កោះ​កុងៈ សកម្ម​ជន​បរិ​ស្ថាន​ធ្វើ​យុទ្ធនា​ការ​ជំរុញ​ឲ្យ​​រដ្ឋា​ភិ​បាល​ ​យក​កោះ​កុង​ក្រៅ​ដែល​ជា​កោះ​ធំ​បំផុត​របស់​កម្ពុជា ធ្វើ​ជា​តំបន់​ឧទ្យាន​ជាតិ​ដើម្បី​ការ​ពារ​តំបន់​ឆ្នេរ​ ​សត្វ​ព្រៃ ​និ​ង​​ព្រៃ​ឈើ ​ខណៈ​ពួក​គេ​ព្រួយ​បារម្ភ​ថា​ កោះ​ធម្ម​ជាតិ​ដែល​មាន​ទំហំ​ ១០៣​ គីឡូ​ម៉ែត្រ​ក្រឡា​ និង​ពុំ​សូវ​មាន​អ្នក​ស្គាល់​នេះ​ នឹង​អាច​រង​ការ​បំផ្លាញ​និង​មាន​វាស​នា​ដូច​ខេត្ត​ព្រះសីហនុ។​

​​លោក​ ​ថុ​​ន ​រដ្ឋា​ ​សកម្ម​ជន​បរិ​ស្ថានរ​បស់​អង្គ​ការ​មាតា​ធម្ម​ជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​វីដេ​អូ​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ​២០​ កក្កដា​ ថា​ ​កោះ​កុង​ក្រៅ ​គឺ​ជា​កោះ​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​ មាន​ឆ្នេរ​ខ្សាច់​សក្បុស មាន​ទឹក​សមុទ្រ​ខៀវ​ថ្លា​ដូច​កញ្ចក់​ ​មាន​ជីវ​​ចម្រុះ​និង​ស​ត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ​និង​មាន​ព្រៃ​ឈើក្រាស់​ៗ ​ដែល​ធ្វើ​ឲ្យ​​តំបន់​នេះ​កំពុង​ស្ថិត​ក្នុង​ក្ដី​ស្រ​មៃរបស់​អ្នកទេស​ចរ​ចង់​មក​ទស្សនា។​

​លោក​បន្ត​ថា​ ​កោះ​កុង​ក្រៅ​ស្ថិត​នៅ​ឃុំ​ជ្រោយ​ប្រស់ ​ស្រុក​កោះ​កុង ​ខេត្ត​កោះកុង​ ​គឺ​ជា​តំបន់​គ្មាន​ការ​អភិ​វឌ្ឍសំណង់​អគារ​រ​ញ៉េរញ៉ៃ ​គ្មាន​គំនរ​សំរាម ​និង​គ្មាន​ទឹក​ស្អុយ​ហូរ​ចូល​សមុទ្រ​ដូច​ខេត្ត​ព្រះសី​ហនុ​​ឡើយ ប៉ុន្តែ​កោះ​នេះ​កំពុង​សំងំលាក់​ខ្លួន​ ​ដោយ​សារ​មិន​សូវមាន​ពល​រដ្ឋ​ស្គាល់​ និង​មក​លេង​កម្សាន្ត​ច្រើន​ឡើយ និង​សឹង​តែ​គ្មាន​អ្នក​រស់​នៅ​ ​ដែល​ជា​​ក្ដី​ព្រួយ​បារម្ភ​មួយ​ អាច​ធ្វើ​ឲ្យ​​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​កោះ​នេះ នឹង​ត្រូវ​បំផ្លាញ ​និង​មាន​វាសនា​ដូច​ខេត្ត​ព្រះសីហនុ។​

​លោក​ ​រដ្ឋា​ ថ្លែង​​ថា​៖ ​«​ពួក​យើង​ជឿថា​ អ្នក​ទាំង​អស់​គ្នា​កំពុង​តែ​ស្រ​មៃអំពី​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៃ​កោះ​មួយ​នេះ ​ហើយ​ប្រសិន​បើ​អាច​មក​លេង​ ​គឺ​កាន់​តែ​ល្អ​ ព្រោះ​បើសិន​​មិន​មាន​អ្នក​មក​លេង​ឬ​មាន​អ្នក​ស្គាល់​តិច​តួច​ ​វាស​នា​នៃ​កោះ​នេះ ​នឹង​អាច​ជួប​ហានិ​ភ័យ​ដូច​ជា ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​ប្រមាញ់​សត្វ​ព្រៃ​អនា​ធិប​តេយ្យ​ ​ការ​លក់​កោះ​នេះ​ទៅ​ឱ្យ​កម្ម​សិទ្ធិ​ឯ​ក​​ជន​ក្រោម​លេស​ដី​សម្បទាន​សេដ្ឋកិច្ច​ឬ​អភិវឌ្ឍ​ជាដើម»។​

