ស្ទឹងត្រែងៈ ​ពល​រដ្ឋ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ​បាន​អះ​អាង​នៅថ្ងៃទី​២៩​តុលា​នេះ​​​ថា ​បទ​ស្មើស​សត្វ​ព្រៃ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះ​ជា​ក្រុម​ឧទ្យា​នុរ​ក្ស ​និង​ប្រជា​សហ​គមន៍​​បាន​ប្រឹង​ប្រែង​ទប់​ស្កាត់​និង​ឃោស​នា​អប់​រំ​ឲ្យ​បញ្ឈប់​ការបរ​បាញ់ និង​បរិ​ភោគ​សត្វ​ព្រៃ​យ៉ាង​ណា​ក៏​ដោយ។

អ្នក​ស្រី រ័ត្ន​ សារី ដែល​ជា​​អាជីវករ​​ក្នុង​ផ្សារ​ស្ទឹង​ត្រែង​បាន​ថ្លែងថា សាច់​សត្វ​ព្រៃ ​​រួម​មាន​ ឈ្លូស ប្រើស​ ទន្សាយ​ ជ្រូក​ព្រៃ ពស់​ អណ្ដើក ​ជាដើម​ នៅ​តែ​បន្ត​មាន​គេ​នាំ​យក​មក​បន្លំ​លក់​នៅ​ក្នុង​ផ្សារ​នេះ​ស្ទើរ​តែ​​រាល់​មួយ​សប្ដាហ៍​ម្ដង​ បើ​ទោះ​មាន​ការ​ឃ្លាំ​មើល​និង​ឆ្មក់​បង្ក្រាប​ចាប់​ពី​​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃ​ឈើ ​មន្ត្រី​ឧទ្យានុ​រក្ស និងអង្គការ​សត្វ​ព្រៃ​ក្ដី។

អ្នក​ស្រី សារី ដែលចាត់​ទុក​ក្រុម​អ្នក​លក់​ដូរ​សាច់​សត្វ​ព្រៃ​​ក្នុង​ផ្សារ​នេះ​ថា ​ជា​ក្រុម​អាជីវករ ​«​ឆក់​កណ្ដៀត» បាន​បញ្ជាក់​​ថា៖ «កាល​ពីថ្ងៃ​អាទិត្យ​ [២៨ ខែ ធ្នូ ២០១៨] កន្លង​ទៅ​នេះ មាន​អាជី​វករ​ឆក់​កណ្តៀត​ម្នាក់​បាន​នាំ​យក​សាច់​សត្វ​ព្រៃ​រួម​មាន​ឈ្លូស ជ្រូក​ព្រៃ ​និងទន្សាយមក​បន្លំ​លក់​ក្នុង​ផ្សារ​ស្ទឹង​ត្រែង ​ប៉ុន្តែ​អ្នក​គ្រប់​គ្រង​ផ្សារ​នេះ​មិន​អើ​ពើ​ហាម​ឃាត់ឬទូរស័ព្ទ​រាយ​ការណ៍​ទៅ​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​បង្ក្រាប​នោះ​ឡើយ»។

បើ​តាមអ្នក​ស្រី សារី​ អាជីវករ​លក់​ដូរ​សាច់​ជ្រូក គោ មាន់​ ទា ក្នុង​ផ្សារ​ស្ទឹង​ត្រែងស្ទើ​រតែ​ទាំង​អស់​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​ពេល​មាន​អាជីវករ​ប្លែក​មុខ​នាំ​សាច់​សត្វ​ព្រៃ​មក​លក់​​ក្នុង​ផ្សារ​នេះ។

​អ្នក​ស្រី​បញ្ជាក់​ថា៖«វត្ត​មាន​របស់​​​អាជីវករ​ឆក់​កណ្ដៀត​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ជា​អាជីវករ​លក់​សាច់​ជ្រូក គោ មាន់​ទា លក់​មិន​ដាច់»។

ជុំវិញ​ករណី​នេះ ​លោក​ អេង ភីរ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃ​២៩​តុលា​នេះ​ថា​​ ដោយ​ទទួល​ស្គាល់​ថាការ​បង្ក្រាប​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ដោយ​សា​រកង្វះ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ខណៈ​ក្រុម​ជន​ប្រព្រឹត្តបទ​ល្មើស​បរ​បាញ់​សត្វ​ព្រៃបាន​ផ្លាស់​ប្ដូរ​យុទ្ធ​វិធី​ពី​បរ​បាញ់មក​ដាក់​អន្ទាក់​វិញដែល​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​ និងបង្ក្រាប។

