​ទៀត។

លោក​បាន​ប្រាប់​ថា៖ «ក្នុង​ឆ្នាំ​នេះ បើ​វ៉ាក់សាំង​មក​តាម​ផែនការ​នេះ គម្រោង​របស់​យើង​មាន ២០ លាន​ដូស តែ​នឹង​មក​ដល់​ក្នុង​ឆ្នាំ​នេះ​ជាង ១១ លាន​ដូស ដែល​យើង​អាច​ដំណើរការ​ចាក់ ដែល​ពេល​នេះ​យើង​មាន​ចំនួន​ជាង ២ លាន​ហើយ ហើយ​នៅ​ថ្ងៃទី ១៧ នេះ វ៉ាក់សាំង​នឹង​មក​ដល់​កន្លះ​លាន​ដូស​ទៀត»៕