ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​សមាគម និង​សហជីព​សរុប​ចំនួន​ ៧ ​នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយមាន​អ្នកចូលរួម ១ ០០០ ​នាក់​ តាម​ការគ្រោងទុក ដើម្បី​ប្រារព្ធ​ពិធី​រំឭក​ខួប​ ២៩ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ ​តុលា បើទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​ណែនាំ​មិន​ឱ្យ​មាន​អ្នកចូលរួម​លើសពី​ ១២០ ​នាក់​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ថា​នឹង​អនុវត្តតាម​ការសម្រេច​ពី​សាលាក្រុង​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក និង​ជា​តំណាង​ក្រុម​អង្គការ​ដែល​ស្នើសុំ​ប្រារព្ធ​ពិធី​នេះ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា គម្រោង​រៀបចំ​ពិធី​រំឭក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ទី​ ២៩ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អ្នកចូលរួម​ប្រមាណ ១ ០០០ ​នាក់​។

លោក​ថ្លែងថា​៖ «​ម្សិលមិញ​យើង​បាន​ជជែក​គ្នា​ជា​មូល​មាត់​ហើយ គឺ​យើង​នៅតែ​បន្ត​ជំហរ​​ថា យើង​នៅតែ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ថ្ងៃនេះ​យើង​នឹងដាក់​លិខិត​ទៅ​សាលារាជធានី​ភ្នំពេញ​បញ្ជាក់​ពី​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​គឺ​យើង​នៅ​​តែ​ប្រារព្ធ​ពិធី​នេះ​ដដែល ហើយ​ចំនួន​មនុស្ស​នៅតែ​ ១០០០ ​នាក់​។ យើង​ធ្វើ​ស្រប​ទៅ​តាម​កម្មវិធី​ដែល​យើង​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ពីដំបូង​គឺ​យើង​ចាប់ផ្ដើម​ម៉ោង ៧ ​កន្លះ​រហូត​ដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់​»​។

កាលពី​ថ្ងៃទី ១៦ តុលា លោក​ កើត ឆែ អភិបាលរង​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដើម្បី​ជជែក​អំពី​ការស្នើ​ធ្វើការ​ប្រារព្ធ​ពិធី​នេះ​។ ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រុម​អង្គការ​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពួកគេ​មិន​ត្រូវមាន​អ្នកចូលរួម​លើសពី​ ១២០ ​នាក់​ឡើយ​។

លើសពីនេះ​ទៀត​អ្នក​រៀបចំ​កម្មវិធី​ត្រូវគោរព​តាម​វិធាន​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​កូវីដ ​១៩ និង​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

ក៏ប៉ុន្តែ​លោក ករុណា បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​អង្គការ​ដែល​រៀបចំ​កម្មវិធី​នេះ​នឹង​ភ្ជាប់​នូវ​សេចក្ដី​ពន្យល់​មួយចំនួន​រួមមាន ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ​។ លោក​ថា ការលើកឡើង​ហេតុផល​កូវីដ​ ១៩ ​ហើយ​មិន​អនុញ្ញាត​ឱ្យមាន​អ្នកចូលរួម​ច្រើន​នោះ​មិន​សមស្រប​​ទេ​ដោយសារ​លោក​សង្កេតឃើញ​​មន្ត្រី​រាជរដ្ឋាភិបាល​តែង​ជួបប្រជុំគ្នា​ក្នុង​ចំនួន​យ៉ាងច្រើន​។

លោក​បញ្ជាក់ថា ការប្រារព្ធ​ពិធី​​នេះ​នឹង​ធ្វើតាម​វិធាន​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដូចជា ពាក់​ម៉ាស់ វាស់​កម្ដៅ និង​ការរក្សា​គម្លាត​សុវត្ថិភាព​។

លោក​បន្តថា បើទោះបី​ជា​ពេលនេះ​កម្ពុជា​កំពុង​ជួបនឹង​គ្រោះទឹកជំនន់ ហើយ​អាជ្ញាធរ​កំពុង​ដោះស្រាយ​ក៏ដោយ ក៏​ការ​ប្រារព្ធ​ពិធី​នេះ​គឺជា​រឿង​ដាច់​ដោយ​ឡែក​។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ច័ន្ទរឿន ​ដែល​វិទ្យាស្ថាន​របស់លោក​នឹងចូលរួម​រៀបចំ​ពិធី​រំឭក​ខួប​នេះ​ដែរនោះ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​អ្នករៀបចំ​គ្រាន់តែ​ជូនដំណឹង​ទៅ​សាលាក្រុង​ប៉ុណ្ណោះ​។ ការប្រារព្ធ​ពិធី​នេះ​គឺ​គ្រាន់តែ​ជា​ការជួបជុំ​ធម្មតា​ដើម្បី​បញ្ចេញមតិ មិនមែន​ធ្វើបាតុកម្ម​ធំដុំ​អ្វី​ទេ​។

លោក​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទិវា​នេះ​ថា​៖ «​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កម្ពុជា​ពីព្រោះ​វា​គឺជា​កិច្ចព្រមព្រៀង​ដែល​នាំ​ឱ្យ​មាន​ការបញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​មាន​សន្តិភាព​,​ការផ្សះផ្សា​ជាតិ​, ឯកភាព​ជាតិ​,​ការគោរព​អធិបតេយ្យ​​បូរណភាព​ទឹកដី និង​ស្ថិរភាព​, ឯករាជភាព​, អព្យាក្រឹតភាព​របស់​កម្ពុជា​»​។

លោក​បន្តថា​៖ «​វា​នាំ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​រួមទាំង​ការវិលត្រឡប់​របស់​ជនភៀសខ្លួន និង​ជន​ផ្លាស់​លំនៅ​ដោយ​ស្ម័គ្រចិត្ត​,​ប្រជាធិបតេយ្យ​,​ការអនុវត្ត​សិទ្ធិ​នៃ​ស្វ័យគ្រប់គ្រង​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត​មាសភក្តី បាន​ទេ​កាលពី​ម្សិល​មិញ ថា តើ​សាលា​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​យ៉ាងណា​ចំពោះ​ការប្រារព្ធ​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន​ដូច្នេះ​។

ក៏ប៉ុន្តែ​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ១៦ តុលា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​នឹង​អនុវត្ត​តាម​ការសម្រេច​​របស់​លោក កើត ឆែ ដែល​អនុញ្ញាត​ឱ្យមាន​អ្នកចូលរួម​មិន​លើសពី​ ១២០ ​នាក់​ប៉ុណ្ណោះ​។

តែបើ​អង្គការ​សង្គម​ស៊ីវិល​នៅតែ​មាន​អ្នកចូលរួម​ច្រើន​ដូច្នេះ​វា​អាស្រ័យ​លើ​ការសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​៕