កោះកុង: សកម្មជន​បរិស្ថាន​នៃ​​អង្គការ​មាតា​ធម្មជាតិ​ (Mother Nature Cambodia) ​គ្រោង​ដាក់សំណើ​មួយ​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​លែង​ក្នុង​តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយសារ​តំបន់​នោះ​ស័ក្ដិសម​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ និង​ជា​សត្វ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​គោរពបូជា ប៉ុន្ដែ​មន្ត្រី​ថា​នឹង​រង់ចាំ​ពិនិត្យ​សំណើ​នោះ​សិន​។

កញ្ញា វណ្ណ ដាណេ សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ និង​ជា​អ្នកស្រាវជ្រាវ​លើ​បញ្ហា​នេះ​បាន​ថ្លែងថា កញ្ញា​កំពុង​រៀបចំ​ឯកសារ និង​វីដេអូ​មួយចំនួន​ដែល​ទាក់ទង​សត្វ​ក្រពើ​ភ្នំ​នេះ​ដើម្បី​ដាក់​ទៅ​កាន់​ក្រសួង​បរិស្ថាន​ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ (Fauna & Flora International) ​ក្នុង​ការសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​ពី​តំបន់​ផ្សេង​មក​លែង​នៅ​តំបន់​អារ៉ែង ព្រោះ​តំបន់​អារ៉ែង​ធ្លាប់​ជា​កន្លែង​សម្បូរ​ប្រភេទ​ក្រពើ​ភ្នំ​នេះ និង​ស័ក្ដិសម​​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​។

កញ្ញា​បន្តថា ​កាលពី​មុន​ក្រពើ​ភ្នំ​ ឬ​ក្រពើ​ត្រី​នេះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នយ៍ ប៉ុន្តែ​ឥឡូវ​វា​បាន​ផុតពូជ ឬ​ស្ទើរតែ​ផុត​ពូជ​ពី​ប្រទេស​ភាគច្រើន​ទៅ​ហើយ លើកលែង​តែ​កម្ពុជា​នៅមាន​សេសសល់​ក្នុង​តំបន់​មួយចំនួន​តូច ព្រោះ​ល្មូន​ប្រភេទ​នេះ​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​ពី​ការប្រមាញ់ និង​ការបាត់បង់​ជម្រក​រួមទាំង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

កញ្ញា ដាណេ បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ការបាត់​ពូជ​ក្រពើ​ភ្នំ​មួយ​ប្រភេទ​នេះ ព្រោះ​យើង​អាច​ចាត់ទុក​វា​ជា​សត្វ​កម្រ​មួយ​ប្រភេទ​ដែរ​។ ទីតាំង​តំបន់​អារ៉ែង​នេះ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ជម្រក​ក្រពើ​ភ្នំ ប៉ុន្ដែ​ដោយសារ​តែ​ក្រុមមន្ត្រី​ក្រសួង​បរិស្ថាន និង​អង្គការ FFI បាន​ចាប់​ក្រពើ​នេះ​ទៅ​ដាក់​នៅ​តំបន់​ផ្សេង ប៉ុន្ដែ​ខ្ញុំ​មិនបាន​ដឹងថា គេ​ចាប់​ក្រពើ​ភ្នំ​ទាំងនេះ​ទៅ​ដាក់​នៅ​កន្លែង​ណា​ទេ​»​។

អ្នកស្រី​ ឃិន ​សុខា ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ដទៃទៀត​រស់នៅក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង​​បាន​ថ្លែងថា ក្រពើ​ភ្នំ​នៅ​តំបន់​អារ៉ែង​នាបច្ចុប្បន្ន​មាន​នៅ​សេសសល់​តិចតួច​បំផុត​នៅតាម​ទឹកស្ទឹង បឹង និង​អូរ ដោយសារ​ការបាត់បង់​ព្រៃ​លិច​ទឹក​ និង​ក្រុម​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន​ចាប់​យក​ទៅ​ដាក់​ចិញ្ចឹម​នៅ​ទីតាំង​ផ្សេង​។

អ្នកស្រី​បន្តថា ក្រពើ​ភ្នំ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ភ្ជាប់​នឹង​ជំនឿ​ប្រពៃណី​របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​។ អ្នកភូមិ​ជឿថា ប្រសិន​បើ​មាន​ក្រពើ​ភ្នំ​រស់នៅ​ក្នុង​ភូមិ​ស្រុក​ណា​មួយ អ្នកភូមិ​នៅ​តំបន់​នោះ​នឹង​មាន​សេចក្ដីសុខ សម្បូរ​សប្បាយ និង​រស់នៅ​ជុំ​គ្រួសារ​យ៉ាង​សុខសាន្ដ​។

អ្នកស្រី សុខា បញ្ជាក់​ថា​៖ «​ក្រពើ​ភ្នំ ជា​សត្វ​ស្លូត​ណាស់ វា​មិន​ដែល​មក​យាយី​ ឬ​ស៊ីសាច់​មនុស្ស​ជា​អាហារ​ទេ ព្រោះ​ខ្ញុំ​រស់នៅ​តំបន់​នោះ​តាំងពី​ដូនតា​ខ្ញុំ​មក​គឺ​គ្មាន​រឿង​អ្វី​ទេ ហើយ​ពី​មុន​សម្បូរ​ក្រពើ​ភ្នំ​ណាស់ ហើយ​អ្នកភូមិ​ក៏មាន​សេចក្ដី​ចម្រើន​ដែរ ប៉ុន្ដែ​ពេលនេះ​ក្រពើ​ភ្នំ​សេសសល់​ប្រហែល​ ២ ឬ​ ៣ ​ក្បាល​ទេ ហើយ​គ្មាន​ពង​បង្កបង្កើត​កូន​ទៀត​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រសួង​ជួយ​យក​ក្រពើ​ភ្នំ​ខ្លះ​មក​លែង​នៅ​តំបន់​នេះ​វិញ​»​។

អ្នកស្រី​បន្ថែម​ថា​កន្លងមក អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ព្នង​តែងតែ​ប្រារព្ធ​ពិធី​ការពារ​ពងក្រពើ​ភ្នំ​ក្នុង​រដូវ​វា​ពង​ ឬ​បង្កើតកូន​ដើម្បី​កុំ​ឲ្យ​មនុស្ស​មកពី​តំបន់​ផ្សេង​យាយី​ការបង្ក​បង្កើតកូន​វា​ «​និយាយ​រួម យើង​មើលថែ​ក្រពើ​ភ្នំ​ដូច​យើង​ចិញ្ចឹម​មាន់ គោក្របី​អ៊ីចឹង​ដែរ គឺ​យើង​ការពារ​វា​ណាស់ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មានទេ ដើរ​ ១ ​ថ្ងៃ មិន​បាន​ជួប​ក្រពើ​ភ្នំ​មួយ​ទេ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​បាន​ថ្លែងថា លោក​មិនទាន់​មាន​យោបល់​អ្វី​ជុំវិញ​គម្រោង​របស់​សកម្មជន​បរិស្ថាន​នេះ​ទេ ប៉ុន្ដែ​ក្រសួង​បរិស្ថាន​នឹង​រង់ចាំ​ពិនិត្យ​មើល​សំណើ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ទាន់​មាន​អ្វី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ទេ​ ប៉ុន្ដែ​យើង​នៅ​រង់ចាំ​ពិនិត្យមើល​សំណើ​របស់​គាត់​សិន ទើប​​អាច​វាយតម្លៃ និង​ធ្វើការ​សម្រេច​ពេល​ក្រោយ​ទៀត​»​។

តំណាង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ (Fauna&FloraInternational) ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​៕