
ការឈូសឆាយទន្ទ្រានដីព្រៃនៅតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ រូបថត សហគមន៍
មណ្ឌលគីរីៈ សកម្មជនការពារព្រៃឈើនៅខេត្តមណ្ឌលគិរីបានអះអាងថា ខាងសហគមន៍បានប្រទះឃើញសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរហើយមន្ត្រីបរិស្ថាននិយាយថា ពួកគេនឹងចុះទៅពិនិត្យទីតាំងនោះ។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ និងជាជនជាតិដើមភាគតិចព្នងបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១០ ឧសភា ថា កាលពីថ្ងៃទី ៩ ខែឧសភា ក្រុមសហគមន៍ប្រហែល ២០ នាក់ បានប្រទះឃើញសកម្មភាពឈូសឆាយដីព្រៃអស់ជាង ១០០ ហិកតា ស្ថិតក្នុងចំណុចទួលស្វាយ ភូមិពូរលេះ ឃុំដាក់ដាំ ស្រុកអូររាំងដែលគេដឹងថា ជាតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលសម្បូរទៅដោយឈើធំៗ និងសត្វព្រៃរស់នៅ។
លោកថា៖ «កន្លែងដែលមានការឈូសឆាយហ្នឹងគឺមានដើមឈើច្រើនមែនទែនហើយធំៗទៀតដែលខ្លះអាចចាប់ឱបពី ៣ នាក់ ទៅដល់ ៤ នាក់ និងជាតំបន់មានដុះរុក្ខជាតិដ៏កម្របំផុតក្នុងពិភពលោកគឺសន្លឹកព្យាប់។ គេឈូសឆាយរហូតមកដល់ថ្ងៃហ្នឹង គឺអស់រយៈពេលប្រហែល ១ សប្ដាហ៍មកហើយ។ ដោយសារពលរដ្ឋមិនមានជំនាញក្នុងការចុច GPS។ អ៊ីចឹងយើងអត់ដឹងថា តើដីហ្នឹងស្ថិតក្នុងប្លង់របស់ឯកជន ឬក្រៅប្លង់ឯកជនទេប៉ុន្តែគ្រាន់តែដឹងថា ជាតំបន់សម្បូរសត្វព្រៃ និងព្រៃឈើ យើងដឹងតែប៉ុណ្ណឹងទេ»។
សកម្មជនរូបនេះបន្តថា តាមការសាកសួរមេការមើលការខុសត្រូវនៅកន្លែងឈូសឆាយបានប្រាប់ក្រុមពលរដ្ឋថា ពួកគេបានឈូសឆាយដីព្រៃទាំងនោះដើម្បីឱ្យក្រុមហ៊ុនមេកាហ្វើស។ លោកបន្តថា ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៩ ០០០ ហិកតា កាលពីឆ្នាំ ២០១៤ ប៉ុន្តែចុងក្រោយបានអះអាងថា នៅសល់តែចំនួន ៦ ០០០ ហិកតាប៉ុណ្ណោះ។
លោក តុលា បញ្ជាក់ថា ការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុននេះគឺផ្ទុយទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១២ ដែលបានបញ្ជាឱ្យឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ចតទៅទៀត។
លោក តុលា បានបន្ថែមថា ករណីឈូសឆាយដីព្រៃនេះគឺលោកមិនហ៊ានរាយការណ៍ទៅលោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរនោះទេ ដោយសារការរាយការណ៍កន្លងទៅ លោកទទួលបានការព្រមានប្ដឹងទៅតុលាការត្រឡប់មកវិញ។
ប៉ុន្តែយ៉ាងណាលោក តុលា បញ្ជាក់ថាលោកបានរាយការណ៍អំពីករណីនេះតាមហ្វេសប៊ុកទៅ Messager លោក ហ៊ុន សែន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានរួចហើយ ដើម្បីស្នើសុំឱ្យមានកិច្ចអន្តរាគមន៍បញ្ឈប់សកម្មភាពបំផ្លាញដីព្រៃនេះ។
