ភ្នំពេញៈ សាលា​​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​ បាន​ប្រកាស​សាល​ក្រម​ដោយ​ផ្តន្ទា​ទោស​លើ​ក្រុម​គ្រួសារ​សកម្ម​ជ​ន​​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន ៤ នា​ក់ ​ក្នុង​ម្នាក់ៗឲ្យជាប់​ពន្ធ​នាគារ​ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល ទាក់ទង​នឹង​បទ​ចោ​ទ​​​ហិង្សា​ដោយ​ចេតនា ជា​បទ​ចោទដែល​សកម្មជន​ដីធ្លី​ទាំង​នោះ ចាត់ទុក​តាំង​ពី​ដើម​ទី​មក​ថា គឺជា​រឿង​អយុត្តិធម៌ និង​មាន​ចេតនា​គាប​សង្កត់។

លោក រស់ សា​ម៉ី​ឌី ចៅ​ក្រម​ជម្រះ​បាន​ប្រកាស​ផ្តន្ទា​ទោស​អ្នក​ស្រី ង៉ែត ​ឃុន ​ហៅ​យាយ​ម៉ាំ​មី អ្នកស្រី អេង ហួយ អ្នកស្រី អេង ស្រី​ហ៊ាង និង អ្នកស្រី អេង សុខា ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ​១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀន។ សាលក្រម​នេះ នឹ​ងត្រូវ​បិទ​ប្រកាស​ជា​សាធា​​រណៈ ក្នុង​រយៈពេល ១ សប្តាហ៍ ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្តឹង​ទាស់​ មុនសាលក្រមចូលជាធរមាន​ ហើយ​បើ​មិន​មានការ​ប្តឹង​ទាស់​ទេ​ ជន​ជាប់​ចោទ​ទាំង​ ៤​ នាក់​នឹង​ត្រូវ​ចាប់​ឃុំ​នៅ​ពន្ធ​នាគា​រ​ ​តា​ម​អំណាច​របស់​សាល​ក្រម។

អ្នកស្រី អេង សុខា កូន​ស្រីយា​យ​ ង៉ែត ​ឃុន​ ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្រោយ​ប្រកាស​សាល​ក្រម​ថា តុលាការ​បាន​ចោទ​ប្រកាន់​មក​លើ​ពួក​ខ្លួនទាំង​អយុត្តិ​ធម៌ ហើយ​កាល​ពី​ក្នុង​សវនាការ​កន្ល​ង​ទៅតុលា​ការបាន​បំ​ផ្លើ​ស​ពាក្យ​ពេចន៍​នានា ដែល​មាន​ចេតនា ដាក់​បន្ទុក​​លើ​គ្រួសារ​ខ្លួន​ខណៈ​ដែល​តាំងពី​ចា​ប់​ផ្តើម​នីតិវិធី រហូ​ត​ដល់​ប្រកាស​សាល​ក្រម​នេះ គឺ​គ្មាន​ការ​ចូល​រួម​ពី​ដើម​បណ្តឹង​ទេ​ដោ​​យ​តុលាការ មាន​តែ​ការ​ដាក់​បន្ទុក​។ «​តុលា​ការ​ហ្នឹង​ អត់​មាន​ភាព​ឯករាជ្យ​ទេ គាត់​អត់​មាន​ផ្តល់​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំជា​ជនរង​គ្រោះ​ទេ ព្រោះ​ឲ្យ​តែ​ពួកយើង​ជា​ជនរង​​គ្រោះ​សកម្ម​ជន​ដីធ្លី គឺ​គាត់​កា​ត់ទោស​លើ​ពួក​ខ្ញុំ​រហូត។ ដូចជា​ក្នុង​ហេតុ​ការ​ណ៍ហ្នឹង​អ៊ីចឹ​ង បងស្រី​ខ្ញុំ​ទាំង ២ គ្មាន​នៅក្នុង​ហេតុ​ការណ៍​ហ្នឹង​ទេហើយ​ក្នុង​សវនា​ការ​សួរ​ដេញ​ដោល​ បងស្រី​ខ្ញុំ ក៏បាន​បញ្ជាក់​ច្បាស់​ដែរ តែ​តុលាការ​នៅ​តែ​ដាក់​ទោស​គាត់»។

