ក្រចេះ៖ លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក និងក៏ជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងពលរដ្ឋសហគមន៍ព្រៃឡង់ ៣ នាក់ទៀត កំពុងស្ថិតក្រោមការសួរចម្លើយពីតុលាការខេត្តក្រចេះ ក្រោយពីមានបណ្ដឹងពីក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ដោយចោទពួកគេចូលក្រុមហ៊ុនគ្មានការអនុញ្ញាត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៣ មីនា។
លោក ទីវ វុធធេង អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះថ្លែងពីម្សិលមិញថា លោកមិនទាន់បានដឹងពីសំណុំរឿងនេះទេ ដោយសារត្រូវនឹងថ្ងៃឈប់សម្រាករបស់លោក។ ឯលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
ប៉ុន្ដែលោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានដែលកំពុងតវ៉ានៅខាងមុខសាលាដំបូងខេត្តក្រចេះសុំឲ្យដោះលែងមនុស្សទាំង ៤ នាក់ ឲ្យដឹងថា លោក អ៊ូច ឡេង និងសកម្មជនព្រៃឡង់ ៣ នាក់ទៀត ត្រូវបានប្ដឹងដោយលោក ឡាច ផាន់ណូ តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) (Think Biotech Co., Ltd)។ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ចំនួន ៣ បទល្មើសទៅតាមក្រមព្រហ្មទណ្ឌមាត្រា ២៩៩ និងមាត្រា ៣៦០ និងមាត្រា ៣២ ច្បាប់ស្ដីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាលើកទី ១ ហើយ ដែលច្បាប់នេះត្រូវបានលើកយកមកចោទប្រកាន់លើលោក អ៊ូច ឡេង។
លោក គង់ ស៊ីដន ស្នងការរងនគរបាលខេត្តក្រចេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ជនសង្ស័យទាំង ៤ នាក់ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តក្រចេះរួចរាល់នៅព្រឹកថ្ងៃទី ១៥ មីនា បន្ទាប់ពីមន្ត្រីបានធ្វើការសាកសួរពីដើមហេតុ ជុំវិញបណ្ដឹងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បីឲ្យតុលាការចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត។
លោក ស៊ីដន បញ្ជាក់ថា៖ «ខ្ញុំទទួលបណ្ដឹងក្រុមហ៊ុន គឺពួកគាត់បាននាំគ្នាចូលក្នុងទីស្នាក់ការក្រុមហ៊ុនដែលកន្លែងហាមឃាត់ ហើយគាត់នាំគ្នាថតរូបនៅក្នុងស្នាក់ការគេដោយគ្មានការអនុញ្ញាតដែរ។ ព្រោះកន្លងមកក្រុមហ៊ុន ធ្លាប់បានបាត់បង់សម្ភារមួយចំនួនដែលត្រូវបានគេលួច។ ដូច្នេះក្រុមហ៊ុនបានប្រគល់សំណុំរឿងនេះមកសមត្ថកិច្ចធ្វើការងារនេះបន្ត»។
លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ដោយលោកទទួលទូរស័ព្ទ ប៉ុន្ដែចុចផ្ដាច់ទៅវិញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានពីម្សិលមិញថា លោកបានទទួលព័ត៌មាននេះដែរ ប៉ុន្ដែលោកគ្មានមតិយោបល់អ្វីជុំវិញការឃាត់ខ្លួនសកម្មជនការពារព្រៃឈើនេះទេ។
លោក លូ ឈូឆាង នាយកក្រុមហ៊ុន និងលោក ជា ពៅ តំណាងបុគ្គលិកក្រុមហ៊ុន ស៊ីងបាយអូថេក ពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
សកម្មជនព្រៃឈើលោក ហេង ស្រស់ ថ្លែងពីម្សិលមិញថា អ្នកទាំង ៤ នាក់ ត្រូវបានសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក ឃាត់ខ្លួន និងនាំចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅម៉ោង ៩ ព្រឹក នាថ្ងៃទី ១៣ ខែមីនា។ ពួកគេត្រូវបានក្រុមហ៊ុនសាកសួរ និងមិនអនុញ្ញាតឲ្យចេញពីទីតាំងក្រុមហ៊ុន រហូតដល់ម៉ោង ៤ រសៀលល្ងាចថ្ងៃដដែល ទើបមានដំណឹងថា ពួកគេត្រូវបានក្រុមហ៊ុនប្រគល់ជូននគរបាលស្រុកសំបូរ។
លោកបន្តថា មុនពេលកើតហេតុ អ្នកទាំង ៤ នោះ បានធ្វើដំណើរដោយម៉ូតូ ដើម្បីស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ។ ពួកគេបានស្នាក់នៅផ្ទះរបស់ពលរដ្ឋ ដែលស្ថិតនៅចំណុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ នៅជាប់របងក្រុមហ៊ុន។ ក្រោយមកសន្តិសុខក្រុមហ៊ុនហៅពួកគាត់ចូលក្នុងក្រុមហ៊ុន ហើយនាំខ្លួនទៅសាកសួរជុំវិញការការពារព្រៃឈើ។ ប៉ុន្ដែស្រាប់តែក្រុមហ៊ុនមិនអនុញ្ញាតឲ្យត្រឡប់មកវិញ ក៏បញ្ជូនខ្លួនទៅសមត្ថកិច្ចតែម្ដង។
លោកបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ពួកគាត់នៅក្នុងដៃតុលាការនៅឡើយ ខ្ញុំអត់ទាន់ដឹងតុលាការសម្រេចយ៉ាងណាទេ ហើយខ្ញុំសូមអំពាវនាវឲ្យតុលាការដោះលែងពួកគាត់ ព្រោះពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ»។
លោក អ៊ូច ឡេង ជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize និងពលរដ្ឋសហគមន៍ព្រៃឡង់ ៣ នាក់ផ្សេងទៀត គឺលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានកងសន្តិសុខក្រុមហ៊ុន Think Biotech ឃាត់ខ្លួនទាំង ៤ នាក់ កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា។
បន្ទាប់ពីមានការឃាត់ខ្លួនសកម្មជនការពារព្រៃឈើទាំង ៤ នាក់នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៥ ស្ថាប័ន រួមមាន សមាគមអាដហុក អង្គការលីកាដូ បណ្តាញយុវជនកម្ពុជា (CYN) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងក្រុមអ្នកស្រឡាញ់បរិស្ថានជាង ១០ នាក់ទៀត បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី ១៤ មីនា ថ្កោលទោសក្រុមហ៊ុន Think Biotech។ អង្គការទាំងនោះ ថា ការប្រើកងកម្លាំងសន្តិសុខ ឃាត់ខ្លួនសកម្មជនបរិស្ថានទំាង ៤ នាក់ គឺជាការប្រើអំណាចដោយបំពាន និងជាការឃាត់ខ្លួនដោយខុសច្បាប់។
គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) (Think Biotech Co., Ltd) ទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំដើមឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារស្ថិតនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង៕