ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ​លោក​ ឡោ សុខា ​បាន​កោះហៅ​សកម្មជន​ការពារ​ព្រៃឈើ ​និង​បរិស្ថាន​ លោក​ គ្រើង តុលា​ ពី​ម្សិលមិញ ​ឲ្យមក​បំភ្លឺ​ករណី​រិះគន់​ពី​សកម្មភាព​ជីក​កកាយ​ថ្ម​ពណ៌​ខៀវ​មានតម្លៃ​ ដោយ​ខុសច្បាប់​យកទៅលក់​ឱ្យ​ឈ្មួញ​ជន​ជាតិ​ចិន ​និង​វៀតណាម ​នៅ​ភូមិ​ឡៅ​ការ ​សង្កាត់​សុខដុម ​ក្រុង​សែន​មនោ​រម្យ ​ប៉ុន្ដែ​មិនមាន​ការឃាត់​ខ្លួន​ទេ។

លោក ​ឡោ សុខា ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ​លោក​បាន​កោះហៅ​លោក ​គ្រើង តុលា មក​សាកសួរ​ជុំវិញ​ករណី​ដែ​ល​សកម្មជន​រូបនេះ​បាន​សរសេរ​រិះគន់​អាជ្ញាធរ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​អំពី​សកម្មភាព​គាស់កកាយ​យក​ថ្ម​ពណ៌​ខៀវ​មាន​តម្លៃ​ម្យ៉ាង​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​ចិន ​និង​វៀតណាម។ ប៉ុន្ដែ​លោក​មិនបាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ គ្រើង តុលា​ ទេ។

លោក​ថា​សកម្មជន​ព្រៃឈើ​រូបនេះ​បាន​សរសេរ​ពាក្យពេចន៍​មួយចំនួន​ខុសពី​ការពិត​ដែលថា ​អាជ្ញាធរ​គ្មាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួ​ញនិង​ជនខិលខូច​ទាំង​នោះ។ ប៉ុន្ដែ​ជាក់ស្ដែង ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​នៅ​ទីតាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ករណីនេះ​មិនមាន​សកម្មភាព​ដូច​អ្វីដែល​លោក​ តុលា ​បាន​សរសេរ​នៅលើ​ហ្វេស​ប៊ុក​នោះ​ទេ។

លោក​ថ្លែងថា​៖ «ខ្ញុំ​ឱ្យ​គាត់​ទៅផ្ទះ​វិញ​ហើយ គឺ​យើង​គ្រាន់តែ​ឱ្យ​គាត់​មក​បំភ្លឺ​រឿង​ដែល​គាត់​បាន​សរសេរ​បង្ខូច​កិត្តិយស​ថ្នាក់ដឹក​នាំ​ខេត្ត​យើង។ យើង​បានឱ្យ​គាត់​និយាយ​បំភ្លឺ ​និង​ធ្វើ​កិច្ចសន្យា​ហើយ ​ព្រោះ​គាត់​សរសេរ​ពាស​ទឹក​ពាស​ដី ​គ្មាន​ភ័ស្តុតាង​ គ្មាន​ការពិត ​គ្មាន​ឯកសារ​យោង​ឱ្យបាន​ត្រឹមត្រូវ ​ដូច្នេះ​គាត់​ត្រូវតែ​ធ្វើ​កិច្ចសន្យា​អ៊ីចឹង​ហើយ»។

ស្នងការ​រូបនេះ​បញ្ជាក់ថា​៖ «ប្រសិន​មាន​លើក​ក្រោយ​ទៀត ​គាត់​ត្រូវតែ​រាយការណ៍​មក​អាជ្ញាធរ​ឱ្យបាន​ត្រឹមត្រូវ ​កុំ​សរសេរ​បែប​នេះ​ទៀត»។

មេឃុំ​សុខដុម ​លោក ​ពៅ សុផាត​ ថ្លែង​ពី​ម្សិលមិញ​ថា ​លោក​បាន​ចាត់​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ភូមិ​ចុះទៅ​ពិនិត្យ​នៅ​ទីតាំង​នោះ​ផ្ទាល់​រួចរាល់​ហើយ។ ករណី​នេះ​ពិតជា​ការជីក​កកាយ​យក​ថ្ម​ពណ៌​ខៀវ​ម្យ៉ាង​នោះ​មែន ​ប៉ុន្ដែ​លោក​មិនដឹង​ច្បាស់​ថា ​ពល​រដ្ឋ​យក​ថ្ម​ពណ៌​ខៀវ​នេះ​ទៅ​លក់​ឱ្យ​ឈ្មួញ ​ឬ​បុគ្គល​ណា​នោះ​ទេ។

លោក​បញ្ជាក់ថា​៖«អ្នកភូមិ​នៅក្នុង​តំបន់​នោះ ​គឺជា​អ្នក​ជីក ​ដោយសារ​មាន​ឈ្មួញ​ពី​ខាងក្រៅ​មកចាំ​ទទួល​ទិញ​ថ្ម​ពី​ពួក​គាត់។ ដូច្នេះ​ពួកគាត់​ក៏​នាំគ្នា​ទៅ​ជីក​យក​ថ្ម​ហ្នឹង​លក់​ដោយ​មិនបាន​យល់ដឹង​ពី​ច្បាប់។ អាជ្ញាធរ​បាន​ហាមឃាត់​ពួកគាត់ ​និង​ពន្យល់​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ប្រាប់​ពួកគាត់​ហើយ»។

