ភ្នំពេញៈ សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៦ នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ»។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ និងមន្ត្រីនគរបាលជាន់ខ្ពស់។
បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនមួយក្នុងចំណោមដីកា ៦ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរលោក កួយ សៅ កាលពីថ្ងៃទី ១៤ ខែ កញ្ញា ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញបញ្ជាក់ថាសម្រេចឃុំខ្លួនឈ្មោះ យូ ចាន់ធានី ភេទស្រី អាយុ ២៥ ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៨៩៨ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដីកាបញ្ជាក់ថា៖ «បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំង សាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ យូ ចាន់ធានី ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងថាពន្ធនាគារបានទទួលសមាជិក ៦ រូបរបស់អតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនពួកគេពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ។ លោកបញ្ជាក់ថា៖ «បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួនហើយ ដូច្នេះខាងពន្ធនាគារយើងបានទទួលហើយ។ យើងអនុវត្តតាមភ្លាម»។
អតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៤ ខែកញ្ញាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានចាត់ទុកការឃាត់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៦ នាក់ រួមមាន ១-លោក យ៉ាត ភារម្យ ២-លោក ទុំ ប៊ុនថន ៣-កញ្ញា យូ ចាន់ធានី ៤-លោក លី ម៉េងឃាង ៥-លោក លី លីន និង ៦-លោក ឈុន ថៃយុទ្ធ ក្នុងរយៈពេល ២ ថ្ងៃ កាលពីចុងសប្តាហ៍កន្លងទៅនេះថា «ជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាសកម្មភាពព្រៃផ្សៃដូចរបបខ្មែរក្រហមដែលបានប្រើវិធីចាប់ចង...មនុស្សដែលគ្មានកំហុស ដើម្បីបង្ក្រាប និងបំបាក់ស្មារតីប្រជាពលរដ្ឋស្លូតត្រង់ មិនឲ្យហ៊ានងើបឡើងតស៊ូទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ខ្លួន»។
ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីម្សិលមិញបានការពារការចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិនេះដោយថ្លែងថា អ្នកទាំងនោះមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមផែនការរបស់លោក សម រង្ស៊ី។ លោកបន្តថា សមត្ថកិច្ចធ្វើការចាប់ខ្លួនពួកគេគឺដើម្បីទប់ស្កាត់ជនទាំងនោះពីការប៉ុនប៉ងបង្កអសន្តិសុខចំពោះប្រទេសជាតិ និងផ្តួលរំលំរាជរាដ្ឋាភិបាល។
លោកថា៖ «អ្នកឯងមានបំណងបង្កចលាចលពេលដែល សម រង្ស៊ី វិលត្រឡប់វិញ។ សម រង្ស៊ី បានប្រកាសខ្លួននឹងមកចូលផ្តួលរំលំរាជរដ្ឋាភិបាលហើយអ្នកឯងបែរទៅជាគាំទ្រអ្នកផ្តួលរំលំ ដូច្នេះអ្នកទាំងនេះ គឺប្រឆាំងនឹងសន្តិភាព ហើយចង់អុកឡុកមិនឲ្យប្រទេសជាតិមានសន្តិភាពដូច្នេះសមត្ថកិច្ចធ្វើការចាប់ពួកគេ»។
លោក សុភ័គ បញ្ជាក់ថា ក្រសួងមហាផ្ទៃទោះក្នុងតម្លៃណាក៏ដោយ មិនអាចឱ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះបានឡើយ៕