
ភ្នំពេញៈ ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី បានចេញដំណើរទៅប្រទេសថៃកាលពីយប់ម្សិលមិញ បន្ទាប់ពីបាននាំយកញតិ្តគាំទ្រពីបណ្ដាអង្គការក្រៅរដ្ឋាភិបាល ជាតិនិងអន្តរជាតិចំនួន៤២ដែលស្នើសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ទៅដាក់សុំកិច្ចអន្តរាគមន៍ជាថ្មី ពីស្ថាប័នជាតិកំពូលៗ។
អ្នកស្រី ប្រាប់ថា អ្នកស្រីត្រូវអញ្ជើញឲ្យទៅចូលរួមកម្មវិធីសិក្ខាសាលារយៈពេល៥ថ្ងៃស្តីពី«ការចែករំលែកបទពិសោធនៃការតស៊ូមតិដើម្បីការពារសិទ្ធិនិងដីធ្លី» នៅក្នុងទីក្រុងបាងកកប្រទេសថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែអ្នកស្រីអះអាងថា គាត់នឹងសុំអ្នករៀបចំអង្គសិក្ខាសាលាវិលត្រឡប់មកវិញឲ្យបានមុនការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍ លើករណី អ្នកស្រី យ៉ោម បុប្ផា។
អ្នកស្រីថ្លែងថា៖«ខ្ញុំបានត្រៀមយកបញ្ហាការរំលោភសិទ្ធិដីធ្លី និងការតស៊ូមតិតាមផ្លូវច្បាប់ដោយអហិង្សាទៅចែករំលែកក្នុងសិក្ខាសាលានោះ និងអំពាវនាវឲ្យជួយគាំទ្រការដោះលែងអ្នកស្រី យ៉ោម បុប្ផា ផងដែរ»។
មុនចេញទៅប្រទេសថៃ អ្នកស្រីនិងសមាជិកជាង២០នាក់ បាននាំគ្នាទៅសុំកិច្ចអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាថ្មីទៀត ពីស្ថាប័នរដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅសាលាឧទ្ធរណ៍ ដោយភ្ជាប់ជាមួយនូវសំណើគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិចំនួន៤២ ដែលបានឃ្លាំមើលយ៉ាងដិតដល់ក្នុងករណីនេះ។
អ្នកស្រី ថ្លែងថា៖«បើសិនជាអ្នកស្រី យ៉ោម បុប្ផា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ម៉្លេះ មិនមានអង្គការក្រៅរដ្ឋាភិបាលចេញមុខគាំទ្រទេ ហើយគាត់ក៏មិនត្រូវគេចាត់ទុកជាអ្នកទោសមនសិការនោះដែរ»។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមគាំទ្រអ្នករត់ម៉ូតូឌុប លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចាត់ទុកការដាក់ញត្តិនេះថា ជាការដាក់សម្ពាធទៅលើរដ្ឋាភិបាល ពិសេសតុលាការដែលជាស្ថាប័នឯករាជ្យ។
លោក នាង ហៃ មេធាវីការពារជនរងគ្រោះ វ៉ាត ថៃសេង និង ង៉ែត ចិត្រ ក៏សម្ដែងក្ដីបារម្ភទៅលើការដើរដាក់ញត្តិសុំឲ្យមានការដោះលែង [យ៉ោម បុប្ផា]របស់ក្រុមស្ត្រីនៃសហគមន៍បឹងកក់ ដោយបានថ្លែងថា៖ «វាអាចប៉ះពាល់ដល់ផលប្រយោជន៍កូនក្ដីរបស់ខ្ញុំខ្លះៗដែរ»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿលើតុលាការព្រោះតុលាការជាស្ថាប័នឯករាជ្យរាល់ការសម្រេចសេចក្ដីគឺយោងទៅលើអង្គច្បាប់ និងធាតុផ្សំនៃបទល្មើស ដែលរួមបញ្ចូលអង្គហេតុនិងភ័ស្តុតាងមកបញ្ជាក់ ហើយយើងមានអំណះអំណាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើជនជាប់ចោទ»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន ពីបទប្រើហិង្សាដោយចេតនានិងមានស្ថានទម្ងន់ទោសប្រព្រឹត្តលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់កាលពីខែសីហា ហើយត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ។ កាលពីសប្តាហ៍មុន សាលាឧទ្ធរណ៍បានដំណើរការសាកសួរដេញដោលរយៈពេលជាងបីម៉ោងលើអង្គសេចក្ដីនៃករណី យ៉ោម បុប្ផា ហើយគ្រោងនឹងបន្តនីតិវិធីជំនុំជម្រះលើករណីនេះជាបន្តទៀត នៅថ្ងៃសុក្រសប្ដាហ៍នេះ៕