
វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ៧០ ម៉ឺនដូស ដែលជាជំនួយលើកទី២ នឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិននឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃពុធ ទី ៣១ ខែមីនា ស្អែកនេះ។ នេះបើតាមការឱ្យដឹងរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោកបានលើកឡើងថា៖ «នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ ១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ ម៉ឺនដូស ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន»។
ការបញ្ជាក់របស់លោក ទៀ បាញ់ នេះ ដូចគ្នានឹង លោក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដែលធ្លាប់បានឱ្យដឹងកាលពីថ្ងៃទី ២៦ ខែ មីនា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១,៥ លានដូស ដែលកម្ពុជាទិញពីប្រទេសចិន ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៧០ ម៉ឺនដូសជាជំហានទី២ ដែលជាជំនួយរបស់ភាគីចិនជូនកម្ពុជានឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ។
លោកថា ទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងចិន និងកម្ពុជា។
វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ ម៉ឺនដូសនេះ នឹងត្រូវបែងចែកទៅកាន់ក្រសួងសុខាភិបាលចំនួន ៤០ ម៉ឺនដូស និងចំនួន ៣០ ម៉ឺនដូសទៀត ប្រគល់ជូនក្រសួងការពារជាតិ ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់៕