ភ្នំពេញៈ សាលាដំបូង​ខេត្ត​កំពង់ចាម​កាលពី​ម្សិលមិញ​បាន​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ខណៈ​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​ចោទប្រកាន់ ៤ ​នាក់​ហើយ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ស្វាយរៀង កំពុង​បន្ត​នីតិវិធី​ដើម្បី​បង្គាប់​ឱ្យកម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២ ​នាក់​ ពីបទ​ «​រួមគំនិត​ក្បត់​»​។

អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បានសម្រេច​ចោទប្រកាន់​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ ​នាក់​ ពី​បទ​ «​រួមគំនិត​ក្បត់​» ​តាម​មាត្រា ៤៥៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ ទៅ​ ១០ ​ឆ្នាំ​ ខណៈ​ពួកគេ​កំពុង​គេចខ្លួន​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​សម្រេច​ចោទប្រកាន់​មនុស្ស​ចំនួន ៤ ​នាក់​ ក្នុង​នោះ​រួមមាន ទី​១ ឈ្មោះ វែន ដារ៉ា ហៅ​ ប៉ុច ភេទ​ស្រី អាយុ ៦០ ​ឆ្នាំ ទី​២ ឈ្មោះ ឈុន សិទ្ធី ហៅ​គ្រូធី ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ ទី​៣ ឈ្មោះ ឃិន ប៉ុន ភេទ​ប្រុស អាយុ ៦៤ ​ឆ្នាំ និង​ទី​៤ ឈ្មោះ ហ៊ុយ ហួន ភេទ​ប្រុស អាយុ​ ៦៨ ​ឆ្នាំ ​ពី​បទ​ «​រួមគំនិត​ក្បត់​» ដោយ​យោង​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​រង​នូវ​ការជាប់​ពន្ធនាគារ​ពី ៥ ​ឆ្នាំ ទៅ​ ១០ ​ឆ្នាំ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែមថា មនុស្ស​ទាំង​ ៤ ​នាក់ ​ដែល​អយ្យការ​អមសាលាដំបូង​ខេត្ត​ប៉ៃលិន​ចោទប្រកាន់​នេះ​មិន​ទាន់​ត្រូវបាន​ចាប់​ខ្លួន​នៅឡើយ​ទេ ដោយ​ពួកគេ​បាន​ចាកចេញ​ពី​មូលដ្ឋាន​។ «​ការចោទប្រកាន់​ខាង​លើ​គឺពាក់ព័ន្ធ​នឹង​អំពើ​របស់​ឈ្មោះ​ វែន ដារ៉ា ហៅ​ ប៉ុច បាន​ផ្តល់​នូវ​បទសម្ភាស​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​ ២០១៩​។ ចំណែក​ឈ្មោះ​ ឈុន សិទ្ធី ហៅ​គ្រូធី ឈ្មោះ​ ហ៊ុយ ហួន និង​ឈ្មោះ​ ឃិន ប៉ុន គឺ​ពាក់ព័ន្ធ​នឹង​ការផ្ដល់​ទីកន្លែង​សម្រាប់​ជួបជុំ និង​ការផ្សព្វផ្សាយ​តាមរយៈ​បណ្ដេញ Facebook រួម​ជាមួយ​អត្ថបទ​ដែល​មាន​លក្ខណៈ​ជា​ការកៀរគរ​បំផុសបំផុល​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ក្រោម​ឧបាយកល​ «​ផែនការ​នៃ​ការវិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​» ​ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី និង​បក្ខពួក​»​។

លោក​ ប៉ូលី ឧត្តម អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បន្ថែម​បានទេ​។

ជាមួយ​គ្នា​នេះ​លោក ជុំ ណារ៉ាន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម​ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​នេះ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ឈ្មោះ ដុង សុវណ្ណារិទ្ធ អាយុ ៤៧ ឆ្នាំ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពីបទ​រួមគំនិត​ក្បត់​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ ​នៃ​ក្រមព្រហ្មទណ្ឌ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម អយ្យការ​បាន​ចោទប្រកាន់​ឈ្មោះ ដុង សុវណ្ណារិទ្ធ ថា​បាន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ក្រោម​ឧបាយកល​នៃ​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​តាមរយៈ​ការ​កៀរគរ និង​ធ្វើការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បាធាយ ធ្វើការ​ផ្សព្វផ្សាយ និង​ថតរូប​ភាព​លើកដៃ​ជា​សញ្ញា​ក្នុង​ការគាំទ្រ​ឧក្រិដ្ឋជន​ឈ្មោះ សម រង្ស៊ី ដើម្បី​ឈាន​ទៅ​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ តាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​បក្ខពួក​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ លើកឡើង​ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ត្រូវ​ប្រឈម​ការចោទប្រកាន់ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ពីបទ​រួមគំនិត​ក្បត់​។

សូមបញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ២៧ ខែ​កញ្ញា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ចាម​បាន​បញ្ជូន​ឈ្មោះ សឿន ស៊ាង អាយុ ៤៣ ឆ្នាំ​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ដូច​គ្នា​នេះ​។

ចំណែក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ម៉ោញ សារ៉ាត់ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​រួមគំនិត​ក្បត់​តាម​មាត្រា ៤៥៣ ​នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​អយ្យការ​បាន​ចោទប្រកាន់​រួចហើយ​។

លោក ហង់ ហ្រ៊ីដា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែងថា ការស្នើសុំ​ដីកា​បង្គាប់​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ដោយសារ​តែ​ជន​ខាង​លើ​បាន​និង​កំពុង​រត់គេច​ខ្លួន​។ «​ព្រះរាជអាជ្ញា​ធ្វើ​ដីកា​សន្និដ្ឋាន​ដើម្បី​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ចាប់ ប៉ុន្តែ​ចៅក្រម​មិនទាន់​បាន​ចេញ​ដីកា​នៅ​ឡើយ​ទេ​។ ឥឡូវនេះ​មាន​តែ​ជនសង្ស័យ​ម្នាក់​ហ្នឹង​ទេ ពាក់ព័ន្ធ​ករណី​រួមគំនិត​ក្បត់​ជាមួយ​នឹង​លោក សម រង្ស៊ី​»​។

ពាក់ព័ន្ធ​នឹង​ករណី​បទ​ចោទ​ «​រួមគំនិត​ក្បត់​» ​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​និង​កំពុង​បន្ត​នីតិវិធី​ទៅលើ​ឈ្មោះ ម៉ៅ វិបុល ភេទ​ប្រុស អាយុ ៣៧ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​អយ្យការ​បាន​ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដោយ​យោង​តាម​មាត្រា​ ៤៥៣ មាត្រា​ ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ខណៈ​ជន​នេះ​កំពុង​រត់គេច​ខ្លួន​។

លោក ទេព ផល្លា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ថ្លែងថា​៖ «​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ទៅ​លើ​ឈ្មោះ ម៉ៅ វិបុល​ ​ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​ហ្នឹង​គឺ​ (​ឈ្មោះ ម៉ៅ វិបុល​) ​មិន​បាន​បង្ហាញខ្លួន​ទេ ហើយ​សំណុំ​រឿង​បាន​បញ្ជូន​ដល់​ចៅក្រម​ស៊ើបសួរ ហើយ​លោក​កំពុង​ចាត់ការ​តាម​នីតិវិធី​»​។

កាលពី​ខែ​កញ្ញា សកម្មជន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៩ ​នាក់​ ត្រូវ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​ពី​បទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»៕