លោក​បាន​ថ្លែង​ថា៖«ការ​បង្ក្រាប​បទ​ល្មើស​សត្វ​ព្រៃគឺ​យើង​ធ្វើ​ឡើង​ជាប្រចាំ​ដូច​ភ្លៀង​រលឹម​ប៉ុន្តែ​យើង​ទទួល​ស្គាល់​ថា​វា​នៅមាន​ភាព​ឆក​ល្វែង​ព្រោះ​កិច្ច​ការពារ​ និងបង្ក្រាប​បទល្មើស​សត្វព្រៃ​និង​ធន​ធាន​ធម្មជាតិ​ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្ដាច់​មុខ​ដោយ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួង​បរិស្ថាន​តែ​មួយ​នោះ​ទេ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​រួម​បញ្ចូល​ទាំង​ក្រុម​ព្រាន​ប្រមាញ់​សត្វ​ព្រៃ និង​ពល​រដ្ឋ​គ្រប់​សហ​គមន៍​ផង​ដែរ»។

លោក ​ភីរ៉ុង​ បាន​បន្ត​ថា ក្រៅ​ពី​ការងារ​ល្បាត​និង​បង្ក្រាប​ ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​បាន​ចុះ​​​អប់​រំដល់​ពល​រដ្ឋ​និងអាជីវករ​នៅ​ទូទាំង​ខេត្ត​ស្ទឹង​ត្រែង​ចូល​រួម​សហការ​បង្ក្រាប​បទ​ល្មើស​ឲ្យ​បានទាន់​ពេល​វេលានិងមាន​ប្រសិទ្ធ​ភាព​តាម​រយៈ​ការ​ផ្ដល់​សេចក្ដី​រាយ​ការណ៍​ច្បាស់​លាស់​ពី​ទី​តាំង​នៃ​បទ​ល្មើស​ហើយ​ប្រសិន​បើ​អាច​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​ដល់​មន្ត្រី​ជំនាញ​ក្នុង​ករណី ប្រទះ​ឃើញ​មាន​បទ​ល្មើស​សត្វ​ព្រៃ និងធន​ធាន​ធម្ម​ជាតិ ។

ជា​មួយ​គ្នា​នេះ លោក ភីរ៉ុង បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ ពេល​នេះ ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្សបាន​សហការ​ជា​មួយ​ប្រជា​សហ​គមន៍ និងកម្លាំង​ប្រដាប់​អាវុធ​មូល​ដ្ឋាន​សរុប​ជាង​២០​នាក់កំពុង​បន្ត​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់​ដើម្បី​ស្រាវ​ជ្រាវនិងបង្ក្រាប​បទ​ល្មើសក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ដែល​ប្រតិ​បត្តិការ​នេះ​បាន​បែង​​ចែក​ជាពីរ​ក្រុមមួយ​ក្រុម​ចេញពី​ស្រុក​សៀម​បូកនិងមួយ​ក្រុម​ទៀត​ចេញ​ពី​ស្រុក​ថា​ឡាប​រិវ៉ាត់។

​លោក​ ហូ ​សំអុល​ អ្នក​សម្រប​សម្រួល​សមាគម​អាដ​ហុក​ខេត្ត​ស្ទឹង​ត្រែង​បាន​ថ្លែងថា ​ចាប់​តាំង​ពី​មាន​យុទ្ធនា​ការ​ឆ្មក់​បង្ក្រាប​ជា​ញឹក​ញាប់​ដោយ​ក្រុម​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​រួម​ទាំងអង្គការ​ការពារ​និងអភិ​រក្ស​សត្វ​ព្រៃមក​សកម្ម​ភាព​បទ​ល្មើស​សត្វ​ព្រៃ​មាន​ភាព​ស្ងប់​ស្ងាត់។ នៅក្នុង​ផ្សារ​នៃ​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ក្រុម​អាជីវករ​ជួញ​ដូរ​សាច់​សត្វព្រៃ​មិន​លក់​ដូរ​សាច់​សត្វ​ព្រៃ​ដោយ​បើក​ចំហ​ដូច​មុន​ទេ ​ប៉ុន្តែ​ការលក់​លួច​លាក់​នៅ​តែ​កើត​មាន​​ក្នុង​ទីផ្សារ​នៃ​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​នេះ។

លោក​សំអុល ​បាន​ថ្លែង​​ថា៖«​ជា​ការ​ពិត​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ជា​ញឹក​ញាប់​​មក​ អំពើ​ជួញដូរ​សាច់​សត្វ​ព្រៃក្នុង​ផ្សារ​ស្ទឹង​ត្រែង​បាន​ថយ​ចុះ​ប្រមាណ ​៩០​ ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​ ដែល​ក្នុង​ផ្សារ​នេះ​មាន​ការ​ដាក់​តាំង​លក់​សាច់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​រួម​មាន ឈ្លូស ប្រើស​ ជ្រូក​ព្រៃ​ ទន្សាយ ហើយ​ម្ដង​ម្កាល​មាន​ទាំង​សាច់​ទន្សោង​ដែល​ជា​សត្វ​កម្រ​ផង​ដែរ»៕