
គំនរឈើដែលរកឃើញនៅខេត្តកោះកុង ថ្ងៃទី ១៥ មិថុនា។ FB ជា ហ៊ាន
ភ្នំពេញៈ ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ស្នើទៅក្រសួងបរិស្ថានឲ្យផ្ដល់រថយន្ដដឹកជញ្ជូនវត្ថុតាងបទល្មើសព្រៃឈើដល់មន្ទីរបរិស្ថានតាមខេត្ដ ដោយលោកគ្រោងដាក់លិខិតស្នើទៅក្រសួងនៅសប្ដាហ៍ក្រោយ ប៉ុន្ដែមន្ត្រីថា ការស្នើឡើងនេះជាយោបល់ល្អផង និងអាក្រក់ផង។
លោក ជា ហ៊ាន ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា ក្រសួងបរិស្ថានគួរតែផ្តល់រថយន្តជាមធ្យោបាយដឹកជញ្ជូនឈើ ឬវត្ថុតាងបទល្មើសដល់មន្ទីរបរិស្ថាន សម្រាប់ឲ្យមន្រ្តីឧទ្យានុរក្សដែលចុះបង្រ្កាបបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អាចដឹកជញ្ជូនវត្ថុតាងទាំងនោះមករក្សាទុកនៅដែនសមត្ថកិច្ចរបស់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំពិតជាខ្មាសជនល្មើសណាស់បន្ទាប់ពីចុះល្បាតនឹងឧទ្យានុរក្សបរិស្ថានម្តងៗ ចាប់បានបទល្មើសហើយគ្មានមធ្យោបាយ ដឹកជញ្ជូន ក្នុងនាមអ្នកបង្រ្កាប។ ចាញ់ជនល្មើសដែលពួកគេ មានមធ្យោបាយ ដឹកជញ្ជូនដល់គោលដៅរបស់គេរហូតដល់ប្រទេស វៀតណាម ឬតាមបណ្តាប្រទេសមួយចំនួនទៀត»។
លោក ជា ហ៊ាន ឲ្យដឹងថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយលោកនឹងធ្វើលិខិតមួយដាក់ស្នើទៅក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។
លោកថា៖ «ខ្ញុំនឹងត្រៀមធ្វើលិខិតមួយស្នើទៅឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន [សាយ សំអាល] ស្នើសុំរថយន្ដ សម្រាប់ប្រគល់ឲ្យមន្ទីរបរិស្ថានចាត់ចែង ព្រោះបើមិនមានរថយន្ដសម្រាប់ដឹកជញ្ជូនទេ ការបង្រ្កាបបទល្មើសព្រៃឈើគឺមិនបានជោគជ័យទេ។ បើយើងគ្មានមធ្យោបាយដឹកជញ្ជូន យើងកម្ទេចវត្ថុតាងនោះចោល វាដូចជាខ្មាសជនល្មើស។ ជនល្មើសដឹកឈើតាំងពីតំបន់អភិរក្សរហូតដល់ប្រទេស វៀតណាម ប៉ុន្ដែក្នុងនាមយើងជាមន្រ្ដីអនុវត្ដច្បាប់អត់មានលទ្ធភាពដឹកជញ្ជូន។ យើងគួរតែខ្មាសជនល្មើស»។
លោកថា ពេលសហការជាមួយមន្រ្ដីឧទ្យានុរក្សបរិស្ថាន ចុះល្បាត រុករកឃើញទីតាំងបទល្មើសព្រៃឈើហើយ ប៉ុន្ដែគ្មានមធ្យោបាយសម្រាប់ទឹកជញ្ជូនវត្ថុតាងទាំងនោះទៅរក្សាទុកនៅស្នាក់ការ ដើម្បីអនុវត្ដតាមនីតិវិធី។
លោកបន្ដថា៖ «យើងមានថវិកាសម្រាប់ជួលប្រជាពលរដ្ឋនៅទីនោះ (ទីតាំងរុករកឃើញបទល្មើសព្រៃឈើ) ដើម្បីដឹកជញ្ជូនឈើជាវត្ថុតាង ប៉ុន្ដែប្រជាពលរដ្ឋមិនព្រមធ្វើទេ ដោយសារពួកគាត់ខ្លាចម្ចាស់វត្ថុតាងបទល្មើសនោះ គុំកួន»។
បើតាមលោក ជា ហ៊ាន មធ្យោបាយក្នុងការដឹកវត្ថុតាងបទល្មើសព្រៃឈើដែលរកឃើញ លុះត្រាតែមានរថយន្ដសម្រាប់ដឹក និងរថយន្ដស្ទូច ទើបអាចយកវត្ថុតាងទាំងនោះទៅដែនសមត្ថកិច្ច អនុវត្ដតាមនីតិវិធីបាន។
លោកថា៖ «មន្រ្ដីឧទ្យានុរក្ស ដែលពួកគាត់ជួបការលំបាកក្នុងការដឹកជញ្ជូនវត្ថុតាងបទល្មើសព្រៃឈើនេះ ពួកគាត់តែងតែស្នើទៅព្រះរាជអាជ្ញា ដើម្បីដុតកម្ទេចវត្ថុតាងទាំងនោះចោល។ ប៉ុន្តែបើដុតកម្ចេចវត្ថុតាងទាំងនោះចោលប្រៀបបីដូចជាចូលរួមបំផ្លាញវត្ថុតាងចោលដែរ»។
