
សកម្មជនមាតាធម្មជាតិទាំង ២ រូបទៅស្រោចទឹកនៅវត្ត បន្ទាប់ពីត្រូវបានដោះលែងពីម្សិលមិញ។ រូបថត សហការី
កោះកុងៈសកម្មជនបរិស្ថាន មាតាធម្មជាតិ ២ រូបដែលត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារកាលពីព្រឹកម្សិលមិញ ក្រោយពេលជាប់ឃុំអស់រយៈពេល ៥ ខែពាក់ព័ន្ធនឹងការថតស្រឡាងរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលគេសង្ស័យថា បានធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់នោះបានប្តេជ្ញាថា ពួកគេនឹងនៅតែបន្តសកម្មភាពការពារបរិស្ថានតទៅទៀត។
លោក ហ៊ុន វណ្ណៈ អាយុ ៣៥ ឆ្នាំ និងយុវជន ឌឹម គុនឌី អាយុ ២១ ឆ្នាំសកម្មជនអង្គការមាតាធម្មជាតិដែលបានជាប់ពន្ធនាគារនៅខេត្តកោះកុងអស់រយៈពេល ៥ ខែមកហើយនោះត្រូវបានដោះលែងវិញហើយកាលពីម៉ោង ១១ ព្រឹកម្សិលមិញដោយមានការស្វាគមន៍ពីក្រុមគ្រួសារ និងមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួន។
សកម្មជនទាំង ២ រូបនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ មានកំណត់ពេល ១ ឆ្នាំកាលពីចុងខែមករា ប៉ុន្តែពួកគេត្រូវអនុវត្តទោស ៥ ខែនៅក្នុងពន្ធនាគារ ទោសនៅសល់ត្រូវព្យួរ និងពិន័យប្រាក់ម្នាក់ចំនួន ១ លានរៀល។
សំណុំរឿងនេះកើតចេញពីការប្តឹងរបស់ឈ្មោះ ចាន់ ណាគ្រី តំណាងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដោយសារសកម្មជនទាំង ២ រូបនេះបានថតរូបស្រឡាងធំៗចំនួន ២ នៅស្រុកព្រែកខ្សាច់ដែលពួកគេសង្ស័យថាកំពុងដឹកខ្សាច់ចេញពីកម្ពុជាដោយខុសច្បាប់។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ ហើយបន្ទាប់មកត្រូវបានចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល» និងបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយពេលដោះលែងកាលពីម្សិលមិញលោក ហ៊ុន វណ្ណៈ អះអាងថាលោកមិនបានប្រព្រឹត្តសកម្មភាពណាមួយដែលរំលោភច្បាប់នោះទេ។ លោកនិយាយថា៖ «ពួកគេបានប្លន់សេរីភាពរបស់យើងអស់រយៈពេល ៥ ខែ។ យើងមិនអាចទទួលយកលទ្ធផលរបស់តុលាការខេត្តកោះកុងបានទេ។ យើងនឹងប្តឹងទៅសាលាឧទ្ធរណ៍»។
លោក ហ៊ុន វណ្ណៈ និយាយថាពួកលោកមានពេលរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈនេះដើម្បីប្តឹងឧទ្ធរណ៍។
លោកបន្តថា ពួកលោកនឹងនៅតែបន្តសកម្មភាពការពារបរិស្ថានតទៅទៀតដោយបញ្ជាក់ថា៖ «យើងមិនបានបញ្ចប់នៅឡើយទេ។ យើងមានការងារច្រើនទៀតដែលត្រូវធ្វើ»។
ស្រដៀងគ្នានេះយុវជន ឌឹម គុនឌី បានអះអាងថាលោកសប្បាយចិត្ត ហើយនឹងបន្តសកម្មភាពសង្គមនេះតទៅទៀត។
