កំពង់ស្ពឺៈ ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​លោក​ ជា ហ៊ាន ប្ដឹង​អ្នករំលោភ​ដីធ្លី​ ៥ ​នាក់​ [​មេភូមិ​ម្នាក់​] ​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ពាក់ព័ន្ធ​ការឈូសឆាយ​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ចំនួន​ ១១២ ​ហិកតា​ នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ ប៉ុន្តែ​មេភូមិ​អះអាង​ថា គាត់​សុខចិត្ត​ទទួល​ទោស​បើ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​ដីធ្លី​នោះ​។

តាម​ពាក្យបណ្ដឹង​របស់​លោក​ ជា ហ៊ាន ចុះ​ថ្ងៃទី​ ១៥ ​មិថុនា និង​ដាក់​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃ​នោះ​ដែរ​គឺ​លោក​ប្តឹង​ឈ្មោះ​ សឿន ណាក់ ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ​ឈ្មោះ​ មក ម៉ាន ឈ្មោះ​ មក ម៉េត ឈ្មោះ​ ខៀវ សារឿន និង​ឈ្មោះ​ អ៊ឹម សន មេភូមិ​ស្រែកិន​។ ពួកគេ​រស់នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ពួកគេ​រង​ការប្តឹង​ពី​បទ​ប៉ុនប៉ង​នៃ​បទឧក្រិដ្ឋ​ [​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់ និង​រារាំង​មន្ត្រី​ជំនាញ​ក្នុង​ការអនុវត្ត​ច្បាប់​]​។

ពាក្យបណ្ដឹង​បន្តថា មន្ត្រី​អង្គការ ACNCIPO កាលពី​ថ្ងៃទី​ ៥ ​មីនា ឆ្នាំ​ ២០២០ បាន​ចុះ​អង្កេត​នៅ​តំបន់ អូរពង្រ ក្នុង​ភូមិ​ស្រែកិន ដោយ​បានឃើញ​ឈ្មោះ​ មក ម៉ាន ឈ្មោះ​ មក ម៉េត និង​ឈ្មោះ​ ខៀវ សារឿន កំពុង​រុករាន​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ចំនួន ​១១២ ​ហិកតា​នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ [​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​]​។ ក្រោយមក​នៅ​ថ្ងៃទី​ ៨ ​មិថុនា ឆ្នាំ​ ២០២០ អង្គការ​បាន​ស្នើ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ចុះ​កំណត់​លេខ​យាមការ​ក្នុង​ការដកហូត​ទីតាំង​ដីព្រៃ​ដែល​គេ​កាប់​រានទន្ទ្រាន​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

ពាក្យបណ្ដឹង​បន្ថែម​ថា បន្ទាប់មក​នៅ​ថ្ងៃទី​ ១១ ​មិថុនា ឆ្នាំ​ ២០២០ មន្ទីរ​បរិស្ថាន​ចេញ​បញ្ជា​បេសកកម្ម​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចុះ​កំណត់​យាមការ​។ ប៉ុន្ដែ​ឈ្មោះ​ សឿន ណាក់ និង​បក្ខពួក​ជាង​ ១០ ​នាក់​ផ្សេងទៀត​បាន​ធ្វើ​សកម្មភាព​យក​ទូរស័ព្ទដៃ​ថត​រថយន្ត​មន្ត្រី​ដែល​កំពុង​ចត​ក្បែរ​ដី​ដែល​ត្រូវ​កំណត់​លេខ​យាមការ​ព្រមទាំង​គំរាមកំហែង​មន្ត្រី និង​មន្ត្រី​អង្គការ​ ACNCIPO ​ថែមទៀត​។

លោក​ ជា ហ៊ាន ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ថា​ក្រោយពី​ សឿន ណាក់ បាន​ថត​លោក និង​មន្ត្រី​បរិស្ថាន​បុគ្គល​រូបនេះ​បាន​គំរាម​ឲ្យ​ប្រគល់​ត្រាក់ទ័រ​ ២ ​គ្រឿង​ឲ្យ​ទៅ​គាត់​វិញ​ជាបន្ទាន់​។ បើ​មិន​ឲ្យ​ទេ គាត់​នឹង​ប្តឹង​ទៅ​តុលាការ​។ បុគ្គល​រូបនេះ​នៅតែ​ថត ទើប​លោក​ចាប់​ទូរស័ព្ទ​មិន​ឲ្យ​ថត និង​មិន​ឲ្យ​ទៅ​រារាំង​មន្ត្រី​ជំនាញ​បរិស្ថាន​ក្នុង​ការចុះ​បំពេញ​បេសកកម្ម​។

