មណ្ឌលគិរីៈ សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​​ក្រុម​ហ៊ុន​របស់ខ្លួន​ ដោយ​​បំភាន់​ភ្នែក​មន្ត្រី​ធ្វើជា​ឈើ​ស្រប​ច្បាប់​ ប៉ុន្តែ​មន្ត្រី​ជំរុញ​ឲ្យ​ដាក់​ពាក្យ​បណ្តឹង។

លោក​ ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​ ខាង​គណៈកម្មា​ធិ​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្ម​ជាតិ​មិន​អាច​គ្រាន់តែ​ចុះទៅពិនិត្យ​កន្លែង​ស្ដុក​ឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់​ រួចហើយ​បក​ស្រាយ​ថា ​ក្រុមហ៊ុន​នេះ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ឡើយ។

លោក​បញ្ជាក់ថា​៖ «គាត់​ត្រូវតែ​ស៊ើបអង្កេត ​និង​ស្វែងរក​ព័ត៌មាន​មួយចំនួន​ ដែល​នៅ​ក្រឡឹង​ជុំវិញ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង ថា​តើ​មតិ​សាធារណជន​ទាំងអស់​ហ្នឹង គាត់​បាន ឃើញ​អ្វី​ដែលជា​ស្នាដៃ​របស់​ក្រុមហ៊ុន​មួយ​ហ្នឹង។ មិនមែន​ចុះទៅ​ឆែកឆេរ​ហើយ​ថា​ឈើ​ហ្នឹង​ជា​ឈើ​ចាស់​ទេ ​ហើយ​ក្រុមហ៊ុន​ថា​ ខ្លួន​ទទួលបាន​សិទ្ធិ​ស្របច្បាប់​វិនិយោគ​ទេ។ ប៉ុន្តែ​ត្រូវ​តែ​ប្រមូល​ភ័ស្ដុតាង ​និង​ព័ត៌​មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយថា​តើ​ក្រុម​ហ៊ុន​ហ្នឹង​ប្រព្រឹត្ត​បទល្មើស​តាំងពី​ឆ្នាំ​ណា​ដល់​ឆ្នាំ​ណាខ្លះ?»។

លោក ​ហេង ស្រស់ ​អះអា​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន ​លឹម រ៉ូយ៉ាល់ ​ដែលជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ​លឹម ប៊ុណ្ណា​ ហៅ​ខ្នា​ដែល​លក់​ផ្ទេរសិទ្ធិ​កាន់​កាប់​ទៅឱ្យ​ជនជាតិ​ចិន​ គឺ​សឹងតែ​ ១០០ ភាគរយ​ បានដឹងថា​ក្រុម​ហ៊ុន​មួយ​នេះ ​តែង​លួច​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ក្រោម​លេស​ដី​សម្បទាន​របស់​ខ្លួន ​ជាពិសេស​គឺ​ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុង​ខេត្ត​មណ្ឌល​គិរី។

លោក​ថា​ក្រុម​ហ៊ុន​ លឹម រ៉ូយ៉ាល់​ ជា​ក្រុមហ៊ុន​មានឈ្មោះ​បោះ​​សំឡេង​ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ​ក្នុងការ​កាប់បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ដើម្បី​លក់​ចែកចាយ​ក្នុងប្រទេស​ផង​និង​លក់​ទៅកាន់​ប្រទេស ​វៀតណាម ​ផង។

លោក​បន្តថា​៖ «លេស​មួយ​ទៀត ​នៅពេល​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​ប៉េអឹម​មិនបាន​ចុះ​អនុវត្ត​ច្បាប់ គឺ​គាត់ ​(ក្រុមហ៊ុន) ​តែង​កាប់​ឈើ​ពី​ខាងក្រៅ​ នាំចូល​ទៅខាង​ក្នុង​ក្រុមហ៊ុន​ ហើយ​នៅពេល​មន្ត្រី​ចុះទៅ​ឆែកឆេរ​ទៅ ​គាត់​តែង​យក​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង មក​បង្ហាញ​មន្ត្រី​ជំនាញ​ថា​ ក្រុម​ហ៊ុន​របស់ខ្លួន​ មិនបាន​ល្មើស​ច្បាប់​ទេ។ គឺ​គេ​រៀប​ប្រព័ន្ធ​របស់​គេ​ថា​ មិន​រកស៊ី​ខុស​ច្បាប់​ទេ»។

ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​បរិស្ថាន​រយៈពេល​ ៥០ ឆ្នាំ​ កាលពី​ឆ្នាំ ២០១២ ​ដើម្បី​វិនិយោគ​ផ្នែក​កសិ​ឧស្សាហកម្ម​លើ​ផ្ទៃ​ដី​ចំនួន​ ៩ ០៦៨​ ហិកតា ក្នុង​ស្រុក​កោះ​ញែក​ និង​ស្រុក​ពេជ្រាដា។

បើតាម​លោក​ ហេង ស្រស់​ ក្នុង​ស្រុក​កោះ​ញែក​មាន​ក្រុម​ហ៊ុន​ចំនួន ៦ ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខាង​កាប់​បំផ្លាញ​ព្រៃឈើ ​ក្រោម​លេស​ទទួលដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ ហើយ​ក្រុមហ៊ុន​ទាំងនេះ​មិន​បាន​អភិ​វ​​ឌ្ឍផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ឡើយ។

ប៉ុន្តែ​លោក ​អេង ហ៊ី ​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​ ១៨ កក្កដា ​ថា ​តាម​ការស៊ើប​អង្កេត​បឋម​ គឺ​ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង​ ៦ ​នោះ​ មាន​ក្រុមហ៊ុន​ចំនួន ៥​ កំពុង​ប្រឈម​នឹង​ការដក​ហូត​អាជ្ញាបណ្ណ ​រួមមាន​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សិន​ ក្រុមហ៊ុន ​យ៉ាន់​ចាវ ​ក្រុមហ៊ុន​ ថាច់​វូដ ​ក្រុមហ៊ុន វិ​ជ្ជ​រី ​និង​ក្រុមហ៊ុន​ ណេង​ណា ​ខណៈ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ​ លឹម រ៉ូយ៉ាល់ ​ត្រូវ​សមត្ថកិច្ច​រក​ឃើញថា ​មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​បទ​ល្មើស​ព្រៃឈើ​នោះទេ។

លោក ​អេង ហ៊ី ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​អ្នក​​អះ​អាងថា​ក្រុមហ៊ុន ​លឹម រ៉ូយ៉ាល់ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ គួរតែ​ដាក់​បណ្ដឹង​បរិហា​រក្រុម​ហ៊ុន​នេះ​ទៅ​តុលាការខេត្ត​មណ្ឌល​គិ​រី ​ដើម្បី​ធ្វើជា​សាក្សី​ក្នុងការ​ស៊ើប​អង្កេត។ លោក​ថា ​នៅ​ពេល​មាន​បណ្ដឹង​បរិហារ ​គឺ​តុលាការ​និង​អាជ្ញាធរ​ប្រាកដជា​បើក​ការស៊ើប​អង្កេត​ជាថ្មី។

លោក​ថា​៖ «ទៅប្ដឹង​ហ្នឹង ​គឺ​គេ​ចាប់ផ្ដើម​ធ្វើ (ស៊ើបអង្កេត)​ ហើយ ​ព្រោះ​អាជ្ញាធរ​ដែនដី​គឺ​គណៈកម្មការ​ហើយ»។

លោក​ អេង ហ៊ី ​បន្ថែមថា​ ចំពោះ​​ក្រុមហ៊ុន​ចំនួន​ ៥ ​មិនទាន់​ដកហូត​អាជ្ញាប័ណ្ណ​នៅឡើយ​ទេ​ ដោយសារ​ការស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់។

