ភ្នំពេញៈ សកម្មជន​គាំទ្រ​អតីត​បក្សប្រឆាំង​ ២ ​នាក់ ​ប្ដី​ប្រពន្ធ​កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា បាន​ចូល​សារភាព ដើម្បី​ទទួល​បាន​ការអធ្យាស្រ័យ​ពី​រដ្ឋាភិបាល ហើយ​អះអាង​ថា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី កំពុង​ដើរទៅ​រក​ភាពទាល់ច្រក​។

លោក តោ និមល និង​ភរិយា​ដែល​ធ្លាប់បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​វាយប្រហារ​រដ្ឋាភិបាល និង​គាំទ្រ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី បាន​ត្រឡប់​ពី​ប្រទេស​ ថៃ​ចូលមក​សារភាព​ដើម្បី​ទទួល​បាន​ការអធ្យាស្រ័យ​កាលពី​ថ្ងៃអាទិត្យ ដោយ​ចូល​មកវិញ​តាម​ច្រកទ្វារ​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

កាលពី​ថ្ងៃ​សៅរ៍​លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា​៖ «​ហ៊ុន សែន បរាជ័យ​ហើយ​។ ដើម្បី​អំណាច​របស់​ខ្លួន និង​បក្ខពួក គ្រួសារ ទោះបី​សហគមន៍​អឺរ៉ុប​ផ្តាច់ EBA ក៏ ហ៊ុន សែន មិន​ខ្វល់​ដែរ ព្រោះ​អ្នក​រងគ្រោះ​មិនមែន​ជា​គ្រួសារ​របស់ ហ៊ុន សែន​។ តែ​ខ្មែរ​ជាង​កន្លះ​នគរ​ត្រូវការ EBA ហើយ​គាត់​មិន​ត្រូវការ​ក្រុម ហ៊ុន សែន ដឹកនាំ​តទៀត​ដែរ​»​។

ក៏ប៉ុន្តែ​រំលង​បាន​ ១ ​ថ្ងៃ​នៅ​ថ្ងៃ​អាទិត្យ​បែរ​ជា​លោក​សរសេរ​ថា​៖ «​មាន​មិត្ត​តែ​មិន​អាច​ទុកចិត្ត​បាន ខ្ញុំ​ចង់​នៅ​ម្នាក់ឯង​ជាមួយ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់ខ្ញុំ​»​។

តាមរយៈ​បទសម្ភាស​ជាមួយ​សារព័ត៌មាន ហ្វ្រេសញូវ លោក​ និមល បាន​រៀបរាប់​ថា លោក​បាន​ទទួល​ការណែនាំ​ពី​លោក អេង ឆៃអ៊ាង អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​កៀរគរ​ប្រមូល​ពលករ​តាម​រោងចក្រ​នៅ​ប្រទេស​ថៃ​មក​អម​ដំណើរ​លោក​ សម រង្ស៊ី នៅ​ថ្ងៃទី ៩ ​វិច្ឆិកា​។ ប៉ុន្តែ​ដោយសារ​ការវិលត្រឡប់​ថ្ងៃ​នោះ​បាន​បរាជ័យ ពលរដ្ឋ​ដែល​គ្រោង​អមដំណើរ​បាន​បែកខ្ញែក​គ្នា​ទៅវិញ​។

ក្នុង​អំឡុងពេល​រស់នៅ​ប្រទេស​ថៃ​លោក​ថា លោក​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ក្នុង​មួយ​ខែ​ ១០០ ​ដុល្លារ​ សម្រាប់​ការរស់នៅ​។ នៅ​ទីនោះ​លោក​តែង​ប្រជុំគ្នា​ពេល​ទំនេរ ដូចជា ការ​ញ៉ាំ​កាហ្វេ ហូប​នំបញ្ចុក កៀរគរ​មនុស្ស​ឲ្យ​មក​ចូលរួម​ហែហម​លោក សម រង្ស៊ី ចូល​ស្រុក​ខ្មែរ​។ ទោះ​យ៉ាងណា​លោក​ថា មិន​មាន​មនុស្ស​រាប់លាន​នាក់​គ្រោង​អមដំណើរ​លោក សម រង្ស៊ី ដូច​អ្វី​ដែល​លោក សម រង្ស៊ី បាន​អះអាង​នោះទេ​។

