កំពង់ធំៈ ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋ ៣៥ នាក់ ដែលធ្លាប់ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ធំ កាលពីម្សិលមិញ បានបង្ហាញពីការព្រួយបារម្ភអំពីសុវតិ្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយពីសមត្ថកិច្ចបានហៅទៅសាកសួរពាក់ព័ន្ធសកម្មភាពថតវីដេអូគាំទ្រ លោក សម រង្ស៊ី នាពេលកន្លងមក រួមទាំងសកម្មភាពតាមឃ្លាំមើលពីអាជ្ញាធរមូដ្ឋានកាលពីពេលថ្មីៗនេះ។
លោក ថៃ ធីម អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៃអតីតបក្សសង្គ្រោះជាតិបានអះអាងថា ពលរដ្ឋដែលធ្លាប់ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិគ្រាន់តែជួបជុំគ្នាក្នុងពិធីស្រស់ស្រូបអាហារដោយការនឹករឭកគ្នាទៅវិញទៅមកតែប៉ុណ្ណោះស្រាប់តែមានសមត្ថកិច្ចតាមឃ្លាំមើលការជួបជុំរបស់ពួកគេ។
លោក ធីម ថ្លែងថា៖ «កាលពីថ្ងៃទី ២២ ហ្នឹង យើងបានជួបជុំ នៅ ៤ កន្លែងផ្សេងៗគ្នា ក្នុងស្រុកបារាយណ៍ ដើម្បីហូបនំបញ្ចុក តែក្នុងនោះ ២ កន្លែង មានការរំខានពីអាជ្ញាធរ ព្រោះតែមានអាជ្ញាធរប្រមាណ ២០ នាក់ បានចុះមក រហូតម្ចាស់ផ្ទះ គាត់ខ្លាចក៏មិនបានរៀបចំ ហើយពួកគាត់ ក៏បានមកហូបនំបញ្ចុកនៅផ្ទះខ្ញុំវិញ។ ក្រោយហូបហើយ សមាជិកម្នាក់នៅក្នុងឃុំស្វាយភ្លើងហ្នឹង គាត់អត់ហ៊ានទៅផ្ទះគាត់វិញទេ ព្រោះតែមានការសួរនាំ និងមានអាជ្ញាធរជាច្រើនចាំនៅផ្ទះគាត់ ហើយគាត់បានបន្តគេចខ្លួនរហូតមកដល់ពេលនេះ មិនដឹងទៅដល់ណាទេ ថ្ងៃនេះ»។
លោក ថោង វិបុលសុខុម អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា អាជ្ញាធរបានតាមឃ្លាំមើល និងសួរនាំផងដែរ ក្រោយពីបានរៀបចំហូបនំបញ្ចុករួមគ្នានៅក្នុងផ្ទះរបស់លោក កាលពីថ្ងៃអាទិត្យ។
លោក វិបុលសុខុម ថ្លែងថា៖ «ប្រសិនបើហូបនំបញ្ចុកមិនបាន ការជួបជុំមិនបាន សេរីភាពរបស់ពួកខ្ញុំ កាន់តែបាត់មែនទែន ព្រោះថា ដើរលែងរួចហើយ ចង់ជួបជុំគ្នាមិនបាន។ ដូចបងប្អូនយើងមួយចំនួន គេហៅគាត់ទៅដែរ ហើយចង់ធ្វើដែរ ក៏មិនហ៊ាន»។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងកាលពីម្សិលមិញដោយអះអាងថា គ្មានអាជ្ញាធរណា ចុះទៅរារាំងពលរដ្ឋ មិនឲ្យហូបនំបញ្ចុកនោះទេ។
លោក ម៉ុងហួត ថ្លែងថា៖ «តែក្នុងនាមអាជ្ញាធរត្រូវតែមានការឃ្លាំមើល ក្រែងលោមានការជួបជុំណាដែលអាចប៉ះពាល់ដល់សុខសុវត្ថិភាពហើយការជួបជុំរបស់ពួកគាត់ ក៏ស្របពេលដែលមានការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទៀត ទើបអាជ្ញាធរគាត់ មានការរឹតបន្តឹង»។
លោកបញ្ជាក់ថា៖ «ពួកគាត់ចេះតែលើកឡើងអ៊ីចឹង ព្រោះសមត្ថកិច្ចមិនដែលទំនេរទៅឃ្លាំមើលដូចគាត់ថាទេ ព្រោះអ្វីជាសិទ្ធិសេរីភាពរបស់បុគ្គលអាចទទួលបាន។ អ្វីដែលគាត់ធ្វើមិនខុសច្បាប់ មានអីព្រួយបារម្ភ ពេលខ្លះ ការឃ្លាំមើល គ្រាន់តែបង្ការ ព្រោះវានៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោត គ្រាន់តែគេសួរនាំអាចថា ឆ្ងល់ ឃើញពួកគាត់ជួបជុំ»។
លោក សុក រដ្ឋា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ធំ បានថ្លែងថា ច្បាប់កម្ពុជា បានគាំពារ ចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការពារចំពោះសិទ្ធិបុគ្គលរបស់ពលរដ្ឋ ហើយបើមានទង្វើបែបនោះកើតឡើង ជាការរំលោភសិទ្ធិរបស់ពួកគាត់ និងច្បាប់។
លោក រដ្ឋា ថ្លែងថា៖ «បើយើងក្រឡេកមើលមកសកម្មភាពរបស់អតីតគណបក្សសង្គ្រោះជាតិនេះ ដែលគាត់ជួបជុំគ្នាដើម្បីហូបនំបញ្ចុកអី គឺមិនស្ថិតនៅក្រោមការត្រួតពិនិត្យណាមួយនោះទេ ហើយក៏មិនស្ថិតក្រោមបទល្មើសជាក់ស្តែងនោះទេ។ អ៊ីចឹង អាជ្ញាធរមានសមត្ថកិច្ច មិនគួរណាទៅឃ្លាំមើលពួកគាត់តទៅទៀតទេ ហើយក៏មិនគួរគប្បីធ្វើការកោះហៅពួកគាត់ ដើម្បីចូលស្រាយបំភ្លឺ ពាក់ព័ន្ធបញ្ហាហ្នឹងទៀតដែរ ព្រោះវាប៉ះពាល់សិទ្ធិរបស់បុគ្គលម្នាក់ៗ និងការរំលោភសិទ្ធិមនុស្ស»។
ចាប់តាំងពីខែមេសាមក តុលាការខេត្តបាត់ដំបង និងអាជ្ញាធរខេត្តកំពង់ធំ បានកោះហៅអតីតសកម្មជន និងសមាជិកអតីតគណបក្សសង្គ្រោះ ជាតិជាបន្តបន្ទាប់ប្រមាណ ៧០ នាក់ ដើម្បីសួរនាំពាក់ព័ន្ធនឹងបទចោទបំពានសាលដីកាតុលាការ និងការប្រកាសចំហគាំទ្រប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ខណៈនៅថ្ងៃសុក្រនេះ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបងចំនួន ៩ នាក់ផ្សេងទៀត ត្រូវចូលទៅបំភ្លឺនៅតុលាការខេត្តនេះតាមការកោះហៅ៕