ភ្នំពេញៈ ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ៣ នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមនជិត ១០០ នាក់ឃាត់ខ្លួនអស់ជាង ២ ម៉ោងខណៈពួកគេប្រមូលផ្តុំដាក់ញត្តិនៅរដ្ឋសភាឲ្យអន្តរាគមន៍បញ្ឈប់សកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យនៅស្រុកកោះកុង ខេត្តកោះកុង។
យុវជនទាំង ៣ នាក់នោះមានឈ្មោះ ឌឹម គុណឌី សន ចាន់ដារ៉ា និង ចេក នីត្រា និងមន្ត្រីសមាគមអាដហុកម្នាក់ទៀតឈ្មោះ ឌិត សុធី។ ក្រុមយុវជនមានគ្នាជាង ១០ នាក់នោះគ្រោងដាក់ញត្តិទៅគណៈកម្មការទី ៣ ទទួលបន្ទុកផ្នែកបរិស្ថាននៃរដ្ឋសភា ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន និងខណ្ឌដូនពេញដាក់របាំងបិទផ្លូវខាងមុខរដ្ឋសភា និងបានបំបែកការប្រមូលផ្តុំព្រមទាំងដកហូតសម្ភារមួយចំនួន និងញត្តិរបស់ពួកគេរហូតឈានដល់ការឃាត់ខ្លួនតែម្តងនៅមុខច្រកចូលអគារភ្នំពេញសិនធឺ។
តំណាងក្រុមបណ្តាញចលនាមាតាធម្មជាតិ លោក ឌឹម គុណឌី ឲ្យដឹងថា ការប្រមូលផ្តុំរបស់ពួកគេក្នុងគោលបំណងសម្តែងមតិប្រឆាំងនឹងការបូមខ្សាច់ពីសំណាក់ក្រុមហ៊ុនវៀតណាម international Rainbow Co.,Ltd នៅខេត្តកោះកុងដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
លោកបន្តថា៖ «គេបំបិទសិទ្ធិពួកយើង រារាំងពួកយើងហើយទះកំផ្លៀងគ្នាខ្ញុំមួយដៃទៀត»។
អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ បានឲ្យដឹងថាក្រុមយុវជនទាំងនោះបានធ្វើការប្រមូលផ្តុំដោយមិនមានការសុំអនុញ្ញាតពីសាលារាជធានីភ្នំពេញជាមុនទើបសមត្ថកិច្ចត្រូវចាត់ការតាមវិធានការរដ្ឋបាលដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
ទោះយ៉ាងណាក្រោយការឃាត់ខ្លួនសួរនាំជាង ២ ម៉ោងនៅស្នាក់ការខណ្ឌចំការមន ក្រុមយុវជនទាំងនោះត្រូវបានអាជ្ញាធរដោះលែងវិញ។
ញត្តិរបស់ក្រុមអង្គការមាតាធម្មជាតិលើកឡើងថា បច្ចុប្បន្នមានសាឡង់បូមខ្សាច់ ១៧ គ្រឿង និងសាឡង់ដឹកជញ្ជូនខ្សាច់ ៤១ គ្រឿងរបស់ក្រុមហ៊ុនវៀតណាមបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃនាំទៅក្រៅប្រទេស។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យី សុខសាន្ត ចាត់ទុកការឃាត់ខ្លួនក្រុមយុវជនទាំងនោះពីក្រុមសមត្ថកិច្ច គឺជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬការធ្វើបាតុកម្មដោយអហិង្សារបស់ប្រជាពលរដ្ឋដែលទទួលស្គាល់ដោយច្បាប់៕