ភ្នំពេញៈ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១០ ខែឧសភា បានបើកសវនាការប្រកាសសាលដីកាដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការហើយឲ្យបន្តឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបឲ្យជាប់ពន្ធនាគារពី ៧ ទៅ ២០ ឆ្នាំដដែលក្រោមបទចោទដឹកនាំ និងចូលរួមធ្វើកុបកម្ម។
លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បានបើកសវនាការប្រកាសសាលដីការយៈពេល ២ នាទីដោយបដិសេធបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទទាំង ១១ រូបហើយឲ្យបន្តឃុំខ្លួនពួកគេតទៅទៀត ដោយមិនបានពន្យល់ហេតុផលនៃការយល់ឃើញរបស់ចៅក្រមឡើយ។
លោក ប្លង់ សំណាង ថ្លែងនៅចំពោះមុខជនជាប់ចោទទាំង ១១ រូប និងអ្នកឃ្លាំមើលសិទ្ធិមនុស្សថា៖ «ទី ១ តុលាការសម្រេចទទួលបណ្ដឹងសារទុក្ខរបស់មេធាវី ទី ២ តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញរបស់ជនជាប់ចោទទាំង ១១ រូបទុកជាបានការ ទី ៣ បន្តឃុំខ្លួនជនជាប់ចោទទាំង ១១ តទៅទៀត»។
សាលដីកានេះធ្វើឡើងក្រោយពេលសាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះអស់រយៈពេល ៤ ថ្ងៃកាលពីខែមុន។
កាលពីឆ្នាំ ២០១៥ លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិត និងលោក ឃិន ជំរឿន ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ២០ ឆ្នាំពីបទ «ដឹកនាំកុបកម្ម» ចំណែកសកម្មជន ៨ រូបផ្សេងទៀតត្រូវបានកាត់ឲ្យជាប់ ៧ ឆ្នាំពីបទ «ចូលរួមកុបកម្ម»។
ភ្លាមៗក្រោយប្រកាសសាលដីកាជនជាប់ចោទជាច្រើន ប្រតិកម្មដោយចោទថាតុលាការ «តេឡេ» ឬ «តុលាការឧក្រិដ្ឋ»។
លោក អ៊ុក ពេជ្រសំណាង ដែលមានសម្តីឆៅនិយាយមិនខ្លាចបានថ្លែងថា៖ «នេះជាតុលាការតេឡេ ជាតុលាការឧក្រិដ្ឋដោះលែងតែមេចោរ តែពួកយើងអត់មានកំហុស គេមិនលែងទេ»។ លោកបន្ថែមថាលោកត្រូវបានគេដាក់នៅក្នុងបន្ទប់មួយទទឹង ៣,៥ ម៉ែត្រ និងបណ្ដោយ ៤ ម៉ែត្រ ដែលមានគ្នាសរុប ១៥ នាក់ នៅពន្ធនាគារព្រៃស។
ក្រុមគ្រួសារសកម្មជនអតីតបក្សប្រឆាំង និងមេធាវីថ្លែងថាការផ្តន្ទាទោសលើពួកគេគឺជារឿងអយុត្តិធម៌។ អ្នកស្រី ពេជ្រ ចាន់ឌី អាយុ ៣២ ឆ្នាំភរិយារបស់ សាន គឹមហេង ដែលមានកូនស្រីអាយុ ២ ឆ្នាំមកជាមួយបាននិយាយថា៖ «ប្តីខ្ញុំអត់បានធ្វើអ្វីខុសសោះ ចាប់គាត់តាំងពីខ្ញុំមានផ្ទៃពោះ ២ ខែ ឥឡូវកូនខ្ញុំអាយុ ២ ឆ្នាំហើយ។ គាត់មិនបានទៅកាប់ចាក់អ្នកណា ឬទៅប្រព្រឹត្តជួញដូរគ្រឿងញៀនអ្វីទេ»។
លោក មាជ សុវណ្ណារ៉ា ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំដោយចោទថា ជាអ្នកដឹកនាំកុបកម្មនោះមិនមានការក្រេវក្រោធអ្វីទេ ដោយលោកគ្រាន់តែនិយាយថា ករណីនេះជារឿងនយោបាយ ដែលត្រូវដោះស្រាយដោយនយោបាយ។ លោកបញ្ជាក់ថា៖ «រឿងនេះទាល់តែអ្នកនយោបាយទាំងអស់ ត្រូវរ៉ូវគ្នាទើបដោះបាន។ ពួកយើងគ្រាន់តែជាចំណាប់ខ្មាំងទេ។ ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងដោះលែងពួកយើងនៅពេលគាត់ជាប់ឆ្នោតខាងមុខ»។