​​លោក​បន្ត​ថា​៖ ​«​ដោយ​សារ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ទាំង​អស់​នេះ ​ទើប​ពួក​យើង​បង្កើត​យុទ្ធ​នា​ការ​មួយ​មាន​ឈ្មោះ​ថា ​សង្គ្រោះ​កោះ​កុ​ង​ក្រៅ ​ដើម្បី​ឱ្យ​បង​ប្អូន​ចូល​រួម​សង្គ្រោះ​ទាំង​អស់​គ្នា ​ដើម្បី​ជំរុញ​ឱ្យ​ដាក់​កោះ​នេះ​ជា​តំបន់​ការពារ​ឬ​ជា​ឧទ្យាន​ជាតិ»។​

លោក​ ​ថុ​ន​ រដ្ឋា​ ​បន្ថែម​ថា​ ​ពួក​លោក​នឹង​ប្រឆាំង​អំពី​ការអភិ​វឌ្ឍន៍​​ដែលនាំ​ឲ្យ​​មាន​ផល​ប៉ះពា​ល់​ដល់​កោះ​កុង​ក្រៅ​នេះ ​និង​ស្នើ​ឲ្យ​​មានយន្ត​ការ​ការពា​រ​ច្បាស់​លាស់​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ឲ្យ​បានគង់​វង្ស​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន។​

​​លោក​ ​សុខ​ ​សុ​ទ្ធី ​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​កោះ​កុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​ការ​សម្រេច​អភិ​វឌ្ឍន៍​នៅ​លើ​កោះ​ណា​មួយ​ ​គឺ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់រ​ដ្ឋ​បាល​ខេត្ត​ឡើយ​ ប៉ុន្តែ​ជា​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ជាតិ​ដែល​មាន​ក្រសួង​ពាក់​ព័ន្ធ​ ​ប៉ុន្តែ​ទិស​ដៅ​របស់​រដ្ឋាភិ​បាល​ ការ​អភិ​វឌ្ឍ និង​ការ​អភិ​រក្ស​គឺ​ត្រូវ​ដើរ​ទន្ទឹ​ម​គ្នា ​ព្រោះ​បើ​មាន​គំនិត​អភិ​រក្ស​ពេក​ ​នឹង​មិន​ធ្វើឲ្យ​​សេដ្ឋ​កិច្ច​រីក​ចម្រើន​ឡើយ។​

លោក​​ថា៖​ «អភិ​វឌ្ឍន៍​មិន​មែន​មាន​ន័យ​ថា​ទៅ​បំផ្លាញ​ទេ។ ​ការ​អភិ​វឌ្ឍ​កន្លែង​ខ្លះ​មាន​ន័យ​ថា ​​ដើម្បី​អភិ​រក្ស ប្រ​សិន​បើ​គ្មា​ន​ការ​អភិវឌ្ឍទេ​ ​កន្លែង​ហ្នឹង​គឺ​មិន​នៅ​សល់ ​(​ធនធាន​ធម្ម​ជាតិ)​ ទេ»។​

​លោក​ ​ម៉ម​ ផល្លា​ ប្រ​ធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កោះកុង​បាន​លើក​ឡើង​ថា ​កោះ​កុ​ង​ក្រៅ​មាន​ព​ល​រដ្ឋ​មួយ​ចំនួន​កំពុង​រស់​នៅ ​និង​មាន​តំបន់​ឆ្នេរ​សមុទ្រ​ចំនួន ​៥​ កន្លែង​ ​ហើយ​យូ​រៗ​ម្ដង​ប៉ុណ្ណោះ ​ទើប​មាន​អ្នក​ទេស​ចរណ៍​ទៅ​លេង​នៅ​លើ​កោះ​នេះ ​ដោយ​សារ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ចម្ងាយ​ប្រហែល ២០ គីឡូ។​

​លោក​បន្ត​ថា​ ​ក្រសួង​បរិស្ថាន​កំពុង​សិក្សា​ដើម្បី​យក​កោះកុង​ក្រៅ​ធ្វើ​ជា​តំបន់​ការពារ​ ប៉ុន្តែ​នៅ​លើ​កោះ​​នេះ ​ផ្នែក​ខ្លះ​គឺ​អាច​បម្រើដល់​វិស័យ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ ​និង​ផ្នែក​ខ្លះ​នឹង​អាច​បម្រើ​វិស័យ​សេដ្ឋកិច្ច។​

​​លោក​ ​ផល្លា​ ​ថ្លែង​ថា​៖​ «​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់ ​ហើយ​បន្ទាប់​ពី​យើង​សិក្សា​ច្បាស់​ហើយ ​នឹង​ដាក់​ជូន​ទៅ​រដ្ឋាភិ​បាល​ ​ដើម្បី​សុំ​បង្កើត​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។​ ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ទេ ប៉ុន្តែ​គោល​នយោ​បាយ​នេះ ​យើង​មាន​ហើយ»។​