លោក​ថា ភ្លាមៗ​នោះ​ឈ្មោះ​ សឿន ណាក់ បាន​នាំ​បក្ខពួក​ជាង​ ១០ ​នាក់​ ដោយ​ដៃ​កាន់ដំបង និង​អ្នកខ្លះ​មាន​កាំបិត​មក​គំរាម​លោក និង​មន្ត្រី​បរិស្ថាន​ឲ្យ​ប្រគល់​ត្រាក់ទ័រ ២ ​គ្រឿង​ដែល​លោក និង​មន្ត្រី​ឧទ្យានុរក្ស​ភ្នំ​ឱរ៉ាល់​ចាប់​ប្រគល់​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ស្នាក់​ការរង ស្រែ​កិន​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក​ ជា ហ៊ាន បញ្ជាក់​ថា​៖ «​ខ្ញុំ​ដាក់​ប្ដឹង​ពួកគាត់​ទាំង​ ៥ ​នាក់​ហ្នឹង ហើយ​គឺ​ចោទ​ពី​បទ​ប៉ុនប៉ង​នៃ​បទឧក្រិដ្ឋ​រារាំង​មន្ត្រី​ជំនាញ​ក្នុង​ពេល​បំពេញ​បេសកកម្ម និង​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់ និង​ទាមទារ​សំណង​នៃ​ជំងឺ​ចិត្ត​ ១០០ ​លាន​រៀល និង​ផ្តន្ទាទោស​តាមច្បាប់​ទៅលើ​បុគ្គល​ទាំង​ ៥ ​នាក់​នេះ​»​។

លោក​ ខៃ សម្ភស្ស ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ប្រាប់ថា លោក​មិនទាន់​បាន​ឃើញ​សំណុំ​រឿង​នេះ​ទេ​។

លោក​ ទេព ណែម មេឃុំ​ត្រពាំងជោ​ប្រាប់​ពី​ម្សិលមិញ​ថា ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ពិតជា​មាន​ការរំលោភ​ពី​សំណាក់​ពលរដ្ឋ​មួយ​ក្រុម​តូច​ដែល​មាន​មូលដ្ឋាន​នៅ​ភូមិ​ស្រែកិន​មែន​។

លោក​ថា​៖ «​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​មក​ថា មេភូមិ អ៊ឹម សន អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​រំលោភ​យក​ដី​ហ្នឹង ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ច្រើន លើក​ហើយ​កុំ​ទៅ​ប៉ះពាល់​ដី​ហ្នឹង ដី​របស់​រដ្ឋ​ទេ​។ បើ​គាត់​នៅ​តែ​មិន​ស្ដាប់​តាម​ខ្ញុំ ខ្ញុំ​ក៏​អត់​មាន​យោបល់​អ្វី​ដែរ​។ ខ្ញុំ​ទុក​ឲ្យ​មន្ត្រី​ជំនាញ​ខាង​បរិស្ថាន គាត់​ចាត់ចែង​តាម​នីតិវិធី​របស់​គាត់​ទៅ​។ គាត់​ចង់​ប្ដឹង ក៏​ប្ដឹង​ទៅ ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​បាន​ជួយ​សម្របសម្រួល និង​ប្រាប់​មេភូមិ​ហ្នឹង​ច្រើនលើក​ហើយ​»​។

លោក​ អ៊ឹម សន មេភូមិ​ស្រែកិន អះអាង​ពី​ម្សិលមិញ​ថា ការ​ចោទ​រូបលោក​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ភ័ស្តុតាង​ត្រឹមត្រូវ​។ លោក​ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ បើ​មាន​ការកោះហៅ​តាម​ពាក្យបណ្ដឹង​របស់​លោក​ ជា ហ៊ាន​។

លោក​ថា​៖ «​ខ្ញុំ​មិនបាន​ទៅ​ពាក់ព័ន្ធ​អ្វី​នឹង​ដី​នៅ​តំបន់​ហ្នឹង​ទេ ហើយ​ការចោទប្រកាន់​ខ្ញុំ​នេះ​គឺ​មិនមែន​ជា​ការពិត​ទេ​។ ខ្ញុំ​សុខចិត្ត​ទទួលទោស​តាមច្បាប់ បើ​ខ្ញុំ​ពាក់ព័ន្ធ​នឹង​ដី​ហ្នឹង​មែន ហើយ​ឲ្យ​ ជា ហ៊ាន ប្ដឹង​ខ្ញុំ​ទៅ ខ្ញុំ​មិន​ខ្លាច​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ទេ ព្រោះ​ខ្ញុំ​មិនដឹង​រឿង​ហ្នឹង​។ ពលរដ្ឋ​ទាំងអស់​ហ្នឹង មិនដឹង​គាត់​មកពី​ណា ពី​ណី​ផង ហើយ​មក​ចោទ​ខ្ញុំ​អ្នកដឹកនាំ​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​ទៅវិញ​»​។

លោក​ ជូ ច័ន្ទដារ៉ារិទ្ធិ មន្ត្រី​បរិស្ថាន ខេត្ត​​កំពង់ស្ពឺ​ដែល​បាន​ចុះ​កំណត់​យាមការ​ដី​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ថ្លែង​ពីថ្ងៃ​ទី​ ១៥ ​មិថុនា ថា​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រមាណ​ជាង​ ១០០ ​ហិកតា ​ត្រូវ​បាន​ជនខិលខូច​រំលោភ​យក​ដោយ​ខុសច្បាប់​តាមរយៈ​ការឈូសឆាយ​ដី​ព្រៃ និង​ព័ទ្ធរបង ព្រមទាំង​បាន​សាងសង់​តង់​ជាច្រើន​កន្លែង​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ចុះទៅ​វាស់វែង​ដី​ទីតាំង​នោះ​ម្ដងទៀត ព្រោះ​យើង​វាស់​បាន​តែ​ពាក់កណ្ដាល​នៃ​ទំហំ​ដី​ដែល​គេ​រំលោភបំពាន​ហ្នឹង​ទេ​»៕