ឆ្លើយតបនឹងការលើកឡើងរបស់សកម្មជនការពារព្រៃឈើនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីដឹកវត្ថុតាងមកកាន់ទីតាំងសុវត្ថិភាព។ អ្វីដែលជាការស្នើឡើងនេះជាយោបល់ល្អ ប៉ុន្តែគំនិតអាក្រក់។
លោកបញ្ជាក់ថា៖ «គំនិតអាក្រក់ ព្រោះជាការលើកទឹកចិត្តឲ្យមានបទល្មើសធនធានធម្មជាតិ ហើយត្រៀមមធ្យោបាយ ដើម្បីដឹកជញ្ជូនឈើដែលត្រូវបានកាប់ដោយជនល្មើស»។
បើតាមលោក ភក្ត្រា មន្ត្រីឧទ្យានុរក្ស នៅតាមតំបន់ការពារធម្មជាតិផ្សេងទៀត បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិព្រៃឈើ និងការពារសត្វព្រៃ ហើយមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីល្បាតនៅក្នុងតំបន់របស់ខ្លួន។
លោកថា៖ «ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការងារអភិរក្សនេះ ហើយបានអនុវត្តវិធានការចាំបាច់នានារួមទាំងការអប់រំ ការផាកពិន័យ និងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស ដើម្បីធានាថាធនធានធម្មជាតិដែលកម្ពុជាមានពេលបច្ចុប្បន្នត្រូវបានរក្សាគង់វង្ស»។
លោក កែវ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លើកឡើងថា ពាក់ព័ន្ធនឹងមធ្យោបាយដឹកជញ្ជូននេះ ក្រសួងបរិស្ថានតែងតែយកចិត្ដទុកដាក់ក្នុងការផ្ដល់ដល់មន្ទីរបរិស្ថាន ប៉ុន្ដែការផ្ដល់នៅមិនទាន់បានសមរម្យនៅឡើយ។
លោកបន្ដថា៖ «យើងក៏មានអង្គការជាតិ និងអន្ដរជាតិមួយចំនួនបានផ្ដល់ជាមធ្យោបាយមួយចំនួនសម្រាប់ការដឹកជញ្ជូន និងការចុះល្បាតរបស់មន្រ្ដីឧទ្យានុរក្សដែរ ក្រសួងបរិស្ថានក៏ជួយដែរ។ ប៉ុន្ដែមិនទាន់ដល់កម្រិតតម្រូវការរបស់យើង ហើយអ្វីដែលខ្វះខាតនោះ គឺមធ្យោបាយដឹកជញ្ជូនវត្ថុតាងនេះតែម្ដង»។
លោក សុភ័ក្ត្រ បន្ថែមថា ក្រៅពីមធ្យោបាយម៉ូតូសម្រាប់ចុះល្បាត មន្រ្ដីឧទ្យានុរក្ស ក៏បានច្នៃគោយន្ដដោយខ្លួនឯង ដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូនដែរ។ ប៉ុន្ដែមធ្យោបាយនេះមិនបានស្ថិតស្ថេរនោះទេ ព្រោះងាយនឹងខូចខាតណាស់ ដោយសារស្ថានភាពផ្លូវនៅក្នុងព្រៃមានការលំបាក ហើយមន្រ្ដីឧទ្យានុរក្សមិនសូវមានបច្ចេកទេសក្នុងការប្រើរថយន្ដកែច្នៃ។
លោកបន្តថា៖ «យើងមានមធ្យោបាយដឹកជញ្ជូន គ្រាន់តែមួយរយៈកាលចុងក្រោយនេះ វាមានការដឹកជញ្ចូនច្រើន អ៊ីចឹងទៅវារាងទន់ដៃទន់ជើងដែរ។ ដូចចំណុចយើងចាប់បទល្មើសព្រៃឈើបានកាលពីថ្ងៃទី ១៩ ខែ ឧសភា ២០១៩ នេះ មានឈើចំនួន ៨១០ កំណាត់ យើងមិនបានយកមកដាក់ស្នាក់ការទេ។ យើងរក្សាវានៅទីតាំងកើតហេតុ ដោយយើងបង្កើតស្នាក់ការមួយនៅទីតាំងនោះតែម្ដង យកកម្លាំងពីស្នាក់ការផ្សេងៗទៅយាមវត្ថុតាងនោះតែម្ដង ដោយសារតែករណីនេះ យើងខ្វះមធ្យោបាយដឹកជញ្ជូន»។
លោក សុភ័ក្ត្រ ថ្លែងថា កន្លងមករដ្ឋមន្រ្ដីក្រសួងបរិស្ថានបានព្យាយាមខ្លាំងចំពោះការផ្គត់ផ្គង់ឲ្យបានល្អ និងដិតដល់ ចំពោះមន្រ្ដីបរិស្ថាន។ ប៉ុន្ដែលោកក៏បានសំណូមពរដល់រដ្ឋាភិបាល ក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូនវត្ថុតាងបន្ថែម។
លោកបន្ថែមថា៖ «ខ្ញុំឃើញថាមានការខ្វះខាតមែន ទោះបីយើងមានអង្គការដៃគូជួយគាំទ្រមែន តែអង្គការដៃគូយើង ថវិកាគេមានកំណត់ សម្រាប់ការងារដឹកជញ្ជូននេះ។ អ្វីដែលយើងធ្វើបានកន្លងមកវាជាការកែច្នៃរបស់មន្ទីរ និងក្រសួងបរិស្ថានតែម្ដង»៕