លោកថា៖ «ម្សិលមិញបណ្ដាញរបស់ខ្ញុំ គាត់ទៅសួរខាងមេការឈូសឆាយហ្នឹង ថាតើអ្នកឯងឈូសឆាយបានលិខិតស្នាមអត់ ហើយមានការអនុញ្ញាតពីខាងណាអត់ ហើយគាត់បានប្រាប់ទាំងអស់។ អ្វីដែលប្រជាពលរដ្ឋបានឃើញការឈូសឆាយហ្នឹងគឺមានគ្រឿងចក្រចំនួន ៣ គ្រឿង ហើយមានប៉ូលិស ប៉េអឹម និងទាហានជាអ្នកយាមផ្លូវ»។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនមេហ្កាហ្វើសឈ្មោះថែបបានទេ ដោយសារលេខទូរស័ព្ទមិនអាចទាក់ទងបាន។ ប៉ុន្តែលោក ចាស់ ណា មេឃុំដាក់ដាំបានបញ្ជាក់ថា លោកមិនបានដឹងអំពីការឈូសឆាយដីព្រៃនេះទេ។ យ៉ាងណាក្តីលោកថា អាចជាការឈូសឆាយដើម្បីធ្វើផ្លូវប៉ុណ្ណោះ និងថាដែនជម្រកសត្វព្រៃភ្នំណាមលៀរមិនស្ថិតក្នុងឃុំដាក់ដាំឡើយ។
ចំណែកលោក សៀក មុន្នី អភិបាលស្រុកអូររាំងបញ្ជាក់ថា ខេត្តមិនមានគម្រោងធ្វើផ្លូវនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរឡើយ ប៉ុន្តែការឈូសឆាយធ្វើផ្លូវនោះអាចស្ថិតក្នុងទីតាំងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
ជាមួយគ្នានេះលោក សៀក មុន្នី បញ្ជាក់ទៀតថា ក្រុមហ៊ុនមេហ្កាហ្វើស គឺទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល គឺមុនពេលមានការប្រកាសរបស់លោក ហ៊ុន សែន នៅក្នុងឆ្នាំ ២០១២ ទៅទៀត ប៉ុន្តែក្រុមហ៊ុននេះទើបចូលទៅធ្វើសកម្មភាពរួមទាំងសិក្សាពីផលប៉ះពាល់ចាប់ពីឆ្នាំ ២០១៤ ប៉ុណ្ណោះ។
លោកថា៖ «គេ (រដ្ឋាភិបាល) គេឱ្យយូរហើយប៉ុន្តែគាត់ (ក្រុមហ៊ុន) ទើបចុះសិក្សាក្រោយនេះ។ កន្លែងខ្លះគាត់ (លោក តុលា) មិនច្បាស់ និងចេះតែថា គេមិនធ្វើអីឱ្យល្មើសច្បាប់ ព្រោះមិនមែនមានតែលោក តុលា មួយទេ គឺមានអង្គការផ្សេងៗជាច្រើនណាស់តាមចាំឃ្លាំមើល»។
លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្លែងថា លោកនឹងចាត់មន្ត្រីបរិស្ថានឱ្យចុះស្រាវជ្រាវអំពីការលើកឡើងដែលថា មានការឈូសឆាយនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរនេះ។
លោកថា៖ «ដោយសារនៅថ្ងៃចន្ទនេះ ទើបខ្ញុំមានប្រជុំផ្ទៃក្នុង។ អ៊ីចឹង!ប្រហែលនៅថ្ងៃអង្គារបានខ្ញុំបញ្ជូនក្រុមការងារមន្ទីរឱ្យចុះទៅត្រួតពិនិត្យព័ត៌មាន ដោយមានអនុប្រធានមន្ទីរខ្ញុំម្នាក់ចូលរួមដឹកនាំក្រុមការងារហ្នឹង ដើម្បីផ្ទៀងផ្ទាត់មើល ថាតើការឈូសឆាយ និងកាប់រាននោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ឬមួយនៅក្នុងក្រុមហ៊ុន»៕