ប៉ុន្តែ​បើតាម​លោក ​គ្រើង តុលា ​ដែលបាន​ចូល​បំភ្លឺ​ជុំវិញ​ការសរសរ​របស់​លោក​នោះ ​គឺ​មិនមែនជា​ការរិះគន់ ​ឬ​ធ្វើឱ្យ​ខូច​កិត្តិ​យស​របស់​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​ទេ។ ក្នុង​ន័យ​នោះ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ចុះបង្ក្រាប​សកម្មភាព​ប្រមូល​ផល​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ។

លោក​ឲ្យដឹងថា ​ក្រុម​ពលរដ្ឋ​បាននាំគ្នា​ចូលទៅ​ជីក​យក​ថ្ម​មាន​ពណ៌​នេះ​តាំងពី​ ១ ខែ​មុន​ ដោយសារ​ពួកគាត់​ខ្វះ​ការយល់​ដឹង​អំពី​ច្បាប់ និង​មាន​ឈ្មួញ​ជនជាតិ​ចិន​ និង​វៀតណាម​រង់ចាំ​ទទួល​ទិញ​ពី​ពួក​គាត់។ ប៉ុន្ដែ​អាជ្ញាធរ​ហាក់​គ្មាន​ចំណាត់ការ​ទៅលើ​សកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ​ទេ។

លោក ​គ្រើង តុលា ​បញ្ជាក់ថា​៖ «លោក​ស្នងការ​ស្នើឱ្យ​ពួក​ខ្ញុំ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​ដើម្បី​រាយការណ៍​ពី​សកម្មភាព​ល្មើសច្បាប់​នានា ​ប៉ុន្ដែ​គាត់​មិន​ចង់ឱ្យ​ពួក​ខ្ញុំ​សរសេរ​រិះគន់​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ទេ ​គឺ​គាត់​ឱ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​ផ្ទាល់ៗ​តែម្ដង»។

សកម្មជន​ព្រៃឈើ​រូបនេះ​បន្តថា​៖ «ហើយ​ខ្ញុំ​បាន​ឆ្លើយតប​ទៅវិញ​ដែរ​ថា​ បើសិន​ខ្ញុំ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ហើយ​សមត្ថ​កិច្ច​ចាត់​វិធានការ​ភ្លាមៗ​ អាហ្នឹង​អត់​អី​ទេ។ ប៉ុន្ដែ​បើ​គ្មាន​ចំណាត់ការ​ទេ ​គឺ​ខ្ញុំ​នៅតែ​សរសេរ​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដដែល»។

លោក​ ប៉ែន ប៊ុណ្ណារ៍ ​មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារសិទ្ធិ​មនុស្សអាដហុកថ្លែង​ថា ​បើ​ការ​សរសេរ​រិះគន់​នេះ​ជាការ​ពិត ​អាជ្ញាធរ​មិនត្រូវ​កោះហៅ​ពលរដ្ឋ​ទៅ​សាកសួរ​បែបនេះ​ទេ ​ព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ការពិត ​ប្រសើរ​ជាង​គំរាមកំហែង​ ឬ​បំភិតបំភ័យ​ពលរដ្ឋ​ដែល​និយាយ​ការពិត។

លោក​ថា​៖ «ប្រសិន​មានការ​រិះគន់​បែបនេះ ​អាជ្ញាធរ​ត្រូវតែ​ប្រញាប់​ចុះទៅ​បង្ក្រាប ឬ​ចុះ​ស្រាវជ្រាវ​បន្ទាន់ ​ដោយ​មិន​មែន​កោះ​ហៅ​អ្នក​រិះគន់​មក​សួរនាំ​បែប​នេះ​ទេ។ កន្លង​មក​ខ្ញុំ​សង្កេត​ឃើញ​ពលរដ្ឋ​រិះគន់​ច្រើន​ពី​ចំណាត់ការ​របស់​អាជ្ញាធ​រ ​ពោល​គឺ​វិធាន​ការ​អាជ្ញាធរ​យឺតយ៉ាវ ​ដូច្នេះ​ពលរដ្ឋ​អត់ទ្រាំ​មិនបាន ​ហើយក៏​នាំគ្នា​រិះគន់​តាម​បណ្ដាញ​សង្គម​នានា​តែម្ដង»។

គួរ​រំឭកថា​ ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ​ក្រុង​សែន​មនោ​រម្យ ​កាលពី​ថ្ងៃទី ៤ ​មករា ​បានស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ ​និង​បង្ក្រាប​ករណី​ជនល្មើស​ជីក​យក​ថ្ម​ពណ៌​ខៀវ​មានតម្លៃ​ម្យ៉ាង​ដោយ​ខុសច្បាប់​យកទៅ​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​ចិន​និង​វៀត​ណាម៕