ពោធិ៍សាត់ៈ បទល្មើសព្រៃឈើ និងការកាប់រានដីព្រៃនៅតែកើតមានច្រើនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែបញ្ហានេះមន្ត្រីបរិស្ថានមិនសូវយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប។ នេះបើតាមសកម្មជនព្រៃឈើ លោក ជា ហ៊ាន។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ថ្លែងពីម្សិលមិញថា លោកកំពុងចុះទៅអង្កេតបទល្មើសធនធានធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជាលទ្ធផល បទល្មើស នៅតែកើតឡើង ជាក់ស្តែងមានគោយន្តដឹកឈើមានរថយន្ត និងម៉ាស៊ីនរ៉ៃមួយចំនួនដាក់ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប៉ុន្តែមន្ត្រីបរិស្ថានមិនចុះបង្ក្រាប។
សកម្មជនព្រៃឈើរូបនេះថ្លែងថា៖ «បើតាមការសង្កេតខ្ញុំឃើញថាតំបន់អភិរក្សជួរភ្នំក្រវាញក៏ដូចជាតំបន់ដែនជម្រកពេលចូលដល់ក្នុងព្រៃទើបដឹងថាម៉ាស៊ីនអារឈើបញ្ចេញសំឡេងពេញព្រៃ។ តែមន្ត្រីអភិរក្សដែលប្រចាំការនៅគោលដៅដូចជាមិនមានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសទេ នៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយថាអត់មានបទល្មើសព្រៃឈើ»។
លោកបន្តថា ជនល្មើសបានលាក់ទុកឈើរាយប៉ាយនៅកន្លែងជាច្រើន ជាមួយគ្នានោះក៏មានការរកឃើញការកាប់រានព្រៃផងដែរ។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា មានឈើចំនួនប៉ុន្មានត្រូវបានគេកាប់ និងព្រៃឈើប៉ុន្មានដែលត្រូវគេរាននោះទេ។
លោកថា៖ «ពួកគេដាក់ពង្រាយឈើ ១ កន្លែង ១០ ទៅ ២០ ឬ ៣០ សន្លឹក។ អ៊ីចឹងយើងមិនទាន់បូកសរុបដឹងថា មានចំនួនប៉ុន្មានម៉ែត្រគុបនៅឡើយទេព្រោះកំពុងបន្តរុករកទៀត។ ចំពោះការរានព្រៃ បើតាមការប៉ាន់ប្រមាណ គឺមានច្រើន ប៉ុន្តែយើងក៏មិនទាន់បានសរុបដែរ រង់ចាំដល់ដំឡើងផែនទីហើយសិន ទើបខ្ញុំបញ្ចេញរបាយការណ៍ទាំងអស់គឺនៅពេលដែលចប់បេសកកម្មនៃការអង្កេតនេះ»។
លោក ជា ហ៊ាន បន្តថានៅពេលឱ្យមន្ត្រីឧទ្យានុរក្សចុះទៅជាមួយមិនអាចរកឃើញបទល្មើសទេ ដោយសារតែបែកព័ត៌មាន។ ហេតុនេះ ការចូលទៅដោយមិនឱ្យមន្ត្រីបរិស្ថានដឹងទើបអាចប្រមូលភ័ស្តុតាងបាន។ ទោះយ៉ាងណាលោកបញ្ជាក់ថា នៅតែបន្តមានកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស ក្រោយប្រមូលភ័ស្តុតាងបទល្មើសគ្រប់គ្រាន់នឹងអញ្ជើញមន្ត្រីជំនាញទៅពិនិត្យជាក់ស្តែង។
លោក ជា ហ៊ាន សំណូមពរឱ្យក្រសួងបរិស្ថានបើកទូលាយចំពោះអង្គការ ក៏ដូចជា សហគមន៍ ព្រះសង្ឃ និងពលរដ្ឋ ដើម្បីពួកគេអាចចូលរួមក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លោកថ្លែងថា៖ «កុំយកមាត្រាច្បាប់មួយចំនួនដែលចែងថា តំបន់ ការពារពុំមានបុគ្គលណាម្នាក់អាចរំលោភបំពាន។ អាហ្នឹងខ្ញុំយល់ហើយ ថាការបំពានជាទង្វើខុសច្បាប់។ ប៉ុន្តែគួរចែងឱ្យបានច្បាស់ថា មិនមែនអាងតែមាត្រាច្បាប់ហើយទៅចាប់ចងអ្នកសកម្មជនការពារព្រៃឈើនោះទេ»។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បដិសេធអធិប្បាយដោយថាជាប់រវល់ប្រជុំ។
លោក នេត្រ ភក្ត្រា ជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា៖ «អ្វីដែលសំខាន់យើងគិតគូរ ទី១ គឺសុវត្ថិភាពរបស់ពួកគាត់ ដោយសារជនល្មើសក៏មានអាវុធដែលអាចនឹងប្រឈមទៅដល់ពួកគាត់ អ៊ីចឹងហើយបានជាចាំបាច់ឱ្យសហការជាមួយមន្ត្រីឧទ្យានុរក្ស។ ទី២ គឺ ពួកគាត់មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ ការចូលទៅបង្ក្រាបក្នុងដែនសមត្ថកិច្ចរបស់មន្ត្រីឧទ្យានុរក្សជាការអនុវត្តខុសច្បាប់»៕