លោក​ថ្លែងថា​៖ «​កត្តា​ដែល​គាត់​មិនអាច​ចូល​មក​ច្រើន​ដោយសារ​ម្នាក់ៗ​គាត់​ខំប្រឹង​ធ្វើការ បើ​គាត់​មក​ចូលរួម​គាត់​ខាត​ធ្វើការ​។ តើ​អ្នកណា​ទៅ​ចិញ្ចឹម​គ្រួសារ​គាត់ អ៊ីចឹង​ការដែល​ថា​មករាប់សែន​រាប់លាន​នោះ​ជា​ការ​បំប៉ោង​តួលេខ​ទេ ការឃោសនា​អកុសល និង​ជា​ការបោកប្រាស់​ទេ​»​។

លោក​បញ្ជាក់ថា ការដែល​លោក​សម្រេចចិត្ត​ចូល​មក​សារភាព​នេះ ដោយសារ​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ចិត្ត​ទូលាយ​មិន​ប្រកាន់​ទោសពៃរ៍ ហើយ​ដោយសារ​តែ​លោកនាយក​រដ្ឋមន្ត្រី​យល់ឃើញ​ថា អ្នក​ដែល​ប្រកាស​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ត្រូវ​បាន​លោក រង្ស៊ី លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ បោកប្រាស់​។ លោក​បន្តថា អ្នក​ដែល​រត់​ភៀសខ្លួន​ទៅ​ថៃ​ភាគច្រើន​បាន​ត្រឡប់​មកវិញ​ហើយ​នៅ​សល់​តែ​តិចតួច​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​សកម្មជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់​ដែល​ធ្លាប់​ចាញ់បោក​គណបក្ស​សង្គ្រោះជាតិ​សូម​ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​វិញ​មក ហើយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន គាត់​មិន​ប្រកាន់​ទោសពៃរ៍​ទេ មក​រស់នៅ​ដោយ​សុខ​សប្បាយ​ទៅ​»​។

លោក​ថា លោក​មាន​ការស្ដាយក្រោយ​ដែល​បានធ្វើ​នូវ​ទង្វើ​ខុសឆ្គង​កន្លងមក ដូចជា ការ​បង្ហោះ​សារ​មាន​ខ្លឹមសារ​ប៉ះពាល់​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន​។

លោក តោ និមល យល់​ថា​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី កំពុង​ដើរ​ដល់​ទីទាល់ច្រក​ហើយ​។ លោក សម រង្ស៊ី នឹង​បាត់បង់​ប្រជាប្រិយភាព បើសិន​ជា​លោក​បន្ត​ញុះញង់ និង​បោកប្រាស់​បន្ត​ទៀត​។

ជាមួយ​គ្នា​នេះ​មនុស្ស​ជំនិត​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ដោយ​មាន​សារ​ដែល​លោក​ថា ជា​សារ​របស់​លោក កឹម សុខា​។

លោក​ មុត ចន្ថា សរសេរ​ថា​៖ «​ខ្ញុំ​នឹង​មិន​ធ្វើ​អ្វី​បង្ក​ឱ្យ​មាន​ចលាចល និង​ភាពវឹកវរ​ដល់​ជាតិ​របស់​ខ្ញុំ​ដែល​ខ្លួន​ខ្ញុំ​រស់នៅ​ក្រោម​ដំបូល​ដែរ​នោះទេ​។ ខ្ញុំ​មិន​ដែល​នឹក​ចង់​ ឬ​ពុំដែល​មាន​បំណង​ចាកចេញ​ពី​ប្រទេស​កំណើត​របស់ខ្ញុំ​ម្តងណា​ឡើយ ព្រោះ​ខ្ញុំ​បាន​ជ្រើសរើស​យក​ប្រទេស​របស់ខ្ញុំ​ជា​ដំបូល​តែមួយ​ដែល​ខ្ញុំ​ត្រូវ​រស់នៅ និង​ជា​មូលដ្ឋាន​នៃ​ជីវភាព​នយោបាយ​របស់​ខ្ញុំ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​យល់​ថា​ការចេញ​សារភាព​របស់​លោក​និមល និង​ភរិយា​គឺ​ហាក់ដូចជា​រឿង​សាមញ្ញ​មួយ​នៅក្នុង​នយោបាយ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​ម្ល៉េះ​។

