ភ្នំពេញៈ សកម្មជនបរិស្ថាន និងក្រុមសង្គមស៊ីវិលចំនួន ៥ ស្ថាប័ន សម្ដែងក្ដីបារម្ភជុំវិញបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយអះអាងថា ស្ថានភាពនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាព ជីវភាព ការប្រកបមុខរបរ និងការធ្វើកសិកម្មតាមរដូវរបស់ពលរដ្ឋកាន់តែលំបាកពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប៉ុន្ដែមន្ត្រីជំរុញឲ្យមានការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។
ការបារម្ភនេះ ធ្វើឡើងក្នុងកម្មវិធីទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៩ ពីម្សិលមិញ ក្រោមប្រធានបទ «ការពារភពផែនដីដើម្បីទាំងអស់គ្នា» ដែលរៀបចំដោយបណ្តាញយុវជនកម្ពុជា (CYN) សហការជាមួយអង្គការសមធម៌កម្ពុជា (EC) អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) អង្គការ Change Maker និងអង្គការ N1M ដោយមានអ្នកចូលរួមប្រមាណជាង ៣០០ នាក់ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីបរិស្ថាន និងផលប៉ះពាល់នៃបរិស្ថានដល់យុវជន និងសាធារណជនទូទៅ នៅសាល Factory Phnom Penh (ចាក់អង្រែ)។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) ថ្លែងថា កម្មវិធីនេះ សម្រាប់យុវជនបញ្ចេញមតិអំពីបញ្ហាបរិស្ថាន និងធ្វើឲ្យសំឡេង និងបញ្ហាប្រឈមរបស់យុវជនលេចឡើង យកមកពិភាក្សា និងស្វែងរកដំណោះស្រាយដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទនៃប្រទេសកម្ពុជា ព្រមទាំងស្នើឲ្យមានសកម្មភាពរួមគ្នានៅគ្រប់កម្រិតក្នុងកិច្ចការពារបរិស្ថានពីសាធារណជនទូទៅ វិស័យឯកជន និងរដ្ឋាភិបាល។
លោកបន្តថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា កម្ពុជាបាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុសកលរួមមាន រដូវប្រាំងមានរយៈពេលវែង ខ្យល់កន្ត្រាក់ និងជាពិសេសការកើនឡើងកម្ដៅ។
លោក ម៉ាឡៃ បញ្ជាក់ថា៖ «ការប្រែប្រួលអាកាសធាតុនេះ គឺខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់សម្រាប់ពលរដ្ឋខ្មែរ និងពិភពលោកដែរ។ ព្រោះវិនាសកម្មនេះ វាបានកើនឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ឥតឈប់ទេបើគ្មានវិធានការទប់ស្កាត់ ហើយការទប់ស្កាត់នេះ គឺចេញពីខ្លួនយើងទាំងអស់គ្នាហ្នឹងហើយ»។
លោកបន្ថែមថា កត្តាទាំងនេះ បណ្ដាលឲ្យមានការខ្វះខាតទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួន និងការផ្គត់ផ្គង់អគ្គិសនី ដោយសាររដ្ឋាភិបាលពឹងផ្អែកខ្លាំងទៅលើថាមពលទំនប់អគ្គិសនី។ ចំណែកការកើនឡើងកម្ដៅ និងរដូវប្រាំងមានរយៈពេលវែងនេះធ្វើឲ្យទឹកទន្លេ និងអាងស្ដុកទឹកមានកម្រិតទាប ហើយទំនប់វារីអគ្គិសនីមិនអាចផលិតអគ្គិសនីគ្រប់គ្រាន់ទេ។
លោកស្រី ណុប ណាវី ប្រធានគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុនៃអង្គការ BBC Media Action ថ្លែងថា មួយរយៈចុងក្រោយនេះ គេឃើញមានក្រុមបណ្ដាញយុវជនបញ្ចេញសកម្មភាពជួយថែរក្សា ការពារបរិស្ថាន ប៉ុន្ដែគេសង្កេតឃើញថាចំណេះដឹងរបស់ពលរដ្ឋ យុវជនចំពោះការប្រែប្រួលអាកាសធាតុ និងសកម្មភាពចូលរួមដោយផ្ទាល់ក្នុងការការពារធនធានធម្មជាតិ បរិស្ថាន និងការរួមចំណែកក្នុងការទប់ស្កាត់បញ្ហានៃការប្រែប្រួលអាកាសធាតុនេះ គឺនៅមានកម្រិតនៅឡើយ។