បើ​តាម​អ្នក​ស្រី ​សុខា ពួក​ខ្លួននឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ប្តឹង​ទា​ស់​នឹង​សេចក្តី​សម្រេ​​ចនេះ​ ហើយ​ក៏សូម​ស្នើឲ្យ​​ក្រុម​មេធាវី​លោ​ក​នាយក​រដ្ឋមន្ត្រី​ ជួយ​ការពារ​ក្តី​ពួកខ្លួន​ផង​ដោយ​លើ​ក​ឡើង​ថា ពួក​ខ្លួន​ដែល​សុទ្ធ​តែ​ជា​ស្ត្រី​ក្រីក្រ​ទន់​ខ្សោយ​ ពុំមាន​លទ្ធភាព​ក្នុងការ​ស្វែងរក​មេធាវី​នោះ​ទេ។

អ្នកស្រី​បន្តថា៖ «បើ​ពួកយើង​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះព្រឹក​ហ្នឹង មាន​លុយ​ណា ជួល​មេធាវី មានតែ​បន្ត​ស្វែងរក​អន្តរាគម​ន៍​ពី​មេធាវី​របស់លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ជួយ ហើយ​បើ​នៅ​តែ​មិន​បាន​ក៏​ពួក​ខ្ញុំ ដាក់​ពាក្យ​បណ្តឹង​ទៅ​ដែរ»។

កាលពី​ខែមិថុនាឆ្នាំ ២០​១​៧ អ្នក​ស្រី សាត ផា ដែល​​ជា​ដើម​បណ្តឹង​នៃ​រឿងក្តី​ហិង្សា​នេះបា​ន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សង្កា​​​ត់​ស្រះចក​ដើម្បី​ស្វែងរក​យុត្តិធម៌ ពី​ការបាត់បង់​ទ្រព្យ​សម្បត្តិ​ដែ​ល​ខ្លួន​មានក្នុង​ជម្លោះ​ហិង្សា​មួយ នៅ​ចំណុច​មុខ​វិហារ​អ៊ិស្លាម។

តែ​ក្រោយពី​ការដាក់​ពាក្យ​ប្តឹង​នេះ តុលាការបាន​កោះហៅ​ក្រុមគ្រួសារ​លោកយាយ​ម៉ាំ​មី ចូល​សវនាការ​ជា​បន្ត​បន្ទាប់ តែ​​អ្នក​ស្រី សាត ផា អះអាង​ថា ខ្លួន​មិន​ធ្លាប់​ត្រូវបាន​តុលាការ​កោះហៅ​ក្នុង​នាម​ជាដើម​បណ្តឹង​​ម្តង​ណា​ឡើយ។

លោក​ ស៊ិង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក និយាយ​ថា បើទោះ​ជា​ករណី​នេះស្ថិត​ក្នុង​វិវាទ​រវាង​គូភាគី ដែល​សមាគម មិន​បាន​តាម​ដាន​ក្តី​ប៉ុន្តែ​លោក​​យល់ថា​ តុលាការ​សម្រេច​សេចក្តី​ក្នុង​វិវាទ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ជាទូទៅ​ដើម្បី​ភាព​ត្រឹមត្រូវ​​​តាម​ផ្លូវ​ច្បាប់ គឺ​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ដើម​បណ្តឹង​ដែ​ល​បាន​ប្តឹង ​ត្រូតែ​ចូលខ្លួន​​ទៅ​​បំភ្លឺ តែ​ក្នុង​សំណុំ​រឿង​នេះ​ វា​ហាក់​ចម្លែក ដែល​ដើម​បណ្តឹង មិន​ដែល​ទទួល​ការកោះ​ហៅ​ពី​តុលាការ។ «តើ​សវនា​ការ ធ្វើ​ឡើង​របៀប​ម៉េច បើ​មិន​ដែល​កោះហៅ​ដើម​បណ្តឹង​ឲ្យ​ចូល​ខ្លួនឆ្លើយ​តប​ក្នុង​រឿង​ហ្នឹង! អ៊ីចឹ​ង​តុលាការ ធ្វើការ​លើ​រឿង​ហ្នឹង​ មិន​បាន​យក​ចិត្តទុក​ដាក់ ទៅ​លើ​សំនុំ​រឿង​ហ្នឹង​ឲ្យ​បាន​ត្រឹម​ត្រូវ ​តាម​នីតិវិធី​ច្បាប់​ទេ»។

លោក​ថា ស្ត្រី​ទាំង​នេះ​គឺ​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​ដីធ្លី និង​ចូលរួម​សកម្ម​ពី​បញ្ហា​ទាម​​ទារ​យុត្តិធម៌​សង្គមដូច្នេះ​បើ​ការផ្តន្ទា​​ទោស​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​មិន​មាន​ភាព​ត្រឹម​ត្រូវ​ នោះ​ច្បាស់​ណាស់​មតិ​មួយ​ចំនួន​នឹង​រិះគន់​​ថា នេះ​គឺ​ជា​ការ​គាប​សង្កត់​មក​លើ​ពួកគាត់៕