កំពង់ស្ពឺៈ សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​កំពង់ស្ពឺ​គ្រោង​នឹងដាក់​លិខិត​ទៅកាន់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៨ មករា ដើម្បី​ស្នើ​សុំឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​ការរំលោភ​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដោយ​សកម្មជន​បាន​អះអាងថា​ផ្ទៃដី​ជិត​ ១០០ ​ហិកតា​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​កំពុង​រង​ការឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការដាក់​លិខិត​នេះ​គឺ​ដើម្បី​ស្នើឱ្យ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ចុះ​ត្រួតពិនិត្យ​និង​ចុច​ GPS ​កំណត់​ទីតាំង​ដី​ ១ ​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​កំពុង​រង​ការ​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​មិន​បានឃើញ​មន្ត្រី​គ្រប់គ្រង​ដែនជម្រក​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឡើយ​។

លោក​បន្តថា​រយៈពេល​ជាង​ ១០ ​ថ្ងៃ​មក​នេះ​មាន​ផ្ទៃដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ ២ ​កន្លែង​ក្នុង​ឃុំ​ត្រពាំងជោរ​ទំហំ​ប្រហែល​ ២៥ ​ហិកតា​ត្រូវ​បាន​ឈូសឆាយ​រំលោភ ហើយ​សកម្មភាព​នេះ​គ្រោង​នឹង​ឈូសឆាយ​ទំហំ​ផ្ទៃដី​ជិត​ ១០០ ​ហិកតា​។

លោក​ថា ​អ្នក​ដែល​ឈូស​ដីព្រៃ​ក្នុង​ដែន​ការពារ​នោះ​គឺ​មាន​ឈ្មោះ​ ម៉ម អាន អធិការរង​ស្រុក​ឱរ៉ាល់​ទទួល​បន្ទុក​ខាង​ចរាចរណ៍ ឈ្មោះ​ ម៉ន តុល មន្ត្រីប៉ូលិស​ប៉ុស្ដិ៍​ឃុំ​រស្មីសាមគ្គី និង​ម្នាក់ទៀត​មិនទាន់​ស្គាល់​ឈ្មោះ​ដែល​ជា​ជំនួយការ​ស្មៀន​នៅ​ឃុំ​ត្រពាំងជោរ​។

សកម្មជន​រូបនេះ​បញ្ជាក់ថា​៖ «​នៅពេល​ដែល​មានការ​ឈូសឆាយ​ហ្នឹង ខ្ញុំ​បាន​រាយការណ៍​ជូនទៅ​ឯកឧត្តម នេត្រ ភក្ដ្រា (​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​) ​កាលពី​ថ្ងៃ​ចន្ទ​ (​ទី​ ៣០ ​ធ្នូ​)​។ អ៊ីចឹង​! ឯកឧត្តម នេត្រ ភក្ដ្រា ក៏បាន​អន្តរាគមន៍​មក​មន្ទីរ ហើយ​មន្ទីរ​ក៏​ឱ្យទៅ​នាយកដែន​ (​ជម្រក​) ​ហើយ​ដែន​ (​ជម្រក​) ​ឱ្យ​ទៅ​មន្ត្រី​ខ្លួន​ចុះ​ត្រួត​ពិនិត្យមើល​។ មន្ត្រី​ចុះពិនិត្យ​មើល​ប៉ុន្តែ​អត់​ចាត់វិធានការ​ទេ​»​។

លោក​បន្តថា គិត​មកដល់​ថ្ងៃទី​ ៤ ​មករា​គ្រឿងចក្រ​ចំនួន​ ៣ ​គ្រឿង​ត្រូវ​បាន​ដកចេញ​ទាំងយប់​ពី​កន្លែង​ឈូសឆាយ​ក្នុង​ដែន​ជម្រក បន្ទាប់ពី​លោក​បាន​ព្យាយាម​ទូរស័ព្ទ​ប្រាប់​ឱ្យ​លោក​នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ទទួល​បន្ទុក​តំបន់​ការពារ​ធម្មជាតិ​ជាច្រើនលើក ឱ្យ​ចាត់​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​។ លោក​ ហ៊ាន បញ្ជាក់ថា គ្រឿងចក្រ​ទាំងនេះ​ត្រូវ​ដក​ម្ដង​ហើយ ប៉ុន្តែ​ក្រោយ​មក​បាន​ត្រឡប់មក​ឈូសឆាយ​ដូចដើម​វិញ នៅពេល​ឃើញ​មាន​ស្ថានភាព​ស្ងប់ស្ងាត់​។