លោកមេធាវី កែត ឃី ដែលការពារជនជាប់ចោទ ៤ រូប ក្នុងចំណោម ១១ រូបថ្លែងថាវាជារឿងអយុត្តិធម៌ ហើយលោកកំពុងរៀបចំប្តឹងទៅកំពូលបន្តទៀត។
លោកថ្លែងថា៖ «រឿងនេះយើងដឹងគ្រប់គ្នាថា ពាក់ព័ន្ធនឹងនយោបាយ ដោយសារតែពួកគាត់ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ អ៊ីចឹងវាមិនមែនរឿងបច្ចេកទេសទេ។ អ្នកបង្កមិនមែនជាពួកគាត់ទេបើយើងមើលលើវីដេអូឃ្លីប ពួកគាត់គ្រាន់តែជាអ្នកជួយសង្គ្រោះដល់ជនរងគ្រោះដែលរងការវាយដំមានរបួសស្នាម តែទីបំផុតគេយកគាត់មកដាក់គុក អ៊ីចឹងវាអយុត្តិធម៌ចំពោះពួកគាត់»។
ស្រដៀងគ្នានេះលោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូក៏យល់ថា វាជារឿងនយោបាយដែរដោយលោកថ្លែងថា៖ «ខ្ញុំគិតថាវាគ្រាន់តែជាបាតុកម្មទាមទារ តែហិង្សាកើតឡើង ដោយសារតែមានការប្រើប្រាស់ហិង្សាទៅវិញទៅមក។ មេធាវីថាមិនសមកុបកម្មទេ។ យើងឃើញថា អំពើហិង្សាកើតមានមែន តែបទល្មើសព្រហ្មទណ្ឌ គឺសក់អ្នកណាក្បាលអ្នកហ្នឹង គឺអ្នកណាប្រព្រឹត្តអ្នកនោះទទួលខុសត្រូវ។ តែក្នុងសវនាការ ជនទាំងអស់ថាមិនបានប្រព្រឹត្ត ហើយជនរងគ្រោះមិនបានស្គាល់អ្នកវ៉ៃគាត់ទៀត។ នៅអំឡុងពេលនោះគឺស្ថានភាពនយោបាយតានតឹង»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីថ្លែងថាតុលាការដាក់ទោសមនុស្សខុសដោយលោកអះអាងថាអ្នកខ្លះក្នុងចំណោម ១១ រូបបានជួយការពារកុំឲ្យហិង្សាកើតឡើង ហើយពួកគាត់ខ្លះក៏បានរងរបួសដោយសន្តិសុខខណ្ឌដូនពេញដែលជាអ្នកបង្កហិង្សានោះ។ លោកថា តុលាការមិនបានស៊ើបអង្កេតរកអ្នកទទួលខុសត្រូវពិតប្រាដក ប៉ុន្តែយកព្រឹត្តិការណ៍នេះ «ធ្វើជាការសងសឹកនយោបាយលើសកម្មជនទាំង ១១ រូប»។
លោកបន្ថែមថាការធ្វើបាតុកម្មហើយមានហិង្សា ជាមួយសមត្ថកិច្ចបែបនេះមិនមែនជាអំពើកុបកម្មនោះទេ ព្រោះបាតុករមិនមានបំណងផ្តួលរំលំរដ្ឋាភិបាលទេ។
លោកនិយាយថាការចោទប្រកាន់របស់រដ្ឋាភិបាលលើពួកគេដោយបទចោទនេះគឺ «ធ្វើឡើងតាមអំពើចិត្ត ផ្តេសផ្ដាស អយុត្តិធម៌ ហើយជំរុញទឹកចិត្តដោយរបៀបវារៈនយោបាយ ដើម្បីដាក់ទណ្ឌកម្មពួកគេដោយសារពួកគេជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ»។
លោក លី ច័ន្ទតុលា មេធាវីការពារដើមបណ្ដឹង ៣៩ នាក់ដែលជាសន្តិសុខខណ្ឌដូនពេញថ្លែងថាលោកពេញចិត្តនឹងសាលដីកានេះដោយថ្លែងថា៖ «ថ្វីដ្បិតខ្ញុំក្នុងនាមជនរងគ្រោះមិនសូវពេញចិត្តខ្លាំង ចំពោះការសម្រេចចិត្តរបស់សាលាដំបូងក៏ដោយ តែដោយសារយើងមិនបានប្តឹងឧទ្ធរណ៍ ប៉ុន្តែការកាត់សេចក្តីនេះខាងយើងខ្ញុំទទួលយកបាន»៕