ភ្នំពេញៈ សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ ពី​ម្សិល​មិញ​​ បាន​គាំទ្រ​​​ការ​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល ​ដកហូត​បុណ្យ​​ស័ក្តិ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រីរាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ឡាយ​ណា​​ដែល​យក​តួនាទី​​ទៅ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​កឹប​កេង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​ដែល​ស្អាត​ស្អំ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រកាស​អនុវត្តអភិ​​ក្រម​ទី ៥ ​«វះកាត់»​ ចំពោះ​មន្ត្រី​​ទាំង​​នោះ។

លោក​ ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា​ លោក​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​ដកហូត​ទ្រព្យសម្បត្តិ​មន្ត្រីរាជការ​និង​កងកម្លាំង​ប្រដាប់​អាវុធ​មួយចំនួន​តូចដែល​យក​​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំ​ពើ​ពុក​​​រលួយ​ឈូសឆាយ​រំលោភ​យក​ដី​រដ្ឋនិង​កាប់បំផ្លាញ​ព្រៃឈើ​យក មក​ធ្វើជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ។

លោក​បាន​បញ្ជាក់​ថា​​៖ «​ខ្ញុំ​គិតថា​ មន្ត្រីរាជ​ការ​មិន​តិច​ទេ​ដែល​កំ​ពុង​​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ ​ប៉ុន្ដែ​មន្ត្រី​តិច​ណាស់​​ ដែល​ត្រូវ​បាន​រដ្ឋាភិបាលដកតំណែង ​ហើយ​បញ្ហា​ដកហូត​ទ្រព្យសម្បត្តិ​ក៏​មិនដែល​ឃើញ​រដ្ឋាភិបាល​ដកហូត​ដែរ»។

លោក​ គ្រើង តុលា ​សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់ទៀតបាន​ថ្លែងថា ​លោក​មាន​សង្ឃឹម​តិច​ណាស់​ដែល​ប្រមុខ​រដ្ឋា​ភិបាល​ប្រកាស​ចាត់វិធានការ​មន្ត្រី​ពុក​រលួយ​ និង​មន្ត្រី​ខិលខូច​ទាំង​នេះ។

លោក​បន្ថែមថា​ មួយរយៈ​ចុង​ក្រោយ​នេះ​សកម្មភាព​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​មានការ​អនុវត្ត​ល្អប្រសើរ ដោយ​លោក​គាំទ្រ​ចំណាត់​ការ​នេះ។ ​លោក​បន្ត​ថា​ត្រូវតែ​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​បទ​​ល្មើស​ព្រៃឈើ​ទាំងអស់ ​ដែល​​តុលាការ​បាន​ចេញ​​ដីកា​កោះ​ហៅ​សា​កសួរ​ទាំង​​ ២០​ នាក់​នេះ ​ព្រមទាំង​រឹបអូស​ទ្រព្យ​សម្បត្តិ​ពុករលួយ​របស់​ពួកគេ​យកមក​វិញ​ផង​ដែរ។

លោក ​គ្រើង ​តុលា បញ្ជាក់ថា​៖ ​«​ខ្ញុំ​សូម​សរសើរ​មន្ត្រី​យើង​ដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​រយៈ​ចុងក្រោយ​នេះ​។ ប៉ុន្ដែ​ខ្ញុំ​នៅ​មិនទាន់​ជឿ​សម្តី​សម្ដេច​ ហ៊ុន សែន ​ដែល​គាត់​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​ហ្នឹង។ ដូចជា​មិនសូវ​អនុវត្តបាន​យូ​រអង្វែង​ គ្រាន់តែ​អនុវត្តបាន​មួយឆាវៗ ​ហើយក៏​ស្ងាត់​ទៅ​វិញ។ អ៊ីចឹង​បទល្មើស​ហ្នឹង វា​កើតឡើង​លើស​ដើម​ទៅ​ទៀត»។

លោក ​ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក ​ថ្លែងថា ការអនុវត្ត​អភិក្រម​ទី ៥ ​(វះកាត់)​ របស់​រដ្ឋាភិបាល​ត្រូវ​បាន​ប្រើ​ចំពោះ​មន្ត្រី​ពុក​រលួយ​មួយចំនួន​ជា​ហូរហែ ​ដូចជា ​មន្ត្រី​រៀប​ចំ​ដែនដី ​នគរូប​នីយ​កម្ម និង​សំណង់ ​និង​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ​និង​មន្ត្រី​មួយចំនួន​ទៀត​ ប៉ុន្ដែ​មិន​ទាន់​ឈាន ដល់​ការ​ដកហូត​ទ្រព្យ​សម្បត្តិ​ទេ។ លោក​ថា លោក​សង្ឃឹម​លើការប្ដេជ្ញាចិត្ត​របស់​លោក​ ហ៊ុន សែន ​ដើម្បី​ចាត់​​វិធានការ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​​តូច​នេះ ​ដែល​តែងតែ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​មន្ត្រី​ល្អផ្សេងៗ​ទៀត​ ថែមទាំង​បង្ខូច​កិត្តិ​យស​រដ្ឋា​ភិបាល​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «យើង​គាំទ្រ​ឲ្យ​មានការ​ដកហូត​ទ្រព្យសម្បត្តិ​​របស់​មន្ត្រីរាជការ​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង។ ព្រោះ​ទ្រ​ព្យ​សម្បត្តិ​ទាំង​ហ្នឹង ​គឺ​វា​កើតចេញ​ពី​បទល្មើស​មជ្ឈិម ​បទល្មើស​ឧ​ក្រិដ្ឋ។ អ៊ីចឹង​បើ​យើង​និយាយថាបទល្មើស​ទាក់ទង​បទ​មជ្ឈិម​ គឺ​ពាក់ព័ន្ធ​ការ​លាង​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់។ អ៊ីចឹង រដ្ឋ​ត្រូវតែ​បង្កក ដើម្បី​ឲ្យ​ទ្រព្យ​ទាំងនោះ​ក្លាយជា​របស់​រដ្ឋ​វិញ»។

លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​​ម្សិលមិញ​​បដិសេធ​ធ្វើអត្ថា​ធិប្បាយ​ ដោយ​អះអាងថា ​កំពុង​រវល់​មិន​អាច​និយាយ​បាន​ទេ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើ​ប្រធានបទ ​«វិធាន និង​លក្ខណវិនិច្ឆ័យ​នៃ​ការធ្វើ​ប្រទាន​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជូន​ប្រជាពលរដ្ឋ ​និង​មន្ត្រីរាជការ» កាលពី​ថ្ងៃទី ២ ​សីហា​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​អភិក្រម​ទី ៥ គឺ​អភិក្រម ​«វះ​កាត់​» ដោយ​ព្រមាន​ដក​ហូត​បុណ្យស័ក្តិ​ និង​បង្ក​ក​ទ្រព្យសម្បត្តិ​មន្ត្រី​រាជការ ​និង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងឡាយណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ កិប​កេង​ទ្រព្យសម្បត្តិ​រដ្ឋ ​កាប់​បំផ្លាញ​ព្រៃឈើ ​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​។

លោក​ អេង ហ៊ី ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ថ្លែង​ម្សិលមិញ​ថា ​នាយ​ឧត្តម​សេនីយ៍ ​សៅ សុខា ​បាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​នៅ​តាម​ក្រុមហ៊ុន ​និង​កន្លែង​សន្និធិ​ឈើ ​ព្រមទាំង​មធ្យោ​បាយ។ មុន​ដំបូង​ធ្វើឡើង​នៅ​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​រកឲ្យ​ឃើញថា ​តើ​ទីតាំង​ស្តុកឈើ​ទាំងនេះ​មាន​ច្បាប់​ត្រឹម​ត្រូវ ​និង​ធ្វើ​ទៅ​តាមច្បាប់​ដែរ​ឬ​ទេ។ បើសិន​រក​ឃើញថា ​មិនមាន​ច្បាប់​ត្រឹមត្រូវ ​និង​ដំណើរការ​ខុស​ច្បាប់នោះ ​នឹងត្រូវ​ប្រឈម​នឹង​វិធាន​ការ​ច្បាប់​ជាក់​ស្តែង។

លោក​បញ្ជាក់ថា​៖ «ព្រឹក​នេះ ​​(ព្រឹក​ម្សិលមិញ)​ យើង​ចុះ​មើល​កន្លែង​សន្និធិ​នៅ​ស្រុក​មេមត់​ចំនួន​ ៥ កន្លែង​ ហើយ​ពេលថ្ងៃ​ យើង​បន្តទៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​មើល​ ៩ កន្លែង​ទៀត ​និង​មើល​ច្រក​ផ្សេងៗ ​ដែល​ពួកគាត់​ធ្លាប់​នាំ​ឈើ​ចេញ​នោះ ​គឺ​យើង​នឹង​មើល​ទាំង​អស់ ​ដើម្បីឲ្យ​មន្រ្តី​នៅក្នុង​អន្តរក្រសួង​ដែល​អញ្ជើញ​មកនេះបាន​វាយតម្លៃ​ពីភាព​ខ្វះ​ចន្លោះ​ និងត្រូវ​ទប់ស្កាត់​បន្ត​ទៀត ​ដើម្បី​យើង​រក្សា​ឈើ​យើង​ហ្នឹង»។

Fresh News បាន​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក ​អៀង វ៉ាន់ឌី ​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ដ ​សហការ​ជាមួយ​នគរ​បាល រដ្ឋបាល​ព្រៃឈើ ​និង​អាជ្ញា​ធរ​មូលដ្ឋាន ​នៅ​ថ្ងៃ​ទី ៣ ​ខែ​សីហា​​ បាន​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មានច្បាប់ក្នុង​ក្រុង​ស្ទឹងត្រែង​ចំនួន ​១៧ ​កន្លែង។

ករណី​ស្រដៀង​គ្នា​នេះ ​មនុស្ស​ចំនួន​ ១១ នាក់ ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌល​គិរី ​ត្រូវបាន​ព្រះ​រាជ​អា​ជ្ញា​ខេត្ត​នេះ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​អំឡុង​ខែសីហា​នេះ៕