មណ្ឌលគិរី: សកម្មជន​ការពារ​​បរិស្ថាន និង​ព្រៃឈើ លោក គ្រើង តុលា គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានសម្រេច​កាល​ថ្ងៃទី​ ១៩ ខែមករា​ឆ្នាំនេះ​ឱ្យ​លោក​ផ្ដល់​សំណង​ ៤០ ​លានរៀល​ទៅ​លោក សៀក មុន្នី អភិបាល​​ស្រុក​អូររាំង​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។

ការសម្រេច​របស់​សាលាដំបូង​ខេត្ត​នេះ បន្ទាប់ពី​លោក សៀក មុន្នី បាន​ប្ដឹង​លោក គ្រើង តុលា ករណី​សរសេរ​​សារ​លើ​ហ្វេសប៊ុក​កាលពី​ចុងខែ​មករា ឆ្នាំ​ ២០២០ ថា លោក សៀក មុន្នី មាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដីព្រៃ​អភិរក្ស​ ៣០០ ​ហិកតា នៅ​សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី​។

លោក គ្រើង តុលា បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ពេញចិត្ត​នឹង​សាលក្រម​ដែល​បង្គាប់​ឱ្យ​លោក​ផ្ដល់​សំណង​ទៅ​លោក សៀក មុន្នី ចំនួន​ ៤០ ​លានរៀល និង​បង់ប្រាក់​ចូល​រដ្ឋ​ចំនួន​ ៤ ​លាន​រៀល​ទេ​។ ​សំណុំ​រឿងនេះ​លោក​កំពុង​រៀបចំ​ប្ដឹងទៅ​សាលាឧទ្ធរណ៍​។

លោក​បន្តថា លោក​បានទទួល​ដំណឹង​ពី​ពលរដ្ឋ​ក្នុង​តំបន់​ខាងលើនេះ​ថា លោក សៀក មុន្នី ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​ការឈូសឆាយដី​ព្រៃ​ចំនួន​ ៣០០ ​ហិកតា និង​បាន​ឃុបឃិត ជាមួយ​មន្ត្រី​មួយចំនួនទៀត​រំលោភ​យក​ដី​ព្រៃរបស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​។

លោក គ្រើង តុលា បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ចៅក្រម និង​ព្រះរាជអាជ្ញា​តុលាការខេត្ត​មណ្ឌលគិរី​កាត់ក្ដី ដោយ​មិនបាន​ស្រាវជ្រាវ​ ឬ​ស៊ើបអង្កេត​រឿងក្ដី​ឱ្យបាន​ស៊ីជម្រៅ​ទេ​...​ខ្ញុំ​ជា​អ្នកការពារ​ដី​រដ្ឋ ទ្រព្យសម្បត្តិ​របស់​រដ្ឋ បែរជា​ខ្ញុំ​ជា​អ្នក​មានទោស​ទៅវិញ ខ្ញុំ​កំពុង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ទេ​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​កាលពី​ម្សិលមិញ មិនអាច​សុំ​​ការបញ្ជាក់​ពី​ករណីនេះ​បានទេ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។

ប៉ុន្តែ​នៅក្នុង​សម្រង់​សាលក្រម​នោះ លោក សាន សុផា មេធាវី តំណាង​ឱ្យ​លោក សៀក មុន្នី បាន​សន្និដ្ឋានថា​​ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បរិហារកេរ្តិ៍​ជា​សាធារណៈ​មែន ដោយសារ​មិនបាន​បង្ហាញ​ភ័ស្តុតាង​ច្បាស់លាស់​ពី​ចំនួន​ទឹកប្រាក់ ដែល​ថា​មាន​ប្រព្រឹត្ត​អំពើពុករលួយ ឬ​គ្មាន​លិខិត​ណា​ដែល​បញ្ជាក់ថា លោក សៀក មុន្នី មាន​ដី​ ៣០០ ​ហិកតា​។

