ភ្នំពេញៈ អ្នក​ជំ​នាញ​នៃ​អង្គ​ការ​សង្គម​ស៊ី​វិល​ និង​និស្សិត​ប្រ​មាណ​ជា ​៥០ ​នាក់​ដែល​ធ្វើ​ការ​ងារ​ទាក់​ទង​ជាមួយ​បរិស្ថាន​បាន​ប្រ​មូល​ផ្ដុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​​​កាល​ពី​ម្សិល​មិញ​ ដោយ​បាន​បង្ហាញ​នូវ​កង្វល់​ដែល​ពួក​គេ​មិន​បាន​ទទួល​ ​ព័ត៌​មាន​គ្រប់​គ្រាន់​ពី​របាយ​ការណ៍​នៃ​ការ​វាយ​តម្លៃ​អំពីផល​ប៉ះ​ពាល់​បរិស្ថាន​នៅ​កម្ពុជា។

​លោក​ ធី ​ទ្រី ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ទិន្ន​ន័យ​អំពី​ការ​អភិវឌ្ឍ ​(ODC)​ បាន​ថ្លែង​​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​គេហ​ទំព័រ​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា ​កាល​ពី​ម្សិល​មិញ​ នៅ​សណ្ឋា​គារ​ហ៊ី​ម៉ា​វ៉ា​រី​ រាជ​ធានី​ភ្នំ​ពេញ​ថា ​ក្រសួង​បរិស្ថាន​គួរ​បង្ហាញ ​និង​ផ្តល់​របាយ​ការណ៍​ចុង​ក្រោយ​ (EIA) និង​របាយការណ៍​ដទៃ​ទៀត ​ឲ្យ​បាន​ទូលំ​ទូលាយ​ ដើម្បី​បង្ហាញ​ដល់​សា​ធារ​ណ​ជន​ សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​អ្នក​ស្រាវ​ជ្រាវ​ សង្គម​ស៊ីវិល ​ដៃ​គូ​អភិ​វឌ្ឍន៍ ​ពិសេស​ប្រជា​ពល​រដ្ឋ​តាម​មូល​ដ្ឋាន ដែល​អាច​ឲ្យ​ពួក​គេ​បាន​ដឹង ​និង​បាន​ចូល​រួម​អភិវឌ្ឍ​ទាំង​អស់​គ្នា។​

លោក​ ទ្រី​ អះ​អាង​ថា​​ កង្វះ​ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ EIA ​ទាំង​នោះដូច​​ជា​របាយការណ៍ពី​​ការ​ផ្តល់​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ការ​អភិ​វឌ្ឍ​ធន​ធាន​រ៉ែ និង​​វា​រី​អគ្គិស​នី​ជា​ដើម​ ​ហើយ​​ភាគ​ច្រើននៃ​​ របាយ​កា​​រណ៍​ទាំង​នោះ​គួរ​​ត្រូវ​បង្ហាញ​ជា​ចំហ​ បើ​មិន​ដូច្នោះទេ​​ អាច​នឹង​​ជះ​ផលប៉ះ​ពា​ល់​ដល់​បរិស្ថាន​ និង​សង្គម​ ហើយក៏​អាច​ជា​កត្តា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ផង​ដែរ។

លោក​ ទ្រី បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ មក ODC ទទួល​បាន​របាយ​ការណ៍​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ (EIA) ​ចំនួន​ ១០​ របាយ​ការណ៍​ប៉ុណ្ណោះ ​ហើយ​របាយ​ការណ៍​ទាំង​នោះ ​គឺ​ជា​របាយ​ការណ៍​មិន​ផ្លូវការ​នោះ​ទេ»។

