កោះកុងៈសកម្ម​ជន​បរិស្ថាន​ឯក​រាជ្យ​ម្នាក់​​ និង​ សមាជិក​​នៃ​​សហគមន៍​អារ៉ែង ​នៅ​ក្នុង​វីដេ​អូ​ថ្មី​មួយ ​ដែល​ចេញ​បង្ហាញ​​​​ជា​សាធារណៈ កាល​ពី​​ល្ងាច​ថ្ងៃ​ចន្ទ​ បាន​ជំរុញ​​ឲ្យអភិបាល​ខេត្ត​កោះ​កុង​ លោកស្រី មិថុនា ភូថង ​​អន្តរាគមន៍​ ចំពោះ​​​បទ​បញ្ជា​របស់​អាជ្ញា​ធរ​ឃុំ​ជុំ​នាបដែល​បញ្ជា​ឲ្យ​​​​រុះ​រើ​ មជ្ឈ​មណ្ឌល​របស់​សហគមន៍ ​​​ត្រឹម​ថ្ងៃ​ទី​​ ២៥ ខែ​មេសា​។

វីដេ​អូ​នេះ ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​​អង្គការ​មាតា​ធម្មជាតិ​ ​រួម​ជា​មួយ​នឹង​ការ​បង្ហោះ​មួយ​​អមជា​មួយ​វីដេ​អូ​​នេះ​ ​បង្ហាញថា​ កញ្ញា​ លីម គីម​ស័រ «ឥឡូវ​នេះ ​ជា​​សកម្ម​ជន​បរិស្ថាន​​ឯក​រាជ្យ​​»។

វីដេអូ​នេះ ​បាន​បង្ហាញ​ថា​ កញ្ញា គីមស័រ​​ ​និង​សមាជិក​សហគមន៍​​ មិន​​យល់​ស្រប​​តាមការ​​​បញ្ជា​ឲ្យ​រុះ​រើ​មជ្ឈ​មណ្ឌល​​នេះ​​ចេញ​ទេ​​។ ​ពួក​គេ​ក៏​​​និយាយ​ផង​ដែរ​ អំពី​តម្លៃ​​ដែល​មជ្ឈ​មណ្ឌល​នេះ​​ ផ្តល់​ដល់​ពួក​​គេ​​ និង​ ​អត្ថ​ប្រយោជន៍​សេដ្ឋ​កិច្ច​ ដែល​​វា​ផ្តល់​ដល់​​គ្រួសារ​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន ​​ពី​ភ្ញៀវ​ទេសចរ​ ដែល​ទៅ​លេង​ទី​នោះ​។ ​កញ្ញា គីមស័រ​ ​បាន​​លើក​ជា​សំណួរមួយ​​ ទៅ​លោក​ស្រី ភូថង​ នៅ​ចុង​បញ្ចប់​នៃ​វីដេ​អូ​​។​ ​​

អ្នក​ស្រី​បាន​សួរ​ថា​៖ «​​​តើ​អ្នក​និង​មន្រ្តី​ខេត្ត​របស់​អ្នក ​​មិន​ដឹង​អំពី​បញ្ហា​នេះ​ទេ​ឬ?​»។​ «​​ឬ​ប្រហែល​ជា​អ្នក​ដឹង​ ហើយ​កំពុង​មិន​អើ​ពើ​​ ដោយ​ចេតនា ​​ដើម្បី​​​រារាំង​សមត្ថ​ភាព​​របស់​សហគមន៍​មូល​ដ្ឋាន ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​តស៊ូ​មតិ​ ​ដោយ​បំភ័យ​ពួក​គេ​ ​និង​កាត់​ផ្តាច់​ប្រភព​មួយ​នៃ​ប្រភព​ចំណូល​របស់​ពួក​គេ​?»។

​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​លោក​ស្រី ភូថង បាន​សុំ​ឲ្យ​ផ្ញើ​សំណួរ​ដែល​សួរ​ទៅ​លោក​ស្រី​តាម​រយៈ​សារ​ ប៉ុន្តែ​លោក​ស្រី​មិន​បាន​​ឆ្លើយ​តប​​មក​វិញ​ទេ​។

កញ្ញា​ គីមស័រ​ ​បាន​ថ្លែង​ថា ក្តី​សង្ឃឹម​ គឺ​ថា​ វីដេ​អូ​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ចំណាត់​ការ​ទាន់​ពេល​វេលា​ ពី​លោក​ស្រី ភូថង​។ កញ្ញា​​បាន​ថ្លែង​នៅ​ក្នុង​សារ​មួយ​ថា​៖ «​​បន្ទាប់​ពី​មើល​វីដេអូ​នេះ​ ​ខ្ញុំ​សង្ឃឹម​ថា គាត់​​នឹង​គិត​ពិចារណា​ រក្សា​ទុក​មជ្ឈ​មណ្ឌល​នេះ​​។ ​គម្រោង​របស់​យើង​ គឺ​ដើម្បី​ឲ្យ​អាជ្ញា​ធរ​ខេត្ត ​អន្តរាគមន៍​​លើ​បញ្ហា​នេះ​»។

​កាល​ពី​ខែ​មុន ​អាជ្ញា​ធរ​​ឃុំ ជុំ​នាប​បាន បាន​​គំរាម​ចាត់​វិធាន​ការ​​ ប្រសិន​បើ​មជ្ឈ​មណ្ឌល​​នេះ ​មិន​ត្រូវ​បាន​​រុះ​រើ​​តាម​កាល​កំណត់​។ ពួកគេ​​អះ​អាង​ថា ​ត្រូវ​ការ​ដី​ដើម្បី​សាង​សង់​​អគារ​​ឃុំ​ថ្មី​មួយ​​។

ការ​សាង​សង់​មជ្ឈ​មណ្ឌល​នេះ ​​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​​លោក វែន វន កាល​ពី​ឆ្នាំ ២០១៥​ ​ដែល​ជា​អតី​ត​​ក្រុម​ប្រឹក្សា​ឃុំ​​ ជំនាប​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​អ្នក​គាំ​ទ្រ​​ខ្លាំង​​ក្លា​ម្នាក់​​ ចំពោះ​មជ្ឈ​មណ្ឌល​នេះ​។

​កាល​ពី​ឆ្នាំ​ ២០១៦​ ​សាលា​ដំបូង​ខេត្ត​​កោះ​កុង​ បាន​រក​ឃើញ​ថា វែន វន​ មាន​ទោស​ពាក់​ព័ន្ធ​នឹង​​ «​បទ​ល្មើស​ព្រៃ​ឈើ​»​ ​និង​ផ្តន្ទា​ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​​ និង​ព្យួរ​ទោស​ ៧​ ខែ​៕ PS ​​ ​