លោក​អះអាងថា​៖ «​លោក នៅ ណាក់ បាន​បញ្ជា​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ​សហការ​គ្នា​អនុវត្ត​ច្បាប់ តែ​មន្ត្រី​ក្រោម​ឱវាទ​អត់​ស្ដាប់បង្គាប់​ទេ រហូត​គេ​អាច​ដឹក​គ្រឿងចក្រ​ចេញទៅ​វិញ​។ ស្អែក​នេះ​ (​ថ្ងៃទី​ ៦ ​មករា​) ​លោក​ នៅ ណាក់ បានផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​ដាក់​លិខិត​មក​មន្ទីរ ដើម្បី​ចុះ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ទាំងអស់​គ្នា​»​។

ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រីប៉ូលិស​ឈ្មោះ​ ម៉ន តុល បានទេ ប៉ុន្តែ​លោក​ ម៉ម អាន អធិការរង​ស្រុក​ឱរ៉ាល់​បញ្ជាក់​ថា លោក​ពិតជា​មាន​ដី​កំពុង​ឈូសឆាយ​ក្នុង​តំបន់​នោះ​មែន គឺ​ជាង​ ២ ​ហិកតា​។ ប៉ុន្តែ​លោក​ថា ជា​ដី​ដែល​មាន​ប្លង់​បញ្ជាក់​អំពី​កម្មសិទ្ធិ​ត្រឹមត្រូវ​ដែល​បញ្ជាក់​ដោយ​ក្រុមនិស្សិត​ចុះ​វាស់វែង​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១២​។

លោក​ប្រាប់ថា​៖ «​មាន​ប្លង់​ត្រឹមត្រូវ​របស់ខ្ញុំ​តើ​។ អ៊ីចឹង​! ប្រាប់​លោក ជា ហ៊ាន ផង ប្រសិន​បើ​គាត់​នឹង​ចោទ​ត្រូវ​ជួប​ម្ចាស់​គេ​ (​សួរ​) ​ឱ្យបាន​ច្បាស់លាស់​»​។

ប៉ុន្តែ​លោក​ ជា ហ៊ាន អះអាង​ថា​តំបន់​ដែលមាន​ការឈូសឆាយ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នេះ​ពិតជា​ត្រូវ​ក្រុមនិស្សិត​ចុះ​វាស់វែង​ចេញ​ប្លង់​ជា​កម្មសិទ្ធិឯកជន​មែន ដោយសារ​តែ​មានការ​ក្លែង​ឯកសារ​ថា ដី​នោះ​គឺជា​ដីស្រែ​អាស្រ័យ​ផល​ជាក់ស្ដែង​របស់​ពលរដ្ឋ ប៉ុន្តែ​ការពិតជា​ដីព្រៃ​រេចរឹល​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​។

សកម្មជន​ដដែល​បញ្ជាក់ថា ការកាត់ឆ្វៀល​ដីព្រៃ​មិនមែន​ជា​ដីស្រែ​ដែល​កំពុង​អាស្រ័យ​ផល​ជាក់ស្ដែង​គឺ​អនុវត្ត​ខុស​ទៅនឹង​បទបញ្ជា ០១ ​របស់​រដ្ឋាភិបាល​។

ជុំវិញ​បញ្ហា​នេះ​លោក​ នៅ ណាក់ ហាក់ដូច​មិន​ច្បាស់​ថា លោក​ជា ហ៊ាន ទូរស័ព្ទ​រាយការណ៍​ពី​ករណី​ឈូសឆាយដី​ក្នុង​តំបន់​ដែន​ជម្រក​នេះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​ដូច​អត់​បាន​ចាំ ថា​គាត់​(​ជា ហ៊ាន​) ​បាន​រាយការណ៍​មក​»​។

តាម​លោក​ ជា ហ៊ាន លោក​ចង់ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ចុច​ប្រព័ន្ធ​ GPS ដើម្បី​បញ្ជាក់ថា ដី​នោះ​គឺ​ពិតជា​ដី​របស់​ដែនជម្រក​សត្វព្រៃ​មែន ហើយ​ដែល​មន្ទីរ​ត្រូវតែ​ដកហូត​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