ស្ទឹងត្រែងៈ ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្ដែង​ក្ដី​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​​​ច្បាប់​ជាង​ ១៥០ ​កន្លែង ​របស់​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​នា​ពេល​ថ្មីៗ​នេះ​។​ ​ប៉ុន្តែ​​ពួក​គេ​ក៏​បាន​សម្ដែង​ក្ដី​ចម្ងល់​ផង​ដែរ​ថា ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​នេះ​បណ្ដែត​​បណ្ដោយ​​ឲ្យ​រោង​សិប្បកម្ម​​កែច្នៃ​ឈើ​អត់​ច្បាប់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​កើត​មាន​។​

កញ្ញា​ ​ឈាង​ ​លី​ ​ប្រធាន​ក្រុម​បណ្ដាញ​សហគមន៍​ការពារ​ ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ម្សិលមិញ បាន​សម្ដែង​ការ​គាំទ្រ​​យ៉ាង​អស់​ពី​ចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​ដែល​បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ ​និង​បង្ក្រាប​ទីតាំង​អាជីវកម្ម​អារ​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ។ ​នាង​បាន​និយាយ​ថា​ ព្រៃ​ឈើ​នៅ​កម្ពុជា​​អាច​នឹង​វិនាស​បង់​ ​ប្រសិន​បើ​គ្មាន​ការ​បង្ក្រាប​រោង​សិប្បកម្ម​អារ​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​​។​

កញ្ញា ​លី​ ​បាន​​និយាយ​ថា​៖ ​«​យ៉ាងណា​ក៏​ដោយ​ ​អាជីវកម្ម​អារ​ និង​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ​និង​បាន​ដំណើរ​ការ​យ៉ាង​គគ្រឹក​គគ្រែង ​និង ​យ៉ាង​បើក​ចំហ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គ្មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ និង​បង្ក្រាប​ដោយ​អាជ្ញាធរ​មូលដ្ឋាន​?​»​។​ ខណៈ​សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​ទៀត​ក្នុង​ស្រុក​សៀមប៉ាង​ ​លោក​ ​ទិត្យ​ ភេម​ បាន​និយាយ​ថា គ្មាន​ការ​បើក​អាជីវកម្ម​ណា​មួយ​​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ដឹង​ថា​ មាន​ច្បាប់ ​ឬ​គ្មាន​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​ការ​ចុះ​បង្ក្រាប​ ឬ​មិន​បង្ក្រាប​នោះ​ ​គឺ​វា​អាច​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​និង​ភាព​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​បុគ្គល ​និង​បុគ្គល​ ​ដែល​ជា​ម្ចាស់​ទីតាំង​អាជីវកម្ម ​និង​មន្ត្រី​នៃ​សមត្ថកិច្ច​មូលដ្ឋាន​នោះ​។​

លោក ​ភេម ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ថា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​ ​លោក​ដឹង​ច្បាស់​​អំពី​រឿង​នេះ​ ​​ទើប​លោក​​ដឹកនាំ​ក្រុម​ការងារ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​នេះ​ដោយ​ផ្ទាល់​ ​ដើម្បី​ការពារ​ព្រៃ​ឈើ​​ដែល​នៅ​សេសសល់​​ចុង​ក្រោយ​របស់​យើង​។​ ​អាជីវកម្ម​អារ​​កែច្នៃ​ឈើ​ខុស​ច្បាប់​នេះ​ វា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ»​។​ ​

កាល​ពី​ម្សិលមិញ​ ​នាយក​ស្ដីទី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង​ ​លោក​ អន​ ច័ន្ទសុជាតិ​ ​បាន​បដិសេធ​ផ្ដល់​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​។​ ​ប៉ុន្តែ​លោក ​ម៉ែន​ ​គង់ ​អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​​បាន​និយាយ​ថា​ ​នៅ​ពេល​នេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​ ​១៥១ ​កន្លែង​ ​ក្នុង​ចំណោម ១៦២ ​កន្លែង​ ដែល​ត្រូវ​បាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​​​ធម្មជាតិ​ថ្នាក់​ជាតិ ​ចុះ​បង្ក្រាប ​និង​តម្រូវ​ឲ្យ​បិទ​បណ្ដោះ​អាសន្ន​ ក្រោយ​ពី​​រក​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ​នោះ​ ​កំពុង​ស្ថិត​ក្រោម​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ដោយ​គណៈកម្មការ​ជំនាញ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​។​

លោក​ថ្លែង​​ថា​៖ ​«​ការ​ពិត​ ​មិនមែន​ម្ចាស់​រោង​សិប្បកម្ម​អារ​កែច្នៃ​ឈើ​ទាំង​នោះ បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​អត់​​ច្បាប់​តាំង​ពី​ដំបូង​នោះ​ឡើយ​។​ ​អ្វី​ដែល​គណៈកម្មការ​ជំនាញ​យើង​បាន​រក​ឃើញ​នោះ​ គឺ​នៅ​ពេល​ចាប់​ផ្ដើម​បើក​ដំណើរការ​អាជីវកម្ម​អារ​កែច្នៃ​ឈើ​ជា​លើក​ដំបូង ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ ​បាន​សុំ​ច្បាប់​អនុញ្ញាត ​និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​​​ត្រឹមត្រូវ ​ពី​សមត្ថកិច្ច​ជំនាញ​ទៅ​តាម​ទំហំ​នៃ​អាជីវកម្ម​របស់​​ពួក​គេ។​ ​ប៉ុន្តែ​ក្រោយ​ពេល​អាជ្ញាប័ណ្ណ​របស់​ពួក​គេ​ផុត​សុពលភាព​ ​ពួក​គេ​ភាគ​ច្រើន​មិន​បាន​ទៅ​សុំ​បន្ត​សុពលភាព​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​ខុស​ច្បាប់​»​។​

លោក​ ​គង់​ ថ្លែង​ថា​​ ម្ចាស់​សិប្បកម្ម​អារ​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​សង្ហារិម ដែល​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​​ ​ផុត​សុពលភាព​ក្នុង​រយៈពេល​ខ្លី​ ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​​ពាក្យ​ស្នើសុំ​បើក​អាជីវកម្ម​សា​ជាថ្មី​បាន​។​ ​ប៉ុន្តែ​សម្រាប់​អ្នក​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ ​ផុត​សុពលភាព​អស់​រយៈពេល​ច្រើន​ឆ្នាំ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​។​

លោក​ ​អេង​ ​ហ៊ី​ អ្នក​នាំពាក្យ​គណៈកម្មការ​ទប់ស្កាត់ ​និង ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​​ជាតិ​​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​នៅ​ពេល​នេះ​ក្រុម​គណៈកម្មការ​កំពុង​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​លើ​ករណី​ដូច​គ្នា​នេះ​ ទៅ​កាន់​​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​ភូមិ​ភាគ​ឦសាន ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ខេត្ត​ដែល​នឹង​ត្រូវ​ចុះ​ប្រតិបត្តិការ​បន្ត​នោះ​ជា​ខេត្ត​មួយ​ណា​នោះ​ទេ​។​ ​

លោក​ថ្លែង​ថា​៖ ​«​ក្រោយ​បញ្ចប់​ការ​អនុវត្ត​នីតិវិធី​នៃ​ការ​ពិនិត្យ​អង្កេត​ ​លើ​សំណុំ​រឿង​នៃ​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​គណៈកម្មការ​យើង​នឹង​​បន្ត​ចុះ​ប្រតិបត្តិការ​ដូច​គ្នា​នេះ​នៅ​ខេត្ត​ផ្សេង​ទៀត»៕