ភ្នំពេញៈ ក្រុមស្រី្តសកម្មជនដីធ្លីដែលធ្លាប់រងគ្រោះ ពីការបណ្តេញចេញប្រមាណ ៣០ នាក់ កាលពីម្សិលមិញ បានប្រមូលផ្តុំគ្នា ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសាជាថ្មីទៀត ដើម្បីទាមទារឱ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនរបស់ខ្លួន ហើយពួកគេគ្រោងហែញត្តិទៅផ្ទះនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីសុំជួយអន្តរាគមន៍។
សកម្មជនដីធ្លីបានជួបជុំគ្នា នៅសហគមន៍បឹងកក់វេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ១០ ព្រឹក ដោយអ្នកខ្លះបានលើកបដាទាមទារឱ្យដោះលែង ហើយក៏បានប្រកាសជំហរថា នឹងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅជារហូត ដើម្បីទាមទារឲ្យមានការដោះលែងអ្នកស្រីទេព វន្នី មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤ រូប និងមន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១ រូប ដែលត្រូវបានពួកគេអធិប្បាយថា ត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌។
បើគិតមកដល់ពេលនេះ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៧៦ ថ្ងៃហើយ ខណៈមន្ត្រីអាដហុក និងមន្ត្រី គជប ត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់ ២៦ សប្តាហ៍ តែពុំឃើញមានតម្រុយវិជ្ជមានណាមួយ ពីជោគវាសនារបស់ពួកគេ ថាតើនឹងត្រូវដោះលែងនៅពេលណានោះឡើយ បើទោះបីជាទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន បានទាមទារឲ្យដោះលែងពួកគេក៏ដោយ។
កាលពីពេលមុន អាជ្ញាធរ តែងតែធ្វើការបង្ក្រាបទៅលើអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ប៉ុន្តែកាលពីម្សិលមិញពុំឃើញមានអាជ្ញាធរធ្វើការបង្ក្រាបនោះទេ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូ សោភា បានថ្លែងថា៖«ពួកខ្ញុំធ្វើការទាមទារឱ្យមានការដោះលែង មិនមែនធ្វើបដិវត្តន៍ពណ៌ តាមការចោទប្រកាន់របស់រដ្ឋាភិបាលឡើយ»។
អ្នកស្រីក៏បានបញ្ជាក់ថា នឹងស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីផងដែរ តាមរយៈការដាក់ញត្តិ។
អ្នកស្រីបញ្ជាក់ថា៖«ពួកខ្ញុំនឹងធ្វើញត្តិដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រោះអីការឃុំខ្លួនអ្នកស្រីទេព វន្នី គេយកករណី ២០១៣ ខែ មីនា គេបានចោទប្រកាន់គាត់ថា បានប្រព្រឹត្តអំពើហិង្សា នៅក្បែរផ្ទះនាយករដ្ឋមន្ត្រី ដូច្នេះគឺពួកខ្ញុំធ្វើលិខិតមួយ ដើម្បីឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើជាសាក្សីដ៏សំខាន់មួយ ព្រមបើកកាមេរ៉ាសុវត្ថិភាព»។
អ្នកស្រីថា ក្រុមសកម្មជនដីធ្លី នឹងហែចេញពីសហគមន៍នៅម៉ោង ៨ ព្រឹក តែមិនទាន់កំណត់ចំនួនអ្នកចូលរួមនោះទេ។
អ្នកស្រីបញ្ជាក់ថា៖«យើងទៅថ្ងៃព្រហស្បតិ៍ដើម្បីដាក់ញត្តិ ហើយបើសិនជាមានការប្រើអំពើហិង្សាកើតឡើង លុះត្រាតែមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី មិនចង់ទទួលញត្តិពីសហគមន៍បឹងកក់»។
ទាក់ទងនឹងគម្រោងហែញត្តិ អ្នកនាំពាក្យសាលារាជធានីលោក មាន ចាន់យ៉ាដា ថ្លែងយ៉ាងខ្លីថា នឹងមិនអនុញ្ញាតឱ្យហែញត្តិឡើយ តែបដិសេធប្រាប់ពីវិធានការទប់ស្កាត់។ «យើងមិនអនុញ្ញាតជូនទេ ព្រោះអីគាត់មិនបានស្នើសុំមកសាលារាជធានី ហើយខ្ញុំគិតថា ពួកគាត់អ្នកដែលតវ៉ាអាជីពគ្រប់វិស័យហើយ ដូច្នេះគាត់ដឹងរឿងនេះច្បាស់ហើយ មិនបាច់ខ្ញុំទៅប្រាប់គាត់ត្រូវធ្វើម៉េចទេ»៕