
ភ្នំពេញៈ តំណាងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់នៅពីព្រឹកថ្ងៃចន្ទ បាននាំគ្នាធ្វើកូដកម្មបង្អត់អាហារនៅមុខសាលាឧទ្ធរណ៍ដើម្បីទាមទារយុត្តិធម៌ និងសេរីភាពជូនអ្នកស្រី យ៉ោម បុប្ផា។
អ្នកស្រី បូ ឆវី តំណាងម្នាក់ក្នុងចំណោមបួននាក់ ដែលអង្គុយតវ៉ានៅមុខសាលាឧទ្ធរណ៍រួមមានអ្នកស្រី ទេព វន្នី អ្នកស្រី ប៊ូវ សោភា និងអ្នកស្រី គង់ ចាន់ថា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការធ្វើកូដកម្មបង្អត់អាហារនេះ ក្នុងបំណងទាមទារឲ្យតុលាការនេះផ្ដល់ភាពយុត្តិធម៌ និងសេរីភាពជូន អ្នកស្រី យ៉ោម បុប្ផា វិញ។ អ្នកស្រីនិយាយថា៖ «ពួកយើងនឹងបន្តធ្វើកូដកម្មបង្អត់អាហារនៅទីនេះ រហូតដល់ព្រឹកថ្ងៃអង្គារនេះ ហើយយើងនឹងត្រឡប់មកនៅថ្ងៃពុធ ដើម្បីគាំទ្រនឹងលើកទឹកចិត្តដល់អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវសាលាឧទ្ធរណ៍បើកជំនុំជម្រះអង្គសេចក្ដីនៅព្រឹកថ្ងៃពុធ»។
អ្នកចូលរួមកូដកម្មបង្អត់អាហារនេះដែរ អ្នកស្រី ទេព វន្នី និយាយថា អ្វីដែលពួកគាត់ធ្វើនៅពេលនេះ គឺចង់បង្ហាញឲ្យតុលាការនិងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធឯទៀតដឹងថា ពួកគាត់ជាអ្នករងគ្រោះក្នុងជម្លោះដីធ្លីនៅបឹងកក់ ជាពិសេស អ្នកស្រី យ៉ោម បុប្ផា ពេលនេះមានការស្រេកឃ្លាន«យុត្តិធម៌និងសេរីភាព»ខ្លាំងណាស់។
អ្នកស្រី យ៉ោម បុប្ផា ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងខែសីហា ហើយនៅខែកញ្ញា គាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបីឆ្នាំ ពីបទពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួសធ្ងន់។
ប្ដីរបស់អ្នកស្រីយ៉ោម បុប្ផា លោក លួស សាខន បាននិយាយថាគាត់បានទៅសួរសុខទុក្ខប្រពន្ធនៅពន្ធនាគារ PJ ហើយប្រាប់ពីគម្រោងការតវ៉ាបង្អត់អាហាររបស់អ្នកភូមិបឹងកក់។ លោកបន្តថា៖ «ប្រពន្ធខ្ញុំបានប្រាប់ខ្ញុំវិញថា គាត់ក៏នឹងមិនញ៉ាំអ្វីដែរ បើសិនអ្នកភូមិធ្វើកូដកម្មបង្អត់អាហារទាមទារយុត្តិធម៌និង សេរីភាព»។
ខណៈពេលធ្វើកូដកម្មនោះអ្នកស្រី បូ ឆវី បានដួលសន្លប់នៅម៉ោង ៨កន្លះយប់ហើយអ្នកស្រី ប៊ូវ សោភា ក៏បានដួលសន្លប់ដែរនៅម៉ោង ៨:៤០នាទី យប់ដោយការហេវហត់អស់កម្លាំង៕