រតនគិរីៈ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២ នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលាដំបូង​ខេត្តរតនគិរី​ចោទប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី ។

ការចោទប្រកាន់​នេះ​កើតមាន​ឡើង ៩ ថ្ងៃ​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦ នាក់ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​» ​ដូចគ្នា​នេះ​។

លោក កែវ ពិសុទ្ធ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី​បាន​ថ្លែងថា​៖ «​ឃើញ​សមត្ថិកិច្ច​បញ្ជូនមក​ព្រឹក​មិញ​ (​ថ្ងៃ​ចន្ទ​) ​បន្ទាប់ពី​ឃាត់ខ្លួន​បាន​នៅ​ស្រុក​អូរយ៉ាដាវ​។ អយ្យការ​បាន​ចោទប្រកាន់​លោក ងិន សុផាត់​ អាយុ ៥៦ ឆ្នាំ​ និង​ធឿន ប៊ុនធន អាយុ ៥០ ​ឆ្នាំ​​ ពីបទ​រួមគំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»​។

លោក​ ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​ចោទ​ពួកគាត់​ថា ដើរ​បំផុស និង​ចូលរួម​ចលនា​ក្បត់​។ គាត់​បាន​ដើរ​ផ្សព្វផ្សាយ​ផែនការ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ផ្តួលរំលំ​រដ្ឋាភិបាល​»​។ ប៉ុន្តែ​លោក​ គឹមខឿន បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ថា​តើ​អ្នក​ទាំង​ ២ ​នេះ​បាន​​ធ្វើ​សកម្មភាព​ខុសច្បាប់​អ្វីខ្លះ​នោះ​ទេ ដោយ​គ្រាន់តែ​ថ្លែង​ថា​៖ «​យើង​មាន​ភ័ស្តុតាង ហើយ​យើង​មិន​ចាប់​គេ​ដោយ​គ្មាន​​ភ័ស្តុតាង​បាន​ទេ ដោយសារ​តែ​ពួកគេ​បាន​ធ្វើ​សកម្មភាព យើង​មាន​វីដេអូ​ពី​សកម្មភាព​»​។

លោក​ឧត្ដមសេនីយ៍ទោ​ យិន ​ចំណាន ស្នងការ​ខេត្តរតនគិរី​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណីនេះ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែងថា ការចាប់ខ្លួន​បន្តបន្ទាប់​​ទៅលើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹង​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​កាន់តែ​​តានតឹង​ឡើង​ថែម​ទៀត​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​កម្ពុជា ហើយ​សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​សម្ពាធ​បន្ថែមទៀត​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ ​

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​សហគមន៍​អន្តរជាតិ​កំពុងតែ​សម្លឹងមើល​ប្រទេស​កម្ពុជា​យើង​ក្នុងការ​អនុវត្ត​ និង​គោរព​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​។ បើ​យើង​នៅតែ​បន្ត​ចាប់ខ្លួន​ទៀត គេ​នឹង​បន្ត​គាបសង្កត់​យើង​ថែមទៀត​ហើយ​។ ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅៗ​»​។

មន្ត្រីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន បាន​ចាត់ទុក​ការចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ជាការ​បំភិតបំភ័យ​ និង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិន​បើ​ការចាប់ខ្លួន​នេះ​គ្រាន់តែ​ផ្អែក​ទៅ​លើ​គាត់​បញ្ចេញមតិ​នៅ​តាម​បណ្តាញ​សង្គម​ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​គឺ​វា​រំលោភ​ទៅលើ​គោលការ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ដែល​ធានា​នូវ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ កាលណា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ដោយសារ​ការបញ្ចេញមតិ​វា​នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​គាត់​ចាប់ផ្តើម​មាន​ការព្រួយបារម្ភ​ និង​ភ័យខ្លាច​អំពី​ការបញ្ចេញមតិ​»​។

ក៏ប៉ុន្តែ​លោក ឆាយ គឹមខឿន បាន​ថ្លែង​ថា​អ្នក​ដែល​ភ័យ និង​ព្រួយបារម្ភ​គឺជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​លោក សម រង្ស៊ី ក្នុង​ការ​ប៉ុនប៉ង​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ពួកគេ​៕