ក្រចេះ: សកម្មជន​ការពារ​ព្រៃឈើ​បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​រយៈពេល​ ១០ ​ថ្ងៃ​ នៅក្នុង​តំបន់​ព្រៃឡង់​ហើយ​អះអាង​ថា បាន​ប្រទះឃើញ​ក្រុមកម្មករ​ជាង​ ២០០ ​នាក់​ កំពុង​បោះជំរំ​កាប់បំផ្លាញ​ព្រៃឈើ​ចំនួន ៥ ទីតាំង​ផ្សេងគ្នា​ដោយ​ទើប​កាប់​ផ្តួលរំលំ​ដើមឈើ​ប្រមាណ ២០០០ ​ដើម ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ចំពោះ​ការអះអាង​នេះ​។

លោក​ ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រុមយុវជន​របស់​លោក​ចំនួន ៤ ​នាក់​បាន​នាំគ្នា​ចុះ​ស្រាវជ្រាវ​អំពី​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​ ២៧ ខែមេសា ហើយ​បាន​ប្រទះឃើញ​អ្នក​កាប់​ឈើ​ចំនួន ៥ ​ក្រុម​ដែល​ ១ ​ក្រុម​មាន​គ្នា​ចាប់ពី ៥០ ​ទៅ​ ៦០ ​នាក់​ បាន​បោះជំរំ​ធ្វើ​សកម្មភាព​កាប់​ផ្ដួលរំលំ​ដើមឈើ រួចហើយ​ដឹក​តាម​គោយន្ត​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODIA) ​ក្រុមហ៊ុន​អង្គរប្លាយវូដ (Angkor Plywood)​។

លោក​បន្តថា ការបោះ​ជំរំ​ដើម្បី​កាប់ឈើ​ទាំង ៥ ​ទីតាំង​នេះ​គឺ​ស្ថិតនៅ​ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ដើមឈើ​ត្រូវបាន​កាប់​ផ្ដួលរំលំ​រួចហើយ មិន​ក្រោម​ពី​ចំនួន​ ២ ​ពាន់​ដើមឡើយ និង​មាន​មុខកាត់​ចាប់ពី​កន្លះ​ម៉ែត្រ​ទៅ​ដល់​ ៣ ​ម៉ែត្រ ដោយ​ប្រើ​គោយន្ត​ជិត ២០០ ​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​។

លោក​ថា​៖ «​យើង​មាន​ភ័ស្ដុតាង​រួមទាំង​រូបភាព​ហើយ​ដឹងថា មាន​មេការ​ក្រុមហ៊ុន​កំពុង​សម្រុក​ទៅ​យក​ដើមឈើ​ ១ ​ដើម​ដែល​មាន​មុខកាត់​ ៣ ​ម៉ែត្រ​ក្នុង​នោះ​រួមទាំង​ដើម​ជ័រ​ច្បោះ​ដែល​សហគមន៍​អាស្រ័យ​ផល​ក៏​ត្រូវ​គេ​កាប់​ផ្ដួលរំលំ​អស់ហើយ​»​។ «​យើង​ទៅដល់​គឺ​យើង​បាន​ជួប​កម្មករ​ដែល​កំពុង​តែ​កាប់​ឈើ​ហ្នឹង​តែម្ដង​ហើយ​យើង​សម្ភាស យើង​សួរនាំ​គាត់​។ ពួកគាត់​បាន​ប្រាប់​យើង​ត្រង់ៗ​»​។

បើតាម​លោក​ស្រស់​សកម្មភាព​កាប់​ឈើ​ដ៏កក្រើក​នេះ​កើតឡើង​ស្រប​ពេល​ដែល​មាន​មន្ត្រី​ចម្រុះ​រួមទាំង​មន្ត្រី​បរិស្ថាន​ផង​បាន​ព្យាយាម​បិទផ្លូវ​ចេញចូល​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី​ ២០ ខែ​មេសា ដើម្បី​រារាំង​មិន​ឱ្យ​ក្រុម​សកម្មជន និង​ពលរដ្ឋ​ចូលទៅ​កាន់​តំបន់​ព្រៃឡង់​ដែល​មើលទៅ​ហាក់​ដូចជា​ការបិទផ្លូវ ដើម្បី​បើកដៃ​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

