កំពង់ធំ/ព្រះវិហារ: ក្រុមសកម្មជនព្រៃឡង់បានសម្ដែងក្ដីរីករាយនិងអបអរសាទរជាខ្លាំង ខណៈដៃគូសហប្រតិបត្តិការក្នុងគម្រោងការពារព្រៃឡង់របស់ពួកគេ គឺអ្នកស្រី អ៊ីដា ថេឡាដ (Ida Theilade) ទទួលបានពានរង្វាន់កិត្តិយសពីសាកលវិទ្យាល័យកូប៉េនហាហ្គែន (University of Copenhagen) កាលពីសប្ដាហ៍មុនក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីម្ចាស់ក្សត្រិយ៍របស់ប្រទេសដាណឺម៉ាក។
អ្នកស្រី IdaTheilade គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅផ្នែកអភិវឌ្ឍន៍សាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក។ ក្នុងកម្មវិធីប្រគល់ពានរង្វាន់កិតិ្តយស ដែលធ្វើឡើងកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ថ្មីៗនេះ អ្នកស្រី Ida បានជួបពិភាក្សាជាមួយម្ចាស់ក្សត្រិយ៍ដាណឺម៉ាកអំពីការខិតខំប្រឹងប្រែងរបស់សហគមន៍ព្រៃឡង់ក្នុងកិច្ចការពារព្រៃឡង់និងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទទំនើបដើម្បីតាមដានសកម្មភាពក្នុងព្រៃ។ នេះបើតាមគេហទំព័របណ្ដាញសង្គមរបស់បណ្ដាញព្រៃឡង់។
លោក សុខ ប្លោក ប្រធានក្រុមល្បាតនៃបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ បានថ្លែងនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះថា អ្នកស្រី Ida Theilade ទទួលបានពានរង្វាន់កិត្តិយសពីសាកលវិទ្យាល័យ Copenhagen តាមរយៈកម្មវិធី App Prey Lang ដែលគាត់បានផ្ដួចផ្ដើមបង្កើតឡើងដើម្បីការពារព្រៃឡង់ក្នុងប្រទេសកម្ពុជា។
លោក ប្លោក បានថ្លែងថា៖ «តាមរយៈកម្មវិធី App Prey Lang ដែលអ្នកស្រី Ida បានបង្កើតឡើងនេះបានជួយសម្រួលដល់ការងារក្រុមសហគមន៍បណ្ដាញព្រៃឡង់យើងក្នុងការចុះល្បាតព្រៃ ត្រួតពិនិត្យ និងកំណត់ទីតាំងភូមិសាស្ត្រនិងការប្រមូលចងក្រងឯកសារនូវរាល់បទល្មើសព្រៃឈើនិងសត្វព្រៃដែលបានកើតឡើងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដើម្បីផ្ទុកជាទិន្នន័យ។ យើងពិតជារីករាយណាស់ពេលដែលបានទទួលដំណឹងថា គាត់[អ្នកស្រី Ida] ទទួលបានពានរង្វាន់កិតិ្តយស ពីសាកលវិទ្យាល័យ Copenhagen»។
ស្រដៀងគ្នានេះដែរ លោក ស្រី ថី ប្រធានសហគមន៍បណ្ដាញព្រៃឡង់ខេត្តព្រះវិហារ បានថ្លែបន្ទរថា តាមរយៈកម្មវិធីនេះ សកម្មជនព្រៃឡង់អាចចែករំលែកនូវព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃតាមគ្រប់រូបភាព ដែលក្រុមឧក្រិដ្ឋជនព្រៃឈើនិងសត្វព្រៃបានបង្កឡើងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។
លោក ថី បានឲ្យដឹងផងដែរថា ក្នុងអំឡុងពេលពិធីបុណ្យអុំទូក ក្រុមបណ្ដាញព្រៃឡង់របស់លោកបាននាំគ្នាចុះល្បាតព្រៃ រយៈពេល ៤ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែ វិច្ឆិកា ហើយបានបង្ក្រាប ចាប់រឹបអូសបានរណារយន្ត ១គ្រឿង នៅចំណុចភ្នំចោត និង រឹបអូសបានកាំភ្លើងកែច្នៃ២ដើម ស្នាសេះ ២ ដើម នៅចំណុចស្ទឹងព្រោង ក្នុងស្រុកជ័យសែនដែលក្រុមជនល្មើសបាននាំយកទៅលាក់ទុកដើម្បីប្រព្រឹត្តបទល្មើស។
ជាមួយគ្នានេះក្រុមការងាររបស់លោកក៏បានទប់ស្កាត់ពលរដ្ឋចំណាកស្រុកពីខេត្តកំពង់ធំនិងខេត្តសៀមរាបសរុប៨នាក់ផងដែរ ខណៈពួកគាត់ព្យាយាមបើកគោយន្តកែច្នៃចូលក្នុងតំបន់នោះដើម្បីកាប់ឈើ។
លោក ថី បានបញ្ជាក់ថា៖ «ការចុះល្បាតនេះគឺពួកយើងប្រើកម្មវិធី App Prey Lang ដើម្បីកំណត់ទីតាំងភូមិនៃបទល្មើសដែលបានកើតឡើងនិងចែករំលែកព័ត៌មានភ្លាមៗទៅកាន់ក្រុមបណ្ដាញរបស់យើងដើម្បីកត់ត្រាបញ្ចូលនៅក្នុងទិន្នន័យរបស់យើងទុកជាឯកសារ»។
លោក ថី បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំថា គម្រោងដែលគាំទ្រដោយរាជរដ្ឋាភិបាលដាណឺម៉ាកតាមរយៈសាកលវិទ្យាល័យ Copenhagen មួយនេះ នឹងបន្តកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំបន្ថែមទៀត៕