គុនឌី និយាយថា៖ «ខ្ញុំមានអារម្មណ៍ហាក់ដូចជាសត្វស្វាត្រូវបានគេដោះលែងពីទ្រុង។ តែខ្ញុំមិនសប្បាយចិត្តជាមួយតុលាការទេ ខ្ញុំមានអារម្មណ៍ថា ពួកគេបានយកអ្វីម្យ៉ាងដែលមានសារៈសំខាន់ចេញពីខ្ញុំ និងពីមិត្តភក្តិខ្ញុំ»។ «ប៉ុន្តែការងាររបស់ខ្ញុំនៅតែបន្ត ដើម្បីរកដំណោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា។ ខ្ញុំធ្វើទៅតាមបេះដូងរបស់ខ្ញុំ»។
អ្នកស្រី ដួង សាក់ធារី ម្តាយរបស់យុវជន ឌឹម គុនឌី បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីសប្បាយចិត្តដែលកូនអ្នកស្រីត្រូវបានដោះលែង ប៉ុន្តែនៅមានការព្រួយបារម្ភដោយសារតែកូនអ្នកស្រី មិនបានធ្វើអ្វីខុស ហើយការដោះលែងនេះកូនអ្នកស្រីនៅមានឈ្មោះជាអ្នកទោសនៅឡើយ។ «កូនមិនអាចលះបង់អ៊ីចឹងមីងមិនដឹងធ្វើម៉េចមានតែលើកទឹកចិត្តឲ្យកូនបន្តទៅទៀត។ ខ្ញុំពន្យល់ថា ខ្លាចថ្ងៃក្រោយវាម៉េចៗ ព្រោះគាត់នៅមានឈ្មោះអ្នកទោសនៅឡើយទេ។ ខ្ញុំប្រាប់កូនឲ្យមានការប្រុងប្រយ័ត្ន។ ករណីនេះនៅតែអយុត្តិធម៌ព្រោះអីនៅមានឈ្មោះជាប់នៅឡើយ។ វាអយុត្តិធម៌ យើងអត់មានធ្វើអីខុស តែគេចាប់យើងដាក់គុក។ តែយើងរីករាយពេលគេដោះឲ្យនៅក្រៅឃុំ»។
លោក អ៊ិន គង់ជិត មន្ដ្រីអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានថ្លែងថា ការផ្តន្ទាទោសលើសកម្មជនបរិស្ថានទាំង ២ រូបនេះមិនគួរនឹងកើតមានទេ ហើយករណីនេះនឹងធ្វើឲ្យយុវជនភ័យខ្លាច មិនហ៊ានចេញមុខធ្វើកិច្ចការដែលមានប្រយោជន៍ដល់សង្គម។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា ពួកគេទាំង ២ នាក់មិនគួរទទួលការផ្តន្ទាទោសទេ ដោយសារកន្លងមកពួកគេបានអនុវត្តវិជ្ជាជីវៈរបស់ពួកគេក្នុងការងារចុះស៊ើបអង្កេតស្រាវជ្រាវប្រមូលព័ត៌មាន និងទិន្នន័យ និងចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។ វាធ្វើឲ្យយុវជនដទៃទៀតមិនហ៊ានចូលរួមក្នុងកិច្ចការសង្គមបាន ព្រោះគេភ័យខ្លាច និងបាក់ស្បាត»។
លោកបន្តថា៖ «ក្នុងករណី ដែលស្ថិតនៅក្រៅឃុំ ប្រសិនបើអ្នកទាំង ២ ទៅប្រព្រឹត្តបទល្មើសជាថ្មីនឹងចាប់ដាក់ពន្ធនាគារវិញ។ ខ្ញុំចង់បានយុត្តិធម៌ ប៉ុន្តែវាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ បើសិនជាសកម្មជនដូចយើងអាចយកឈ្នះក្រុមហ៊ុនដែលមានប្រាក់យ៉ាងសន្ធឹកសន្ធាប់ហើយនៅក្នុងប្រទេសដែលមិនមានយុត្តិធម៌សម្រាប់អ្នកក្រក្រី។ យុត្តិធម៌មានតែសម្រាប់អ្នកមានទេ»។
អង្គការមាតាធម្មជាតិ ត្រូវគេដឹងថា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិនៅខេត្តកោះកុង ជាពិសេសធ្វើសកម្មភាពប្រឆាំងនឹងអាជីវកម្មបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ទោះយ៉ាងណា ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះអង្គការនេះជាផ្លូវការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧៕