ឧត្តរមានជ័យៈ មន្ត្រីអង្គការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជាប្រចាំខេត្តឧត្តរមានជ័យបានស្វែងរកការអន្តរាគមន៍ពីសមាគមន៍អាដហុក បន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅតុលាការ ពាក់ព័ន្ធនិងមន្ត្រីកងរាជអាវុធហត្ថម្នាក់និងបក្សពួក ៦ នាក់ផ្សេងទៀតបានប្រើហិង្សាមកលើរូប បន្ទាប់ពីបានរាយការណ៍បទល្មើសព្រៃឈើទៅសមត្ថកិច្ច។
លោក សាំ ចក់ នាយកសាខានៃអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជាប្រចាំខេត្តឧត្តរមានជ័យបានថ្លែងឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកាលពីថ្ងៃទី ១៧ ខែកញ្ញា ពីបទមនុស្សឃាតដោយចេតនា ដោយសារតែមន្ត្រីកងរាជអាវុធហត្ថប្រចាំការនៅស្រុកអន្លង់វែងនិងបក្ខពួករកស៊ីឈើ ៦ នាក់ផ្សេងទៀតបានមកវាយរូបលោកដល់ផ្ទះ។
លោកបានថ្លែងថា៖ «គេខឹងខ្ញុំរាយការណ៍ទៅសមត្ថកិច្ចពួកគេរកស៊ីឈើ គេក៏មកវាយខ្ញុំដល់ផ្ទះកាលពីថ្ងៃទី១៥។ បើខ្ញុំមិនរត់ឲ្យគេជួយទាន់ទេគេសម្លាប់ខ្ញុំចោលបាត់ទៅហើយ»។
លោកបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា លោកបានទៅពិនិត្យសកម្មភាពរកស៊ីឈើខុសច្បាប់នៅតំបន់អូរស្វាយនៃឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ហើយនៅយប់នោះ លោកបានប្រទះឃើញបុរសឈ្មោះ ណាក់ ដែលជាឈ្មួញបានដឹកជញ្ជូនឈើតាមរថយន្តកាម៉ារី ហើយលោកក៏បានទូរស័ព្ទហៅកម្លាំងចម្រុះដើម្បីស្ទាក់ត្រួតពិនិត្យ។ លុះនៅថ្ងៃទីបន្ទាប់ ឈ្មោះ ណាក់ ដែលជាឈ្មួញដឹកឈើនោះ បានទូរស័ព្ទហៅចង់ជួបរូបលោក ស្រាប់តែគេនាំទាំងមន្ត្រីកងរាជអាវុធហត្ថម្នាក់នៃស្រុកអន្លង់វែង ឈ្មោះ ប៉ក់ កា និងបក្ខពួក ៥ នាក់ទៀត ទៅវាយតប់រូបលោកតែម្ដង។
លោកបានឲ្យដឹងថា៖ «គេប្រាប់ខ្ញុំថា គេមកវាយសម្លាប់ខ្ញុំតែម្តង។ ដូច្នេះ ខ្ញុំស្នើអង្គការអាដហុកជួយអតន្តរាគមន៍ទៅតុលាការឲ្យតុលាការកោះហៅ វែកញែករកយុត្តិធម៌សម្រាប់ខ្ញុំស្របតាមច្បាប់»។
លោក ប៉ក់ កា មន្ត្រីកងរាជអាវុធហត្ថនៃស្រុក អន្លង់វែង ពុំអាចទាក់ទងដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់នោះបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ ឲ្យដឹងថា លោកបានទទួលបណ្ដឹងពីនាយកសាខាអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជាហើយទាក់ទិននឹងរឿងមន្ត្រីកងរាជអាវុធហត្ថនិងបក្ខពួក ព្រួតគ្នាវាយ ហើយបានពិនិត្យឃើញមានស្លាកស្នាមរបួសនៅលើផ្ទៃមុខរបស់គាត់ផងដែរ។ លោកនឹងដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅតុលាការ ហើយលោកនឹងរកមេធាវីដើម្បីការពារបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់នោះ។
លោកថា៖«នេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើអ្នកការពារធនធានធម្មជាតិ។ ម្យ៉ាងទៀតខ្លួនជាអ្នកអនុវត្តច្បាប់បែរជាមិនគោរពច្បាប់ទៅវិញ»។
ទាក់ទិនទៅនឹងករណីនេះដែរ កាលពីថ្ងៃទី ២៦ ខែមេសា សកម្មជនការពារបរិស្ថានដ៏ល្បី លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានគេបាញ់សម្លាប់នៅនៅត្រង់ចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅខណៈពេលដែលរូបលោកបាននាំអ្នកសារព័ត៌មានក្នុងស្រុកពីររូបចុះទៅយកព័ត៌មានស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញភាគកណ្ដាល ខេត្តកោះកុង៕