ភ្នំពេញៈ អតីត​សកម្មជន​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​បាន​សុំ​ចៅក្រម​សាលាឧទ្ធរណ៍​ឲ្យ​បន្ថយទោស​ដល់​រូបគេ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ការបង្ហោះ​សារ​ប្រើពាក្យ​រិះគន់​រាជរដ្ឋាភិបាល​ក្នុងអំឡុង​ខែ​ឧសភា ឆ្នាំ​ ២០១៩ ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ១៨ ​ខែ​។

ជនជាប់ចោទ​ឈ្មោះ ម៉ៃ ហុងស្រៀង បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា ពាក្យពេចន៍​ដែល​គាត់​បាន​ប្រើ​នៅក្នុង​ហ្វេសបុក​របស់គាត់​គឺ​គាត់​កូពី​មកពី​គេ​ទេ​ហើយ​គាត់​បាន​ចែករំលែក​បន្តទៀត​។ ទោះយ៉ាងណា គាត់​ធ្វើ​នេះ​គ្មាន​ចេតនា​ក្នុង​ន័យ​រិះគន់​ណាមួយ​ដល់​រដ្ឋាភិបាល​ទេ​។

ជនជាប់ចោទ​ថ្លែងថា​៖ «​បទចោទ​នេះ ខ្ញុំ​ព្រម​ទទួល​យក​តែ​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ដើម្បី​ឆាប់​បាន​ចេញ​ទៅ​ព្យាបាល ពីព្រោះ​ខ្ញុំ​កំពុង​មាន​ជំងឺ​កៀបសរសៃ​ជើង​»​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​លោកស្រី​ចៅក្រម ចាន់ ម៉ាឌីណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​នៅ​ចំពោះមុខ​ជន​ជាប់ចោទ​ថា ការផ្តើម​ឲ្យ​មាន​ការចោទប្រកាន់ និងផ្តន្ទាទោស​នេះ ដោយសា​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​ ២០១៩ ជន​ជាប់ចោទ​ឈ្មោះ ម៉ៃ ហុងស្រៀង អាយុ ៣៨ ​ឆ្នាំ​ បាន​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដោយ​បាន​បង្ហោះ​សារ​ក្នុងន័យ​ប្រមាថ និង​ប្រើ​ពាក្យពេចន៍​រិះគន់​ដល់​ថ្នាក់ដឹកនាំ និង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​។

លោកស្រី​ចៅក្រម​បាន​ថ្លែង​ឲ្យ​ដឹង​តាម​អង្គហេតុ​ថា ក្រោយពី​មាន​ការស្រាវជ្រាវ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​មក សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាប់ចោទ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ២០០៤ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្រោយ​ពេលដែល​ជនជាប់ចោទ​រត់គេចខ្លួន​ពី​ការឡោមព័ទ្ធ​របស់​សមត្ថកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​។

យោងតាម​អង្គ​ហេតុនេះ​បាន​បញ្ជាក់​ថា​លោក ម៉ៃ ហុងស្រៀង បាន​ប្រើពាក្យ​នៅក្នុង​សារ​ដែល​មានន័យថា​៖ «​អ្នក​ដែល​ធ្វើ​ឲ្យ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​បាក់​សង្កត់​មនុស្ស​ស្លាប់​បែរជា​ឡើងបុណ្យ ឡើង​ស័ក្តិ​ទៅវិញ​»​។ រួមទាំង​មាន​បង្ហោះ​សារ​រិះគន់​ដែល​ប្រើពាក្យ​ធ្ងន់ៗ​មួយ​ចំនួន​ទៀត​ទៅលើ​ស្ថាប័ន​ក្រសួង​ក្នុង​ជួរ​រាជរដ្ឋាភិបាល​​កម្ពុជា​ផង​។

លោកស្រី​ចៅក្រម ចាន់ ម៉ាឌីណា បាន​ឲ្យ​ដឹង​ដោយ​យោងតាម​អង្គ​ហេតុថា សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​នៅ​ថ្ងៃទី​ ២៩ កញ្ញា ឆ្នាំ ២០១៩ និង ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​ ២០១៩ ​ដោយ​ចោទ​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​ជាអាទិ៍​ឲ្យ​ជាប់​ពន្ធនាគារ ១ ​ឆ្នាំកន្លះ​តាម​មាត្រា​ ៤៩៤ ​និង​ ៤៩៦ ​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បទចោទ ១ ​បទល្មើស​ទៀត​គឺ​ញុះញង់​ធ្វើឲ្យ​មានការ​រើសអើង​ត្រូវ​បាន​ទម្លាក់ចោល​។

លោក អ៊ឹម សុផាន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា តាមរយៈ​ពេល​សួរដេញដោល​គឺ​ជនជាប់ចោទ​បាន​ឆ្លើយ​ដោយ​ទទួល​ដឹង​កំហុស តែ​រូបគេ​បាន​សុំ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​បន្ថយទោស​ដល់​គាត់ ។

លោក​ សុផាត ថ្លែងថា​៖ «​ដូច្នេះ​ខ្ញុំ​ទុក​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា តាមច្បាប់​»​។

លោក កែត ឃី មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា ក្រោយពី​កូនក្តី​លោក​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​ ៥ ​ខែ​មក គឺ​រូបគេ​បានដឹង​កំហុស​ហើយ ហើយ​គេ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​នេះ​គឺ​បំណង​សុំ​តុលាការ​បន្ថយទោស​ដល់​គាត់​។

លោក​ថ្លែងថា​៖ «​តាម​មាត្រា ៤៩៥, ៤៩៦​ នៃ​ក្រមព្រហ្មទណ្ឌ​គឺកំណត់​ទោស​ពី​ ៦ ​ខែ​ទៅ ២ ​ឆ្នាំ ។​ដូច្នេះ​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​តាម​ការស្នើសុំ​របស់គាត់​ផង​»​។ លោក​មេធាវី​បាន​ឲ្យ​ដឹងថា ករណី​កូនក្តី​របស់លោក​នេះ លោក​សង្ឃឹម​ថា​តុលាការ​នឹង​បន្ថយទោស​ដល់​កូនក្តី​របស់លោក​។ ប៉ុន្តែ​ការសម្រេច​បន្ថយទោស​ ឬ​មិន​បន្ថយទោស​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម​ ចាន់ ម៉ាឌីណា ថ្លែងថា​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៨ មករា​៕