បន្ទាយមានជ័យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​កំពុង​សិក្សា​នីតិវិធី ដើម្បី​ព្រាង​សំណើ​ស្តីពី​ការបំបែក​សង្កាត់​ចំនួន​ ៣ និង​ភូមិ​ចំនួន​ ៣១ នៅ​ក្រុង​ប៉ោយប៉ែត ដែល​ការធ្វើ​បែបនេះ ដោយសារ​តែ​ចំនួន​ប្រជាពលរដ្ឋ​កើនឡើង ព្រមទាំង​មាន​ភាពស្មុគស្មាញ​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ នេះ​បើតាម​លោក​ កែវ តារារស្មី អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ពី​ម្សិលមិញ​។

លោក​ តារារស្មី ​ថ្លែង​ថា​៖ «​ធំបំផុត​គឺ​កត្តា​ប្រជាសាស្ត្រ​។ មានន័យថា ពលរដ្ឋ​មាន​កំណើន​កើន​លើសពី​ការគ្រប់គ្រង​របស់​ភូមិ​នីមួយៗ​។ អ៊ីចឹង​ទៅ​យើង​ចង់​បំបែក​ជា​ភូមិ សង្កាត់ ព្រោះ​នៅក្នុង​គោលការណ៍​ក្រសួង​មហាផ្ទៃ​ឱ្យ​ត្រឹមតែ​ ១៥០ ​គ្រួសារ​ទេ​ក្នុង​ ១ ​ភូមិ​។ ប៉ុន្តែ​ឥឡូវនេះ ភូមិ​នីមួយៗ​មាន​គ្រួសារ​រហូត​ដល់​រាប់ពាន់​ឯណោះ​»​។

បើ​តាម​លោក​ កែវ តារារស្មី ការស្នើសុំ​បំបែក​សង្កាត់ និង​ភូមិ​នោះ​គឺ​សង្កាត់​ចាស់​ ១ ត្រូវ​បំបែក​បន្ថែម​សង្កាត់​ថ្មី​១ ឯ​ភូមិ​ចាស់​ ១ ​អាច​បំបែក​ពី​ ១ ​ទៅ​ ២ ​ភូមិ តាម​ទំហំ​ផ្ទៃដី ភូមិសាស្ត្រ និង​ចំនួន​ប្រជាពលរដ្ឋ​ជាក់ស្តែង​។

លោក​បាន​ថ្លែងថា​៖ «​សង្កាត់​ប៉ោយប៉ែត​ត្រូវ​ពុះ​ជា​ ២ គឺ​ទៅជា​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​អូរជ្រៅ​។ សង្កាត់​ផ្សារកណ្តាល​ក៏​ពុះ​ជា​ ២ ​ដែរ​គឺ​ទៅជា​សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​អូរឫស្សី​រួម​នឹង​សង្កាត់​ ១ ​ទៀត​គឺ​សង្កាត់​និមិត្ត ដែល​ត្រូវ​បំបែក​ជា​សង្កាត់​និមិត្ត និង​សង្កាត់​កូនដំរី និង​ភូមិ​សរុប​ ៣១ នឹង​ត្រូវ​បំបែក​ទៅជា​ ៦៩ ​ភូមិ​»​។

អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​លោក​ លី សារី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កិច្ចប្រជុំ​រវាង​រដ្ឋបាល​ថ្នាក់​ខេត្ត និង​រដ្ឋបាល​ថ្នាក់ក្រុង​គ្រាន់តែ​ដើម្បី​ពិភាក្សា និង​ជជែក​គ្នា​ដើម្បី​រក​នីតិវិធី​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​ឯកសារ​សមស្រប​ទៅតាម​ភាពជាក់ស្តែង​ប៉ុណ្ណោះ​។ មកដល់​រសៀល​ថ្ងៃទី​ ១៧ ខែធ្នូ មិនទាន់​មាន​លទ្ធផល​សម្រេច​យ៉ាងណា​ប្រាកដ​នោះទេ ចំណែក​ខាង​មន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​តាម​ភូមិ​សង្កាត់​។

លោក​ សារី បាន​ថ្លែងថា​៖ «​ខាង​ជំនាញ​កំពុង​ចុះទៅ​សិក្សា​ពាក់ព័ន្ធ​នឹង​លិខិតបទដ្ឋាន​បច្ចេកទេស ដើម្បី​ប្រមូល​ឯកសារ សុំ​គោលការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ដែល​ក្រសួង​មហាផ្ទៃ​នឹង​សុំ​គោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​សម្រេច​អ៊ីចឹង​ទៅ​»​។

របាយការណ៍​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​ផ្ទៃដី​ចំនួន​ ២ ៧៣១ ៣៤២ ​ហិកតា លំនៅឋាន ១ ៣៣៤ ០៦៦ ហិកតា​ដី​កសិកម្ម ១២ ៦០៤ ហិកតា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ៧១៨ ​ហិកតា និង​ដី​បឹងបួ ៦៥០ ​ហិកតា​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ដល់ ២៤ ២៥៨ គ្រួសារ​នៃ​មនុស្ស​សរុប ១០១ ២០២ ​នាក់ ស្រី​ ៥០ ៦៥៤ ​នាក់​។ ពលរដ្ឋ​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ ៦១ ៥២៧ ​នាក់ ស្រី​ ៣១ ៧៦៥ ​នាក់​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា តាម​គោលនយោបាយ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង អាជ្ញាធរ​នៅក្នុង​ដែនដី​នីមួយៗ​អាច​ស្នើ​ឱ្យមាន​ការបំបែក​ភូមិ ឬ​ឃុំ សង្កាត់​បាន ប្រសិន​បើ​មាន​តម្រូវការ​ខាង​ផ្នែក​រដ្ឋបាល ដើម្បី​ងាយស្រួល​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា បើ​មាន​ការបំបែក​ដែនដី គួរតែ​រក្សា​អត្តសញ្ញាណ​ដើម​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នីមួយៗ​នោះ​ផង​។

លោក​ ចន្ទរឿន ​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា មិនមាន​ការខុសឆ្គង​អី​ទេ ក្នុង​ការបំបែក​ភូមិ ឃុំ ស្រុក ខេត្ត​នោះ​។ ប៉ុន្តែ​ទន្ទឹមហ្នឹង​គួរ​កុំ​ដូរ​ឈ្មោះ​ដែល​នាំឱ្យ​បាត់​ប្រវត្តិសាស្ត្រ​របស់​ភូមិ និង​ទីកន្លែង​នីមួយៗ​ហ្នឹង​។ ពីព្រោះ​ឈ្មោះ ឬ​ដាន​ប្រវត្តិសាស្ត្រ​ហ្នឹង គឺជា​អត្តសញ្ញាណ​របស់​ទឹកដី​នៅ​ទីនោះ​ផ្ទាល់​»៕