
គោយន្តដឹកឈើចេញពីព្រៃឡង់នៅក្នុងខែមីនានេះ។ រូបថត សហគមន៍
ព្រៃឡង់ៈ សកម្មជនព្រៃឈើអះអាងថា ពួកគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងខ្លាំងជាងមុនចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៣ បានប្រើកម្មករចូលកាប់ឈើ និងដឹកជញ្ជូនឈើបានយ៉ាងរលូន ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចឡើយ ប៉ុន្តែមន្ត្រីក្រសួងបរិស្ថានបានបដិសេធការលើកឡើងនេះ។
លោក ហេង ស្រស់ សកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) និងក្រុមហ៊ុន ធីង៉ា កំពុងប្រើក្រុមកម្មករចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដោយកាប់ផ្ដួលរំលំដើមឈើ ហើយដឹកឈើទាំងនោះទៅចូលរោងចក្រដែលស្ថិតនៅក្បែរតំបន់ព្រៃឡង់រួចហើយដឹកជញ្ជូនឈើដែលអារច្រៀករួចចូលទៅក្នុងក្រុមហ៊ុនធំ។
លោកអះអាងថា៖ «ពួកអ្នកដឹកជញ្ជូនឈើចេញពីព្រៃឡង់អត់មានខ្លាចរោគឆ្លងអីទេ ហើយខ្ញុំសង្កេតឃើញមិនក្រោមពី ១០ ទៅ ២០ ឡានទេក្នុង ១ ថ្ងៃ ដែលដឹកឈើចូលទៅក្នុងក្រុមហ៊ុនអង្គរប្លាយវូដ ហើយយើងដឹងហើយថាក្រុមហ៊ុននេះគឺទទួលបានសិទ្ធិក្នុងការនាំឈើចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស។ ក្នុងមួយឡានគឺដឹកឈើចាប់ពី ៥០ ទៅ ៧០ ម៉ែត្រគុប»។
លោកបន្តថា៖ «តាមខ្ញុំដឹង មន្ត្រីទាំងអស់ហ្នឹង (មន្ត្រីក្រសួងបរិស្ថាន) ហាក់បីដូចជាត្រូវថ្នាំគេ ពីព្រោះមន្ត្រីទាំងហ្នឹងបានឃាត់ និងរារាំងសកម្មជន និងប្រជាពលរដ្ឋមិនឱ្យចូលទៅក្នុងតំបន់ព្រៃឡង់នេះទេ ដោយសារខ្លាចឃើញក្រុមហ៊ុនកំពុងធ្វើការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់។ មន្ត្រីទាំងអស់ហ្នឹងមិនបានការពារហើយក៏មិនបានអើពើដើម្បីយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើទេ ប៉ុន្តែបានកាងការពារឱ្យក្រុមហ៊ុនចូលទៅកាប់ឈើក្នុងតំបន់ព្រៃឡង់យ៉ាងរលូនទៅវិញ»។
លោកបន្តថា ព័ត៌មាននៃការកាប់បំផ្លាញព្រៃឈើទាំងនេះគឺលោកទទួលបានតាមរយៈក្រុមបណ្ដាញនៅក្នុងតំបន់ព្រៃឡង់ទាំង ៤ ខេត្តតាមរយៈក្រុមកម្មកររបស់ក្រុមហ៊ុនដែលស្គាល់គ្នា និងការចុះទៅអង្កេតផ្ទាល់អំពីសកម្មភាពដឹកជញ្ជូនឈើចូលទៅក្នុងក្រុមហ៊ុនជាដើម។
លោកបញ្ជាក់ថា ទីតាំងដែលកំពុងរងការកាប់បំផ្លាញខ្លាំងជាងគេគឺនៅក្នុងតំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះចំណុចអូរឡង់នៅក្នុងខេត្តស្ទឹងត្រែង និងស្ថិតក្នុងខេត្តព្រះវិហារ។
លោកបន្តថា៖ «ខ្ញុំចុះទៅអង្គុយរាប់ឡានដឹកឈើចូលទៅក្នុងក្រុមហ៊ុនគឺអង្គុយសំកុកចាំរាប់តាំងពីព្រឹករហូតដល់ម៉ោង ១ ទៅ ២ យប់ ហើយបើខ្ញុំទទួលបានព័ត៌មានពីកម្មករនៅខាងក្នុងក្រុមហ៊ុនគឺមានការដឹកជញ្ជូនឈើចូលក្រុមហ៊ុនប្រហែល ២០ ឡាន (ក្នុង ១ ថ្ងៃ)»។
លោក ហេង ស្រស់ បញ្ជាក់ថាកាលពីដើមខែមីនានេះគេបានប្រទះឃើញដើមឈើធំៗជាច្រើនក្នុងតំបន់ព្រៃឡង់ត្រូវបានគេកាប់ផ្ដួលរំលំដែលមានមុខកាត់រហូតជាង ២ ម៉ែត្រ។
