កំពង់ធំ/ព្រះវិហារៈ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។

ខណៈ​នៅក្នុង​ខែ​កក្កដា​នេះ​ដើម​ច្បោះ​ជ័រទឹក​ចំនួន​ ៦៦ ​ដើម​របស់​សហគមន៍​នៅ​ភូមិ​ស្រទ្បៅទោង ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​ត្រូវ​បាន​កាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​។

លោក ពេជ្រ ពាន់ ប្រធាន​បណ្តាញ​សហគមន៍​ព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ (PFCN) ​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ជនល្មើស​បាន​កាប់​ដើម​ច្បោះ​ជ័រទឹក​ចំនួន ៦៦ ​ដើម​របស់​សហគមន៍​ស្ថិត​នៅ​ក្នុង​តំបន់​អូរដាច់​កន្ទប​ព្រៃ​ព្រះរកា​។ លើស​ពី​នេះ​ប្រភេទ​ដើមឈើ​ធំ​ផ្សេងៗ​ទៀត​ក៏​កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ហូរហែ​ក្នុង​អំឡុង​ពេល​ដំណើរការ​បោះឆ្នោត​នេះ​។

លោក ពាន់ ថ្លែង​ថា​មួយ​រយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​មិន​សូវ​មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដូច​កាលពី​មុន​ទេ ប៉ុន្ដែ​មាន​ការកើនឡើង​ចំពោះ​ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​ផ្សេង បាន​នាំ​គ្នា​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប​ឡើយ​។

លោក ពាន់ បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​ក្រុមហ៊ុន​មិន​សូវ​មាន​សកម្មភាព​កាប់​ព្រៃឈើ​ទេ ប៉ុន្ដែ​សហគមន៍​យើង​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ជនល្មើស​ដែល​ចំណាកស្រុក​ពី​ខេត្ត​ផ្សេងៗ ហើយ​មក​កាប់​ព្រៃឈើ​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វិញ​។ ជាក់ស្ដែង​ដូចជា​ដើម​ច្បោះ​ជ័រទឹក​ចំនួន​ ៦៦ ​ដើម​របស់​សហគមន៍​ត្រូវ​គេ​កាប់​នេះ​គឺ​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​បាត់បង់​ចំណូល​ជាច្រើន​ពី​ដើម​ច្បោះ​ជ័រទឹក​ទាំង​នេះ​»​។

លោក ហឿង សុភាព អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​មកពី​ឃុំ​ដងកាំបិត ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ធ្វើការ​ចុះ​ល្បាត​ព្រៃ​ដោយ​មាន​ការសហការ និង​ចូលរួម​ពី​មន្រី្ត​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​សរុប​ចំនួន​ ១៥ ​នាក់ និង​ម៉ូតូ​ចំនួន​ ១៥ ​គ្រឿង​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ កក្កដា នេះ​សកម្មភាព​នៃ​ការចុះ​ល្បាត​បាន​ជួប​ឧបសគ្គ​ជាច្រើន ប៉ុន្តែ​បាន​រកឃើញ​ម៉ាស៊ីន​រណារយន្ត​ចំនួន​ ៤ ​គ្រឿង និង​ផ្លែរណារ​ចំនួន ២ និង​ឈើ​ដែល​អារ​រួច​ប្រហែល ១ ​ម៉ែត្រគុប តែ​មិន​អាច​ចេញ​បាន​នៅ​ចំណុច​ច្រក​តោល និង​អូរ​ឆ្នូរ​បាន​យក​វត្ថុតាង​ទាំងនោះ​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ឧទ្យានុរក្ស​ក្រុម​ចល័ត​ដើម្បី​រក្សាទុក​ និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​មន្ត្រី​យាម​តាម​ច្រក​ចេញ​មួយ​ចំនួន​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃឈើ​ទេ ហើយ​មួយ​ចំនួន​ទៀត​បាន​ឃុបឃិត​គ្នា​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ព្រៃ​ដោយ​រលូន​។ ខ្ញុំ​សូម​សំណូមពរ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ពង្រឹង​ការការពារ​ព្រៃឈើ​ទាំង​នេះ ព្រោះ​មើល​ទៅ​ព្រៃឈើ​យើង​នៅ​សេសសល់​ប្រហែល​ជាង ៣០ ​ភាគរយ​ប៉ុណ្ណោះ​»​។

លោក ឡោ ច័ន្ធ មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ខេត្ត​ព្រះវិហារ​ (ADHOC) បាន​ឲ្យ​ដឹង​ថា ករណី​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នាបច្ចុប្បន្ន​នេះ​មិន​មាន​ការ​ថមថយ​ទេ គឺ​នៅ​បន្ត​កាប់​បំផ្លាញ​ជា​ហូរហែ​រៀងរាល់​ថ្ងៃ​ដោយ​មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ទេ​។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន និង​លោក សុង ច័ន្ធសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

លោក ជិន មនោរិទ្ធ នាយករង​ដែនជម្រក​សត្វព្រៃ​ប្រចាំ​នៅ​តំបន់​ព្រៃឡង់​បាន​អះអាង​ថា​បច្ចុប្បន្ន​នេះ​សកម្មភាព​ការបំផ្លាញ​ព្រៃឈើ​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ត្រៀម​លក្ខណៈ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ខែ​នេះ​៕