លោកស្រីនិយាយថា៖ «កន្លងមកនេះ ខាងអង្គការខ្ញុំ និងក្រសួងបរិស្ថានបានធ្វើការជាមួយគ្នាច្រើនលើការងារនេះ ហើយខ្ញុំក៏សូមបញ្ជាក់ដែរថា បើចង់បានដំណោះស្រាយមានប្រសិទ្ធភាពខ្ពស់ គឺយើងខ្លួនឯងម្នាក់ៗហ្នឹង គឺត្រូវបណ្ដុះឆន្ទៈឲ្យចេះស្រឡាញ់បរិស្ថាន។ បន្ទាប់មកនិយាយប្រាប់មិត្តភក្ដិ ឬអ្នកនៅជុំវិញខ្លួនយើង ហើយក៏ចាប់ផ្ដើមកែប្រែសង្គមមួយយ៉ាងងាយ ស្រួល»។
លោក ឯក សុវណ្ណា សកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ ថ្លែងថា ការបាត់បង់ព្រៃឈើក៏ជាចំណែកមួយធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដែរ ជាក់ស្ដែងព្រៃឈើនៅតំបន់ព្រៃឡង់ ត្រូវបានជនខិលខូចចូលទៅកាប់ជាហូរហែ បើទោះបីសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។ ក្រៅពីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រៃឈើក៏ជាជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ដែរ ព្រោះពលរដ្ឋតែងតែទៅរកអាស្រ័យផលតាមបែបធម្មជាតិ។
យុវជនរូបនោះនិយាយថា៖ «រឿងបាត់ព្រៃឈើហ្នឹង ពួកខ្ញុំតែងតែចុះល្បាត។ ក្រោយពីល្បាត ក៏នាំគ្នាធ្វើរបាយការណ៍ ពេលយើងធ្វើរបាយការណ៍ថា មានចំនួនបទល្មើសព្រៃច្រើនខាងមន្ត្រីបរិស្ថាន គេមិនសូវសប្បាយចិត្តជាមួយយើង។ ពេលខ្លះគេប្រាប់យើងកុំចូលចិត្តនិយាយការពិតពេក»។
កញ្ញា រឿន ស្រីនាង អាយុ ១៨ ឆ្នាំ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកការអភិវឌ្ឍ និងការគ្រប់គ្រងធនធានធម្មជាតិ និយាយថា កម្មវិធីនេះពិតជាល្អសម្រាប់យុវជន ដើម្បីពួកគាត់អាចបញ្ចេញមតិជុំវិញបញ្ហាដែលកើតមានឡើងចំពោះបរិស្ថាន។ ការប្រែប្រួលអាកាសធាតុខណៈនេះ បង្កផលប៉ះពាល់ខ្លាំងចំពោះពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅតាមជនបទដែលគ្មានគ្រឿងឧបករណ៍ប្រើប្រាស់ទំនើបៗដូចអ្នកទីក្រុង។
កញ្ញាបន្តថា៖ «ខ្ញុំពិតជាមានការអាណិតអាសូរដល់ពលរដ្ឋយើងនៅតាមជនបទ ជាក់ស្ដែងដូចខ្ញុំធ្លាប់ចុះទៅតំបន់អារ៉ែងពួកគាត់លំបាកខ្លាំងក្នុងជីវភាព ខ្វះទឹក គ្មានអគ្គិសនី ខ្វះស្រូវអង្ករ គឺគាត់ត្រឹមតែអាចអាស្រ័យផលក្នុងព្រៃ»។
លោក លាង សុផល ប្រធានការិយាល័យសារពើភ័ណ្ឌ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុតំណាងឲ្យក្រសួងបរិស្ថាន ថ្លែងថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល មិនត្រឹមតែកម្ពុជាមួយទេ ដែលរងផលប៉ះពាល់ឥទ្ធិពលនេះ។ ប៉ុន្ដែលោកជំរុញឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ ការកាត់បន្ថយចំហេះឥន្ធនៈ និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ។
លោកថា៖ «កម្ពុជាយើងជាប្រទេសអភិវឌ្ឍន៍តិចតួច អ៊ីចឹងវាងាយរងគ្រោះពេលមានការប្រែប្រួលអាកាសធាតុម្ដងៗ ហើយកម្ពុជាក៏បានដាក់ចេញវិធានការជាច្រើនដែរ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល។ យើងក៏បានចូលរួមជាមួយអង្គការអន្តរជាតិនានាជាច្រើនដែរ។ បញ្ហានេះ យើងមិនអាចធ្វើម្នាក់ឯងបានទេ គឺសុំឲ្យមានការចូលរួមទាំងអស់គ្នាយ៉ាងផុសផុល»។
ទិវាបរិស្ថានពិភពលោក ត្រូវបានប្រារព្ធតាមវិធីសាស្ត្រឬទម្រង់ផ្សេងៗគ្នាលើពិភពលោក ដោយសកម្មភាពនោះរួមមាន ការជួបជុំគ្នានៅតាមទីសាធារណៈ ការដើរក្បួន ការប្រគំតន្ត្រី ការដាំដើមឈើ យុទ្ធនាការ សម្អាត និងស្ដារបរិស្ថាន និងសកម្មភាពផ្សេងៗជាច្រើនទៀត៕