ចំណែកលោក ឃុត សឿម សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ក្នុងខេត្តព្រះវិហារក៏អះអាងដែរថា តំបន់ដែលកំពុងមានការកាប់ឈើខ្លាំងជាងគេ គឺស្ថិតនៅក្នុងឃុំរៀបរយដែលស្ថិតនៅក្បែរតំបន់វិនិយោគដោយក្រុមហ៊ុនធីង៉ា។ លោកបន្តថា ការកើនឡើងនេះគឺស្របពេលមានភាពវឹកវរដែលពលរដ្ឋមិនសូវហ៊ានចេញពីផ្ទះ ដោយសារផ្ទុះឡើងជំងឺកូវីដ ១៩។
លោកថា៖ «ក្រសួងបរិស្ថានអត់ឱ្យពួកខ្ញុំចុះល្បាតទេហើយពួកខ្ញុំក៏មិនបានចុះល្បាតដែរប៉ុន្តែមានអ្នកទៅព្រៃ គេប្រាប់ពួកខ្ញុំថា មានការកាប់ឈើច្រើន»។
សហគមន៍ព្រៃឡង់ត្រូវក្រសួងបរិស្ថានឈប់អនុញ្ញាតឱ្យចូលដើរល្បាតនៅក្នុងព្រៃបន្ទាប់ពីសហគមន៍នេះកាលពីថ្ងៃទី ៣ ខែកុម្ភៈ បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ ព្រៃឈើជាង ៤ ម៉ឺនហិកតា ឬស្មើជិត ១០ ភាគរយ នៃតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានទំហំសរុបជាង ៤ សែនហិកតាត្រូវបាត់បង់។
ប៉ុន្តែលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមតេឡេក្រាមកាលពីថ្ងៃអាទិត្យថា លោកមិនឆ្លើយតបជាមួយការលើកឡើងដោយសកម្មជនព្រៃឈើនេះទេ ដោយលោកហៅពួកគេថា ក្រុមសកម្មជននយោបាយដែលជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ហើយព្យាយាមដាក់ខ្លួននៅក្រៅច្បាប់ទេ។
ទោះយ៉ាងណាលោកថា មន្ត្រីឧទ្យានុរក្សដែលបានឈរជើងនៅតាមតំបន់ការពារធម្មជាតិនានាកំពុងបន្តអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សហការជាមួយសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិការលួចកាប់ឈើខុសច្បាប់ក៏ដូចជាសកម្មភាពបរបាញ់ និងដាក់អន្ទាក់ចាប់សត្វខុសច្បាប់។ លោកថា គ្មានជនល្មើសណាម្នាក់អាចគេចពីសំណាញ់ច្បាប់បានឡើយ។
លោកថា៖ «ជាក់ស្តែងកាលពីឆ្នាំ ២០១៩កន្លងទៅមន្ត្រីឧទ្យានុរក្សទាំង ១ ២០០ នាក់ ដែលឈរជើងនៅក្នុងតំបន់ការពារធម្មជាតិបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤ ៧៤៦ ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៤៨៧ ករណី រឹបអូសរណារយន្តបាន ២ ៥៣១ គ្រឿង។ បច្ចុប្បន្នមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបាននិងកំពុងបន្តសកម្មភាពចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់របស់ខ្លួន»។
យ៉ាងណាក្តីលោក ភក្ត្រា បញ្ជាក់ថាក្រសួងទទួលស្គាល់ថាមានបទល្មើសធនធានធម្មជាតិខ្នាតតូចនៅកើតមាននៅតាមតំបន់ការពារធម្មជាតិនានា ប៉ុន្តែមិនមានបទល្មើសខ្នាតធំឡើយ ដោយបទល្មើសទាំងនោះបង្កឡើងភាគច្រើនដោយប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិដែលមានមុខរបរចូលកាប់ឈើ និងបរបាញ់សត្វជាប្រពៃណីតែប៉ុណ្ណោះ។
ក្រុមហ៊ុន ស៊ីងបាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕
វីដេអូ៖