កំពង់ស្ពឺៈ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ប្រយុទ្ធប្រឆាំង​ការបំផ្លាញ​ធនធាន​ធម្មជាតិ​គ្រោង​ស្នើសុំ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​រួមគ្នា​ចុះបង្ក្រាប​មិន​ឲ្យ​ដឹង​មុន​លើ​ទីតាំង​កាប់​ព្រៃឈើ និង​រោង​សិប្បកម្ម​អារឈើ​ខុសច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​រមាំងស និង​ជួរ​ភ្នំក្រវាញ​កណ្តាល​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​អះអាង​ថា​មន្ត្រី​មូលដ្ឋាន​មិន​អើពើ​ចុះបង្ក្រាប ខណៈ​មន្ត្រី​បដិសេធ​មាន​បទល្មើស​ព្រៃឈើ​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​ និង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​តែ​បន្ត​មាន​ការកាប់​ឈើ​ជា​ហូរហែ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់ ហើយ​ក៏​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ដែរ​។ ជនល្មើស​បាន​ប្រើប្រាស់​ម៉ាស៊ីន អារឈើ​ប្រភេទ​រ៉ៃ​សម្រាប់​អារ​នៅក្នុង​ព្រៃ​នោះ​តែម្ដង​។ ក្រោយពី​អារច្រៀក​ជា​បន្ទះក្ដារ​រួចហើយ ពួកគេ​បាន​ដឹកជញ្ជូន​ចេញ​ពី​ព្រៃ​ទៅ​តាម​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​យ៉ាង​រលូន​ដោយ​គ្មាន​រំខាន​សមត្ថកិច្ច​នៅ​តំបន់​នោះទេ​។

លោក​ ជា ហ៊ាន បាន​ឲ្យ​ដឹងថា​កាលពី​សប្ដាហ៍​មុន​លោក​បាន​ចុះទៅ​ដល់​ទីតាំង​នោះ​ផ្ទាល់ ដោយ​ពិនិត្យ​ឃើញ​ថា ដើមឈើ​ដែល​ត្រូវបាន​កាប់​សម្រាប់​ត្រៀម​អារច្រៀក​ជា​បន្ទះក្ដារ​នោះ​ប្រហែល​ជិត​ ៤០ ​ម៉ែត្រគុប​ដាក់​គរ​ជា​គំនរ​នៅក្បែរ​រោងម៉ាស៊ីន​អារ​ ១ ​កន្លែង​ក្នុង​តំបន់ ជួរ​ភ្នំក្រវាញ​ខាងត្បូង​។ កន្លងមក​រោង​ម៉ាស៊ីន​អារឈើ​នេះ​ធ្លាប់​ត្រូវបាន​បង្ក្រាប​ម្ដង​រួចមកហើយ​ ប៉ុន្ដែ​ពេលនេះ​ជនល្មើស​នៅតែ​បន្តធ្វើ​អាជីវកម្ម​កាប់​អារឈើ​ដដែល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្រោង​ចុះទៅ​ទីតាំង​នោះ​ម្ដងទៀត ហើយ​នឹង​ស្នើសុំ​កម្លាំង​ប្រដាប់អាវុធ​ទៅ​ជាមួយ​គឺ​ទៅ​ចាប់​ខ្លួន​ម្ចាស់​ទីតាំង និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ហ្នឹង​តែម្ដង​។ យក​ទាំង​សម្ភារ ចាប់​ទាំង​ម្ចាស់ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​។ លើក​នេះ​គឺ​មិន​លើកលែង​ដាច់ខាត​។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​មិន​អើពើ​បង្ក្រាប​ទេ គឺ​ដេក​ចាំតែ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​ហ្នឹង​»​។

ទោះបី​យ៉ាងណា​លោក​ ជា ហ៊ាន មិន​កំណត់​ពេលវេលា​ជាក់លាក់​ដែល​នឹងត្រូវ​ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​តំបន់​នោះទេ ដោយ​លោក​ថា​មិន​ចង់​ឲ្យ​ជនល្មើស​ដឹង​មុន ដើម្បី​កុំ​ឲ្យ​ពួកគេ​រត់គេចខ្លួន​។ តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ជា​ទីកន្លែង​ដែល​មាន​អនុក្រឹត្យ​ដាក់​ជា​កន្លែង​សម្រាប់​អភិរក្ស រួមទាំង​ព្រៃឈើ និង​សត្វព្រៃ​។

ប៉ុន្តែ​លោក​ នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​អះអាង​ថា​៖ «​យើង​បង្ក្រាប និង​ទប់ស្កាត់​រួចរាល់​ហើយ គឺ​គ្មាន​បទល្មើស​អ្វី​ទេ យើង​បាន​ប្រមូល​ឈើ​ទាំងអស់​មក​ទុក​នៅ​ទីស្នាក់ការ​ឧទ្យានុរក្ស​ជួរ​ភ្នំក្រវាញ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ថ្មី​បន្ថែម​ទៀត​ពី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​ទេ​»​។

លោក​ ឡុង ស៊ី នាយក​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដែល​ជា​មន្ត្រី​ប្រចាំការ​នៅ​តំបន់​នោះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​មិនមាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដូច​ការលើកឡើង​របស់​សង្គមស៊ីវិល​នោះទេ​។ ប៉ុន្ដែ​លោក​ថា​អាច​មាន​ករណី​លួច​បាញ់​សត្វព្រៃ​ពី​សំណាក់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ដែរ​។ ចំណែក​ករណី​ដឹកជញ្ជូន​ឈើ ឬ​កាប់​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នាបច្ចុប្បន្ន​នេះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​។

លោក​បន្តថា មន្ត្រី​ជំនាញ​តែងតែ​ចុះ​ល្បាត​ជាប្រចាំ​ដោយ​កន្លងមក​សមត្ថកិច្ច​ធ្លាប់បាន​ឃាត់ខ្លួន​ជនល្មើស​ជាច្រើន​ករណី ហើយ​បាន​រឹបអូស​សម្ភារ​មួយចំនួន​ផងដែរ​។

លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជួយ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​។ ព្រោះ​មន្ត្រី​ដែល​គ្រប់គ្រង​ប្រចាំការ​នៅ​តំបន់​នោះ​មិន​គ្រប់គ្រាន់​ឆ្លើយតប​តាម​ទំហំ​ការងារ​នៅ​ទី​នោះទេ​។

លោក​ ឡុង ស៊ី បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ដឹង​ខាង​សង្គម​ស៊ីវិល​គាត់​ដើរ​តាម​ណា ដែល​បាន​រកឃើញ​បទល្មើស​ព្រៃឈើ​នេះ​ទេ​។ ព្រោះ​យើង​បាន​បង្ក្រាប​ជា​ហូរហែ​រួចមក​ហើយ ដោយ​សព្វ​ថ្ងៃនេះ​មិន​មាន​ករណី​បទល្មើស​ព្រៃឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ​។ សព្វថ្ងៃនេះ​មាន​តែ​ករណី​គេ​លួចបាញ់​សត្វព្រៃ​នៅពេល​យប់ គាត់​លួច​ដាក់​អន្ទាក់ តែ​រឿង​កាប់​ព្រៃឈើ គឺ​អត់​មាន​ទេ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ពី​ម្សិលមិញ មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​៕