ទោះយ៉ាងណាប្រភព​ស្និទ្ធ​នឹង​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ ដោយ​សារ​ទទួលបាន​ភាព​ស្របច្បាប់​ក្នុងការ​ឈូស​ឆាយ​ និង​ការដឹកជញ្ជូន​ឈើ​ក្រោមលេស​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ឱ្យមាន​ក្រុម​ចូលទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ក្រុម​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ​ដោយសារ​មានការ​ធានា​បើកផ្លូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​យក​ឈើ​ទាំង​នោះ មក​លក់​ឱ្យ​ក្រុមហ៊ុន​វិញ។

ប្រភព​ដដែល​បន្ថែមថា ​ឈើ​ដែល​យកទៅ​ទុក​ក្នុង​ក្រុមហ៊ុន​ លឹម ​រ៉ូយ៉ាល់ ​មួយចំនួន​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ​ឈើ​ក្នុង​មួយ​ឡាន​យីឌុប ត្រូវ​បង់​ប្រហែល ​១ ម៉ឺន ៨ ពាន់​ដុល្លារ ​ទៅ​ឱ្យ​មន្ត្រី​សម្រាប់​ថ្លៃ​សេវា​បើក​ផ្លូវ ​ដឹក​ចេញពី​ខេត្ត​មណ្ឌល​គិ​រី​រហូត​ទៅ​ដល់​ប្រទេស​ វៀត​ណាម។ សល់​មួយចំនួន​ទៀត​ត្រូវបាន​ដឹក​ចេញ​ទៅ​កែច្នៃ​ក្នុង​ឃ្លាំង​កែច្នៃ​ឈើ​ដ៏​ធំ​មួយ ដែល​អាច​ផ្ទុក​ឈើ​បាន​រាប់ពាន់​ម៉ែត្រ​គុប​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភូមិ​ត្រពាំង​ស្រែ ​ឃុំ ២ ធ្នូ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ ដើម្បី​ចែកចាយ​ឈើ​ទាំង​នោះ​ទៅឱ្យ​ក្រុមហ៊ុន​ចិន​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន លឹម រ៉ូយ៉ាល់។

ប្រភពនេះប​ន្ត​ថា៖ «ខ្ញុំ​ដឹង​រហូត​យកចេញ​ទៅ​វៀតណាម​តាម​ច្រក​ណា ហើយ​ថៅកែ​វៀតណាម​គេ​ស្ដុក​នៅ​កន្លែង​ណា​ ​ហើយ​ឯកឧត្តម​ហ្នឹង​ឈ្មោះ​អី ព្រោះ​ខ្ញុំ​មាន​បងធម៌​វៀតណាម​ជា​អ្នករក​ស៊ី​ឈើ​ដែរ ​ប្រាប់​ខ្ញុំ​ទាំងអស់។ ខ្លះទៀត​អ្នក​រកស៊ី​ឈើ​សុទ្ធ​តែ​ជា​មិត្ត​​ភក្ដិ។ អ៊ីចឹង ​គេ​អត់​លាក់​លៀម​យើង​ទេដូច​គ្រាន់តែ​នៅ (ក្រុម​ហ៊ុន​) យ៉ាន់​ចាវ ​ហ្នឹងគ្រាន់តែ​ថៅ​​កែ​វៀត​ណាម​ ៣ នាក់​ដែល​ឈរ​រង់ចាំ​ទិញ​ឈើ​ ហើយ​ចាប់បាន​តែមួយ​ហ្នឹង ហើយ​កម្មករ​វៀតណាម​មាន​​មិន​ចេះ​តិច​នាក់​ទេ»។

លោក​ កែវ សុភ​ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិ​រី​ថ្លែងថា​៖​ «ខ្ញុំ​អត់​សូវ​ច្បាស់​ដែរ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ដោយសារ​ប្រជាជន​ចេះតែ​និយាយ​ទៅ​ប៉ុន្តែ​សកម្មភាព​វា​ខុស​ពី​ការ​និយាយ»៕