
ក្រុមសកម្មជនព្រៃឡង់ ធ្វើយុទ្ធនាការកាន់បដាដែលសរសេរថា «បិទរោងចក្រអារឈើនៅទូទាំងប្រទេស»។ រូបថត FB
ភ្នំពេញៈ សកម្មជនព្រៃឈើ និងសិទ្ធិមនុស្សបាននាំគ្នាធ្វើយុទ្ធនាការ ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លុបបំបាត់ការកាប់បំផ្លាញព្រៃឈើដោយលុបបំបាត់រោងចក្រអារឈើនៅទូទាំងប្រទេសដែលយុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃទី ១ មេសារហូតដល់ការទាមទារទទួលបានជោគជ័យ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនចាប់អារម្មណ៍ចំពោះការធ្វើយុទ្ធនាការនេះទេ ដោយថ្លែងថា ការទប់ស្កាត់បទល្មើសព្រៃឈើគឺត្រូវបានធ្វើឡើងតាមច្បាប់។
យុទ្ធនាការរបស់យុវជនដែលជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សនេះគឺទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់លិខិតអនុញ្ញាតឱ្យដឹកជញ្ជូនផល និងអនុផលព្រៃឈើ បិទរោងចក្រអារឈើនៅទូទាំងប្រទេស និងដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
លោក ហេង ស្រស់ សកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា យុទ្ធនាការនេះគឺធ្វើឡើង ៣ ដំណាក់កាលដោយទី ១ ផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០។ ទី ២ ដើរជិះម៉ូតូ ឬគោយន្តនៅទូទាំងខេត្តទាំង ៤ នៃតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ មេសា និងទី ៣ ធ្វើយុទ្ធនាការដើរ ជិះម៉ូតូ ឬគោយន្តនៅទូទាំងប្រទេសរហូតទាល់តែរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើ។
លោកថ្លែងថា៖ «នៅទូទាំងប្រទេសគឺយើងធ្វើយុទ្ធនាការដើម្បីផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់អំពីសារៈសំខាន់នៃការការពារធនធានធម្មជាតិហើយប្រសិនបើបាត់បង់ធនធានធម្មជាតិទៅ តើរងផលប៉ះពាល់អីខ្លះ។ អ៊ីចឹងធ្វើយុទ្ធនាការហ្នឹងដើម្បីឱ្យពលរដ្ឋចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ»។
លោកបន្តថា៖ «យុទ្ធនាការនេះធ្វើឡើងដោយក្រុមបរិស្ថាន និងសិទ្ធិមនុស្សដោយមិនមានស្ថាប័នណាជាអ្នកផ្ដួចផ្ដើមទេ គឺរួមគ្នាធ្វើដែលសុទ្ធតែជាអ្នកស្រឡាញ់ធនធានធម្មជាតិ និងមានទាំងបណ្ដាញសហគមន៍នៅតាមបណ្ដាខេត្តមួយចំនួនក៏បានចូលរួមដែរ»។
លោក ហេង ស្រស់ បញ្ជាក់ថាមកដល់ពេលនេះគឺមានអ្នកចូលរួមជិត ១០០ នាក់ហើយ ខណៈលោកអះអាងថា ការធ្វើយុទ្ធនាការនៅពេលនេះគឺស្វាគមន៍មនុស្សគ្រប់ប្រភេទដែលចង់ចូលរួមការពារធនធានធម្មជាតិរាប់ចាប់តាំងពីព្រះសង្ឃ ក្រុមយុវជនរហូតដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីតុលាការជាដើម។
ក្រុមយុវជនមួយចំនួនបានចាប់ផ្ដើមថតបង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុកដោយកាន់បដាដែលខ្លះសរសេរថា «បិទរោងចក្រអារឈើនៅទូទាំងប្រទេស»។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនបានចាប់អាម្មរណ៍ចំពោះការធ្វើយុទ្ធនាការនេះឡើយ ដោយបានអះអាងថាការទប់ស្កាត់បទល្មើសព្រៃឈើគឺត្រូវអនុវត្តទៅតាមច្បាប់។
លោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា កន្លងមកមានរោងចក្រអារឈើខុសច្បាប់ជាបន្តបន្ទាប់ត្រូវបានបង្ក្រាប ហើយចំពោះក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចគឺអនុញ្ញាតឱ្យកាប់ឈើក្នុងដីសម្បទានប៉ុណ្ណោះ ដើម្បីកែច្នៃយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ។ លោកបន្តថា រដ្ឋាភិបាលមិនអាចលុបបំបាត់រោងចក្រកែច្នៃឈើបានឡើយ ព្រោះកម្ពុជាមានតម្រូវការឈើដែលកែច្នៃទាំងនោះ ហើយរោងចក្រទាំងនោះក៏បានបង់ពន្ធជូនរដ្ឋដែរ។
លោកបន្តថា៖ «កាលណា (ក្រុមហ៊ុន) ឈូសឆាយទៅគឺអាចយកផល និងអនុផលព្រៃឈើយកមកកែច្នៃហើយក៏បានបង់ពន្ធជូនរដ្ឋគ្រប់ចំនួនដែរ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងយ៉ាងខ្លីថា រដ្ឋាភិបាលការពារធនធានធម្មជាតិគឺធ្វើឡើងស្របទៅតាមច្បាប់។ លោកបន្តថា៖ «ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានាគឺអនុវត្តទៅតាមការងាររបស់យើងហើយស្របទៅតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងៗ»។
ការធ្វើយុទ្ធនាការនេះបានធ្វើឡើងបន្ទាប់ពីសកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា នៅក្នុងអំឡុងនៃការផ្ទុះឡើងជំងឺឆ្លងកូវីដ១៩ បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងមានការកើនឡើងខ្លាំងជាងមុន ដោយសារក្រុមហ៊ុនចំនួន ៣ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ព្រៃឡង់មានដូចជាក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) និងក្រុមហ៊ុន ធីង៉ា បានប្រើក្រុមកម្មករចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដោយកាប់ផ្ដួលរំលំដើមឈើ ហើយដឹកឈើទាំងនោះចូលទៅរោងចក្រដែលស្ថិតនៅក្បែរតំបន់ព្រៃឡង់មុននឹងដឹកចូលទៅក្នុងក្រុមហ៊ុនធំ។
ប៉ុន្តែទោះយ៉ាងណាមន្ត្រីក្រសួងបរិស្ថានអះអាងថា បទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់គឺនៅសល់តែបទល្មើសខ្នាតតូចដែលប្រព្រឹត្តឡើងដោយពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃការពារនេះប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនទាំង ៣ ខាងលើដែលរងការចោទប្រកាន់មិនអាចទាក់ទងសុំអធិប្បាយបាន៕