ព្រៃឡង់ៈ ក្រុម​សកម្មជន​ព្រៃឈើ​នៅតែ​អះអាង​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃឡង់ ជាពិសេស​គឺ​កាប់បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់ពាន់​ដើម ប៉ុន្តែ​អាជ្ញាធរ​ថា​ក្រុមហ៊ុន​នេះ​ស្របច្បាប់​។

ក្រុមការងារ​របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ខែ​សីហា​បាន​ចុះទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​នេះ ប៉ុន្តែ​មិនបាន​រកឃើញ​មាន​បទល្មើស​ដូច​ពលរដ្ឋ​ និង​សកម្មជន​ព្រៃឈើ​ចោទប្រកាន់​នោះទេ​។

យ៉ាងណា​ក្តី​លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​ថ្លែង​ពី​ម្សិលមិញ​ថា កន្លងមក​ទាំង​ក្រុម​ប្រជាពលរដ្ឋ​ និង​សកម្មជន​ព្រៃឈើ​តែង​សង្កេតឃើញ​ក្រុមហ៊ុន ស៊ីងបាយអូថេក ​កាប់បំផ្លាញ​ព្រៃឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍ និង​នៅក្នុង​តំបន់​ព្រៃឡង់​។

លោក​ថា ជាពិសេស​នៅ​ដើមឆ្នាំ​ ២០១៩ ក្រុមហ៊ុន​នេះ​តែង​ប្រើ​បុគ្គលិក​ចុះទៅ​គំរាម​ពលរដ្ឋ​ឱ្យ​លក់​ដើម​ជ័រ​ច្បោះ​ហើយ​ពលរដ្ឋ​ដែល​មិន​លក់​ក៏​ក្រុមហ៊ុន​លួច​កាប់​យក​ដែរ​រហូត​ធ្វើឱ្យ​ពលរដ្ឋ​ដាក់ពាក្យ​ប្ដឹងទៅ​អាជ្ញាធរ​។ «​មាន​ដល់​ឡាន​ ឬ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សម្រាប់​ប្រើ​ដឹកជញ្ជូន​ឈើ​ពី​ព្រៃ​សហគមន៍​ និង​ព្រៃឡង់​ចូលមក​ក្រុមហ៊ុន​បែរជា​ពួកគេ​រក​អត់​ឃើញ​សោះ​។ អ៊ីចឹង​!​ការចុះ​ត្រួតពិនិត្យ​ (​របស់​ក្រុមការងារ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​) ​ហ្នឹង​ហាក់​មាន​ការរៀបចំ​ទុកជាមុន មុន​មានការ​ចុះទៅពិនិត្យ​ហ្នឹង​អាហ្នឹង​តាម​ការយល់ឃើញ​របស់​ខ្ញុំ​»​។

កាលពី​ថ្ងៃទី​ ១៧ ខែ​សីហា ក្រុមការងារ​គណៈកម្មការ​ជាតិ បង្ក្រាប​បទល្មើស​បាន​ចុះទៅ​ពិនិត្យ​នៅ​ក្រុមហ៊ុន ស៊ីងបាយអូថេក ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ និង​ខេត្តស្ទឹងត្រែង​។

បើ​តាម​កំណត់ហេតុ​គឺ​ការងារ​ទាំងនេះ ពិនិត្យ​ឃើញ​ឈើហុប​មូល​ចំនួន ៦៧០ ​កំណាត់​នៅក្នុង​ក្រុមហ៊ុន ស៊ីងបាយអូថេក ប៉ុន្តែ​កំហុស​ឆ្គង​ចំនួន​​ ៣ ​ចំនុច​ប៉ុណ្ណោះ​គឺ​ការទទួល​ជនបរទេស​ ៥ ​នាក់​មក​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ គ្រឿងចក្រ​ទាំងអស់​មិន​ទាន់​មាន​ស្លាក​សញ្ញា​របស់​រដ្ឋបាល​ព្រៃឈើ និង​ការអនុវត្ត​សកម្មភាព​ការងារ​មិន​ត្រឹមត្រូវ ផែនការ និង​ឯកសារ​គតិយុត្ត​ក្រោយ​មាន​ការផ្លាស់ប្ដូរ​ម្ចាស់​ថ្មី​។ ក្រៅពី​នេះ​អាជ្ញាធរ​បាន​ឱ្យ​ក្រុមហ៊ុន​បំពេញ​បែបបទ​ឯកសារ​ច្បាប់​ឱ្យ​គ្រប់គ្រាន់​ចំពោះ​កំហុសឆ្គង​ទាំងនេះ ហើយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។