លោក​បន្តថា ជនជាប់ចោទ​បាន​អាន​សេចក្ដី​បំភ្លឺ​របស់​រដ្ឋបាល​ស្រុក​អូររាំង​រួចហើយ ប៉ុន្ដែ​នៅតែ​មិន​ទទួលស្គាល់ និង​នៅតែ​ថា ការប្រព្រឹត្ត​របស់ខ្លួន​ត្រឹមត្រូវ​។ ​លោក​ស្នើ​សុំឱ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាមច្បាប់​ និង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ​អាមេរិក​។

តាម​សាលក្រម​របស់​លោក លី ​លីបម៉េង ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចុះ​ថ្ងៃទី​ ១៩ ខែមករា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ បាន​ផ្តន្ទាទោស ឈ្មោះ ​គ្រើង តុលា ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ជនជាតិ​ព្នង ពិន័យ​ជា​ប្រាក់​ចំនួន​ ៤ ​លាន​រៀល​ចូល​ថវិការដ្ឋ ក្រោម​បទចោទ​ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ​ប្រព្រឹត្ត​នៅ​ខេត្តមណ្ឌលគិរី​ពីថ្ងៃ​ទី​ ៣១ ខែមករា ឆ្នាំ​ ២០២០ តាម​បញ្ញត្តិ​មាត្រា ៣០៤ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ជាមួយ​គ្នា​នេះ សាលក្រម​បាន​បង្គាប់​ឱ្យ​លោក គ្រើង តុលា សងសំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្ដឹង​ឈ្មោះ សៀក មុន្នី ចំនួន​ ៤០ ​លាន​រៀល រីឯ​ការទាមទារ​លើស​ពីនេះ​ត្រូវបដិសេធ​ចោល តែ​បើក​សិទ្ធិ​ប្ដឹង​ជំទាស់ និង​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។ សំណុំរឿង​​នេះ ជំនុំជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២០ នៅ​ចំពោះមុខ​ជនជាប់ចោទ​ឈ្មោះ គ្រើង តុលា ​និង​កំបាំងមុខ​ដើមបណ្ដឹង ឈ្មោះ សៀក មុន្នី​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែង​​ពី​ម្សិលមិញ​ថា ខេត្តមណ្ឌលគិរី​ត្រូវ​បាន​គេ​មើលឃើញ​មានទំនាស់​ដីធ្លី និង​ការរំលោភ​យក​ដី​រដ្ឋ​ច្រើន​ករណី​។ ថ្មីៗ​កន្លងទៅនេះ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ស្រាវជ្រាវ​រកឃើញ​អ្នកពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ក្នុង​នោះ​ក៏មាន​មន្ត្រីជាន់ខ្ពស់​ផងដែរ​។

លោក​បន្តថា ករណីនេះ​ត្រូវតែ​ស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ ព្រោះ​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ភាគច្រើន​គឺជា​រឿង​ពិត ដោយសារ​ពួកគាត់​រស់នៅ​​ក្នុង​មូលដ្ឋាន​ផ្ទាល់​។

លោក ប៊ុណ្ណារ៍ បាន​បញ្ជាក់ថា​៖ «​លោក​ព្រះរាជអាជ្ញា និង​ចៅក្រម​តុលាការ ត្រូវតែ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​សម្រេច​ណាមួយ បើ​មិន​អ៊ីចឹង​ទេ គឺ​ប៉ះពាល់​ដល់​សិទ្ធិ និង​យុត្តិធម៌​ជន​ដែល​ស្មោះ​ត្រង់​ការពារ​ប្រយោជន៍​ជាតិ​។ ​ខ្ញុំ​គិតថា លោក តុលា គួរ​ស្វែងរក​ភ័ស្តុតាង​បន្ថែម​ដើម្បី​ដោះ​បន្ទុក និង​ប្ដឹងទៅ​សាលាឧទ្ធរណ៍​បន្តទៀត​»៕