ព្រៃវែងៈ សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិវ័យ៧៣ឆ្នាំ ម្នាក់បានខ្យល់គរស្លាប់ភ្លាមៗ ខណៈទៅអង្គុយរង់ចាំប្រតិភូរបស់ខ្លួន ក្នុងវេទិកាមួយនៅភូមិរកាខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែងកាលពីព្រឹកថ្ងៃអង្គារ។
លោក ទុំ សាន់មុនី អធិការនគរបាលស្រុកស្វាយអន្ទរ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា បុរសចំណាស់ដែលខ្សល់គរស្លាប់នោះ ឈ្មោះ ភួន ចឹម ជាកសិកររស់នៅភូមិថ្កូវ ឃុំមេបុណ្យ។ លោកថា ភួន ចឹម បានទៅអង្គុយក្នុងរោងវេទិកាជាមួយសកម្មជនគាំទ្រប្រមាណជាង២០០នាក់រង់ចាំការមកដល់របស់ប្រតិភូគណបក្សសង្គ្រោះជាតិ តែនៅម៉ោងប្រមាណជា៨:១០នាទីព្រឹក ស្រាប់តែគាត់ធ្លាក់ពីកៅអីដួលខ្លួនឯង ហើយសន្លប់បាត់ស្មារតីតែម្ដង។
លោកអធិការបន្តឲ្យដឹងថា ៖ «សមត្ថកិច្ចភ្លាមៗ ក៏យករថយន្តដឹកគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែពេលទៅដល់គ្រូពេទ្យមកពិនិត្យរួចប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ»។
លោក សាន់ មុនី បន្តថា ក្រុមគ្រូពេទ្យអះអាងថាគាត់ស្លាប់ដោយសារ«ជំងឺខ្យល់គរ»។ ឥឡូវក្រុមគ្រួសារបាននាំយកសពគាត់ទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា។
លោកបញ្ជាក់ទៀតថា ការស្លាប់របស់ ភួន ចឹម មិនបានបង្អាក់វេទិកាជួបសំណេះសំណាលរបស់សកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិនៅព្រឹកនោះឡើយ។
នៅម៉ោងប្រមាណ៨:៤៥នាទី គណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ និងលោក គង់ បូរ៉ា អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងបានមកដល់ហើយបន្ទាប់មកកម្មវិធីបានចាប់ផ្ដើមដំណើរការដោយមានអ្នកចូលរួមប្រមាណ២០០នាក់៕