កញ្ញា​ ឈាង លី តំណាង​សហគមន៍​ព្រៃឡង់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ថ្លែងថា នាង​មិន​ជឿថា ក្រុមហ៊ុន ស៊ីងបាយអូថេក ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ឡើយ ព្រោះ​កញ្ញា​លើក​ឡើង​ថា តាម​ការចុះពិនិត្យ​កន្លងមក​របស់​សហគមន៍​គឺ​ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ​ដីព្រៃ​ហួស​ព្រំប្រទល់​ដី​សម្រាប់​វិនិយោគ​ចូល​ទៅ​ដែន​អភិរក្ស​ជាច្រើន​កន្លែង​។ លើសពីនេះ​ដើម​ជ័រ​ច្បោះ​ប្រហែល​ ២ ​ពាន់​ដើម​របស់​ប្រជាពលរដ្ឋ​ជាង​ ៣០ ​គ្រួសារ ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ក៏​ត្រូវបាន​ក្រុមហ៊ុន​នេះ​កាប់បំផ្លាញ​ដែរ​។

កញ្ញា​ថា​៖ «​សុំឱ្យ​ពួកគាត់​ (​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​) ​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ហ្នឹង​ម្ដង​ទៀត​ហើយ​មើល​ (​ទំហំ​ដី​) ​ក្រុមហ៊ុន​កាប់​ហ្នឹង​ថា​បាន​ហួស​ព្រំប្រទល់ ឬ​មិន​ហួស​»​។

លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​ជំរុញ​ឱ្យទៅ​សួរ​ខាង​តុលាការ​វិញ ខណៈ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​លោក​ ជា សុភ័ក្រ មិនអាច​ទាក់ទង​បាន​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នក​ទទួល​ខណៈ​លោក ធុច បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារង​បាន​ប្រាប់ថា លោក​កំពុង​ជាប់រវល់​នៅក្នុង​សវនាការ​។

ជាមួយ​គ្នា​នេះ​លោក នួន ពៅរតនា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ក៏​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានដែរ​ខណៈ​លោក​ សាន ប៊ុនថាន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ប្រាប់​យ៉ាងខ្លី​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក គឺជា​ក្រុមហ៊ុន​ស្របច្បាប់​។

ជាមួយ​គ្នា​នេះ​បើតាម​កំណត់ហេតុ​ដដែល​គឺ​លោក ជា ពៅ តំណាង​ក្រុមហ៊ុន​ស៊ីងបាយអូថេក​បញ្ជាក់​ថា ថ្វី​ដ្បិត​ក្រុមហ៊ុន​មាន​សិទ្ធិ​គ្រប់គ្រង​ដី​សរុប​ ៣៤-០០៧ ​តាម​ឯកសារ​ច្បាប់​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​គ្រប់គ្រង​តែ ២៥០០០​ ​ហិកតា​ប៉ុណ្ណោះ​ដោយ​ត្រូវ​កាត់​ដី​ប៉ះពាល់​ជាមួយ​សហគមន៍​វិញ​។ កន្លងមក​នេះ​ក្រុមហ៊ុន​បាន​ទទួលស្គាល់​ថា បាន​ទិញ​ដើម​ជ័រ​ច្បោះ​ពី​ពលរដ្ឋ​ពិតមែន​ ប៉ុន្តែ​មិន​គំរាម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​លក់​ឡើយ​៕