​បច្ចុ​ប្បន្ន​ កម្ពុជា​​បាន​បង្កើត​តំបន់​ការពារ​ធម្ម​ជាតិ​ឧទ្យាន​ជាតិ​លើ​ផ្ទៃដី​​ទំហំ​ ៧ លា​ន​ ៥ ​សែន​ហិក​តា ​ស្មើ​នឹ​ង​ ៤១% ​នៃ​ផ្ទៃ​ដី​សរុប​របស់​កម្ពុជា ​ឲ្យ​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរ​បស់​ក្រសួង​បរិ​ស្ថាន​ ដែល​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​ ១ ២២០​ នាក់​ កំពុង​ចុះ​ល្បាត​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ ​ដូច​ជា​កាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​ការ​បរបាញ់​សត្វព្រៃ​ជាដើម។​ ​

ទោះ​ជា​យ៉ាង​ណា ​ក្រុ​ម​សកម្ម​ជន​ព្រៃ​ឈើ​តែង​លើក​ឡើង​ថា ​ថ្វី​ដ្បិត​មាន​ការ​ប្រកាស​ជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​ពី​រដ្ឋាភិ​បាល​ក្ដី​ ​ក៏​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​បាន​បញ្ជាក់​ថា​ ​បទ​ល្មើស​ទាំង​នោះ​កើត​ឡើង​តិច​តួច​ និង​ដោយ​សារ​ក្រសួង​ខ្វះខាត​មន្ត្រី​ប៉ុណ្ណោះ។​

​កា​ល​ពី​ថ្ងៃទី​ ១៣​ ​កក្កដា​ នេះ​ ខាង​អង្គការ​មាតា​ធម្ម​ជាតិ​ក៏​បាន​បង្ហោះ​ឃ្លីប​វីដេ​អូ​មួយ​របស់​ព្រះសង្ឃ​ចំនួន​ ២​ អង្គ​ ​ដែល​មាន​សង្ឃ​ដី​កា​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​លើ​កោះរ៉ុង​សន្លឹម​ខេត្ត​ព្រះ​សីហ​នុ ដោយ​សា​រ​តំបន់​ឆ្នេរ​សមុទ្រ​នេះ​ ​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯក​ជន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ជា​ផ្លូវ​សាធា​រ​ណៈ​សម្រាប់​រថ​យន្ត​ធុន​ធ្ងន់​ និង​គ្រឿង​ចក្រ​បើកបរ​ជា​រៀងរាល់​ថ្ងៃ។​ ​​

នៅ​ក្នុង​វីដេ​អូ​នេះ​ ព្រះ​សង្ឃ​ទាំង ​២ អង្គ​ បាន​បិណ្ឌ​ទៅ​ដល់​លោក​ ​គួច​ ចំរើន​ អភិ​បាល​ខេត្ត​ព្រះ​សី​ហ​នុ​ចាត់​វិធា​ន​ការ​អន្ត​រាគមន៍​ដើ​ម្បី​ទប់​ស្កាត់​សកម្ម​ភាព​បំផ្លាញ​ឆ្នេរ​សមុទ្រ​បែប​នេះ ​បើ​មិន​ដូច្នេះ​ទេ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទេស​ចរណ៍​ជា​មិន​ខាន។​

​លោក​ ​ឃាង​ ភារ​ម្យ ​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សី​ហ​នុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​យ៉ាង​ខ្លី​ថា ​ជុំវិញ​បញ្ហា​នេះ គឺ​អាជ្ញា​ធរ​ខេត្ត​នៅ​កោះ​រ៉ុ​ង​សន្លឹម​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ​។​

លោក​ ​ឈឺ​ន​ ចន្ថា​ ចៅ​សង្កាត់​កោះ​រ៉ុង​​សន្លឹម​បាន​ថ្លែង​ថា​ អាជ្ញា​ធរ​បាន​ចុះ​ទៅ​​ហាម​ឃាត់​ម្ចាស់​កន្លែង​សាង​សង់​សំណង់​ ​ឲ្យ​​បញ្ឈប់​ប្រើ​គ្រឿង​ចក្រ​បើក​បរ​នៅ​តាម​ឆ្នេរ​សមុទ្រ​​ដែល​រំខាន​ដល់​អារម្មណ៍​ភ្ញៀវ​ទេស​ចរនោះ​ហើយ ​ប៉ុន្តែ​ករណី​នេះ​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បរិស្ថាន​ទឹក​សមុទ្រ​ធ្ងន់ធ្ងរ​ឡើយ។ ​

ការ​បើក​បរ​លើ​ឆ្នេរ​សមុទ្រ​នេះ​ គឺ​មាន​តែ​រថ​​យន្ត ​និង​គ្រឿង​ចក្រ ​២៣ គ្រឿង ​និង​កើត​ឡើង​ម្ដង​ម្កាល​ប៉ុណ្ណោះ ​ហើយ​អាជ្ញា​ធរ​បាន​ចុះ​ទៅ​ហាម​ឃាត់​តាំងពី​ដំបូង​រួមទាំង​ធ្លាប់​ធ្វើ​កិច្ច​សន្យា​ផង​ដែរ ប៉ុន្តែ​ដោ​យ​សារ​នៅ​កោះរ៉ុង​សន្លឹម​​គ្មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ ទើប​ត្រូវ​ប្រើប្រាស់​តំបន់​ឆ្នេរ៕