លោក​ថ្លែងថា​៖ «​យើង​ចាត់ទុក​ជា​រឿង​ធម្មតា​មួយ ជា​ដំណើរការ​ប្រក្រតី​នៃ​របៀប​នយោបាយ​ខ្មែរ​យើង​។ ចំណុច​ទី​ ២ ​ក៏​អាច​បង្ហាញ​ពី​ចំណុច​ខ្លាំង​នៃ​គណបក្ស​ប្រជាជន​ដែរ ដែល​ចេះ​ប្រមូល​កម្លាំង​ទាំងអស់ ទោះបី​ជា​ពួកគេ​ធ្លាប់​ប្រឆាំង​ក្ដី​។ ចំណុច​ពិសេស​របស់​គណបក្ស​ប្រជាជន​គឺ​ពូកែ​ប្រមូល​មនុស្ស​នោះឯង ឱ្យ​មក​នៅក្រោម​ឆត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។

លោក​បន្ថែមថា លោក​ តោ និមល មិន​ប្រាកដ​ថា​ជា​អ្នកប្រឆាំង​ទេ ប៉ុន្តែ​អាច​ជា​ធនធាន​គណបក្ស​ប្រជាជន​ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​រឹងមាំ​។

លោក​ថ្លែងថា​៖ «​យើង​មើល​លើ​អន្តរជាតិ​មិន​សូវ​ចាប់អារម្មណ៍​លោក សម រង្ស៊ី ទេ គេ​កំពុង​ចាប់អារម្មណ៍​លើ​លោក​ កឹម សុខា ថា​តើ​ដំណើរ​ទៅ​មុខ​ទៀត​យ៉ាងណា​ដែរ សម្រាប់​លោក កឹម សុខា ហើយ​ទី​ ២ អ្នកគាំទ្រ​មិន​ផ្កាប់មុខ​គាត់​ពិចារណា​ឡើងវិញ​»​។

លោក​ថា អ្នកគាំទ្រ​លោក សម រង្ស៊ី និង​អតីត​បក្សប្រឆាំង មិនមែន​ដោយសារ​លោក​ សម រង្ស៊ី ឬ​បក្សប្រឆាំង​មាន​គោលនយោបាយ​ល្អ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ ជួប​រឿងរ៉ាវ​អយុត្តិធម៌​ក្នុង​សង្គម​។ ដើម្បី​ទាក់ទាញ​ការគាំទ្រ​លោក​ថា គណបក្ស​កាន់អំណាច​គួរតែ​ដោះស្រាយ​បញ្ហា​សង្គម​ដែល​លោក​ចាត់ទុកថា​ជា​ «​ជំងឺ​រ៉ាំរ៉ៃ​»​។

លោក​ថា​៖ «​អ៊ីចឹង​រដ្ឋាភិបាល​ភារកិច្ច​សំខាន់​របស់​គាត់​គឺ​ត្រូវ​ធ្វើ​ម៉េច​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម​ដែល​គេ​មើលឃើញ​ច្បាស់​នឹង​ភ្នែក ដែល​ទាំងអស់​គ្នា​ទទួលស្គាល់​ថា​ជា​បញ្ហា នោះ​គឺ​ត្រូវ​នាំគ្នា​ដោះស្រាយ​ឱ្យអស់​»​។

ប៉ុន្តែ​លោកស្រី​ មូរ សុខហួរ អតីត​អនុប្រធាន​អតីត CNRP បញ្ជាក់​ថា​៖ «​ជាការ​សារភាព​ដោយ​បង្ខំ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​»៕