ភ្នំពេញ៖ វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ៤០ ម៉ឺន​ដូស​ ដែល​ជា​ជំនួយ​ថ្មី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ស្អែក​នេះ។ នេះ​បើ​តាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

លោកស្រី យក់ សម្បត្តិ បាន​លើក​ឡើង​ដូច​នេះ​តាមរយៈ​សារព័ត៌មាន​ហ្វ្រេសញូវ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​នូវ​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ស៊ីណូហ្វាម​នេះ​ចំនួន ៣ លើក​មក​ហើយ បើ​គិត​រួម​នឹង​វ៉ាក់សាំង​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ។

លោកស្រី​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា៖ «ការ​ផ្តល់​នេះ គឺ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ និង​ធានា​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩»។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់​ជំនួយ​នូវ​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ស៊ីណូហ្វាម​នេះ​ចំនួន ២ លើក​រួច​មក​ហើយ ដោយ​លើក​ទី១ នៅ​ថ្ងៃទី ៧ ខែ​កុម្ភៈ ចំនួន ៦០ ម៉ឺនដូស និង​លើក​ទី២ នៅ​ថ្ងៃទី ៣១ ខែ​មីនា ដែល​មាន​ចំនួន ៧០ ម៉ឺនដូស។

គិត​មក​ទល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ៣ លាន​ដូស​រួច​មក​ហើយ រួមមាន វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១,៣ លាន​ដូស, វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​បាន​ទិញ​ពី​រដ្ឋាភិបាល​ចិន​ចំនួន ២ លាន​ដូស​និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ៣២៤ ០០០ ដូស ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (Covax Facility) តាមរយៈ​អង្គការ​សុខភាព​ពិភព​លោក៕