លោក​ថា ក្រុមយុវជន​របស់​លោក​ទាំង​ ៤ ​នាក់​បាន​លួច​ចូល​ទៅ​ស្រាវជ្រាវ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​មិន​បានឱ្យ​អាជ្ញាធរ​ដឹង​ឡើយ​។ «​ខ្ញុំ​គិតថា ក្រសួងបរិស្ថាន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរ​សិក្សា​ជាថ្មី​មិនគួរ​បិទផ្លូវ​មិន​ឲ្យ​សកម្មជន​ចូល តែ​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​កាប់បំផ្លាញ​ព្រៃឈើ​សម្បត្តិ​ជាតិ​ខ្លួន​អ៊ីចឹង​ទេ​...»​។

លោក​ ស្រស់ បាន​ចោទ​ក្រុមអាជ្ញាធរ​ថា ក្នុង​នាម​ជា​អ្នកអនុវត្ត​ច្បាប់ ប៉ុន្តែ​បាន​ប្រើប្រាស់​ច្បាប់​ដើម្បី​ការពារ​អ្នក​បំផ្លាញ​ព្រៃឈើ​ហើយ​បែរជា​មិនបាន​ប្រើ​ច្បាប់ ដើម្បី​ការពារ​អ្នក​ស្រឡាញ់​ និង​ការពារ​សម្បត្តិ​ធម្មជាតិ​ទៅវិញ​។

ប៉ុន្តែ​លោក ដួង ឆាយសាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បដិសេធថា មិនមាន​ការបិទ​ច្រក​ចេញចូល​ទៅក្នុង​តំបន់​ព្រៃឡង់​ឡើយ ហើយ​លោក​ថា ការលើកឡើង​របស់​លោក​ ស្រស់ ថា​មាន​មនុស្ស​ ៥ ​ក្រុម​កំពុង​បោះជំរំ​កាប់​ឈើ គឺជា​ការនិយាយ​មិន​ពិត​។ លោក​ថា​៖ «​អ្វីដែល​គាត់​លើកឡើង​នេះ​គឺជា​ការបំភ្លៃ ព្រោះ​ខ្ញុំ​បាន​ចុះ​ទៅដល់​គោលដៅ​នេះ​អស់ហើយ និយាយ​ឱ្យ​ចំ យក​រូប​ចាស់ៗ​មក​ផ្សាយ​»​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួងបរិស្ថាន​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អង្គការ និង​សមាគម​មួយចំនួន​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដោយ​លើក​ហេតុផល​ថា អង្គការ​សមាគម​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ចាត់ទុក​ថា ជា​ក្រុម​មិន​ស្របច្បាប់ ដោយសារ​មិនទាន់​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ឬ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន​នៅឡើយ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែងថា លោក​មិន​ឆ្លើយតប​ចំពោះ​ការលើកឡើង​ដែល​គ្មាន​របាយការណ៍​ជាក់លាក់​នោះទេ​។ «​តើ​ឱ្យ​ខ្ញុំ​វាយតម្លៃ និង​ជឿជាក់​ទៅលើ​របាយការណ៍​នោះ​ថា មាន​ភាព​ពិត​កម្រិតណា​? ដូច្នេះ​ខ្ញុំ​មិន​ផ្តល់​អត្ថាធិប្បាយ​ណាមួយ​លើ​របាយការណ៍​លើ​បបូរមាត់​ទេ​។ ម្យ៉ាងទៀត​ក្រសួងបរិស្ថាន​សូម​ជំរុញ​ឱ្យ​ក្រុម​បុគ្គល​ដែល​តាំងខ្លួន​ជា​សកម្មជន​បរិស្ថាន​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ត្រូវ​សិក្សា​យល់​ដឹង​ពី​របៀប​ធ្វើការ និង​គោរព​តាមច្បាប់​ជា​ធរមាន​»៕