​លោក​ ថ្លែង​​ថា​៖​ ​«​ក្រសួង​បរិស្ថាន​ ​គឺ​ជា​កន្លែង​សំខាន់​មួយ​ ​ដែល​ផ្តល់​អាជ្ញា​ប័ណ្ណ​ទៅ​លើ​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះ​ពា​ល់​​​បរិ​ស្ថាន​ ​ដូច្នេះ​ហើយ​បើ​សិន​ណា​ជា​គាត់​អនុ​ម័ត​ទៅ​លើរ​បាយ​ការ​ណ៍​ហ្នឹង​ ​យ៉ាង​ហោច​ណាស់ ​របាយ​ការណ៍​សង្ខេប​​ទាក់​ទង​​គម្រោង​វិនិ​យោគ​ដែល​គាត់​អនុ​ម័ត​គួរ​តែ​ចែក​រំលែក​​ជា​សាធា​រ​ណៈ​ ព្រោះ​បើ​គាត់​មិន​បង្ហាញ​របាយ​ការណ៍​សង្ខេប​ហ្នឹង​ទេ​ ​ប្រជា​ពល​រដ្ឋ​ ​ឬ​ក៏​អ្ន​ក​ដែល​គាត់​ចង់​ស្វែង​យល់​ ​គាត់​មាន​ភាព​លំបាក​បន្តិច​ ហើយ​របាយ​កា​រ​ណ៍​នេះ​ មាន​សារៈ​សំខាន់​ណាស់​ ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​រួម​របស់​ប្រជា​ពលរ​ដ្ឋ​ ​និង​ភាព​ជា​ម្ចាស់​ ក្នុង​ការ​អភិ​វឌ្ឍ។​ ម្យ៉ាង​ទៀត​ ពួក​គាត់​ ​អាច​ចូល​រួម​តាម​ដាន​ ​និង​ដឹង​ពី​ផល​ប្រយោ​ជន៍​ដែល​ពួក​គាត់​​ទទួល​បាន​ក្នុង​សហគមន៍​ពី​ការ​អភិវឌ្ឍ​នោះ»។

លោក​ សី​ ពៅ អ្នក​សម្រប​សម្រួល​បណ្ដា​ញ​ប្រែប្រួល​អាកាស​ធាតុ​នៃ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល​​ស្ដីពី​កម្ពុជា​ NECA Network coordinator of NGO Forum ​បាន​ឲ្យ​ដឹង​ថា ប​ច្ចុប្បន្ន ​EIA​ មាន​ជាង​រាប់​ពាន់​គម្រោងដែល​ក្រសួង​បរិស្ថាន ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​សិក្សា​ទូទាំង​ប្រទេស​ តែ​ចំពោះ​របាយការណ៍​ផ្លូវ​ការ​ទាំង​នោះ​​ គឺ​មាន​ចំនួន​តិច​តួច​បំផុត​ ដែល​បាន​បង្ហាញ​ជា​សា​ធារណៈ។​ សម្រាប់ NGO​ forum ​តាម​របាយ​ការណ៍​ដែល​ទទួល​បាន​ មាន​ជាង ៤០០​ របាយ​ការណ៍​ EIA ដែល​បាន​បង្ហាញ។​

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ទំហំ​នេះយើង​គិត​ថា​ មិន​ច្រើន​ទេ​ បើ​ប្រៀប​ធៀប​ជា​មួយ​ ទិន្នន័យ​ដែល​យើង​មិន​ច្បាស់​ការ​ដល់​ទៅ​ ៣ ទៅ ៤ ​ពាន់​ ដែល​ក្រសួង​បរិស្ថាន​បាន​ផ្តល់​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃ​ ផល​​ប៉ះពាល់​បរិស្ថាន»។

​និស្សិត​ស្រី​ម្នាក់​ឈ្មោះ​ ហង្ស ​ប៉ូ​លី​កា​​ សិក្សា​ផ្នែក​គ្រប់គ្រង​ និង​អភិ​វឌ្ឍ​ធនធាន​ធម្ម​ជាតិ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ បាន​អះ​អាង​ថា​ ការ​ស្វែង​រក​របាយ​ការណ៍​ស្ដី​ពី​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន​ដែល​មាន​កន្លង​មក​ពិត​ជា​មាន​ការ​ពិបាក​ព្រោះ​តែ​របាយ​ការណ៍ ​ដែល​មាន​ជា​សា​ធារណៈ ​មាន​ចំនួន​តិចតួច។​

​និស្សិត​ ប៉ូលី​កា ​ថ្លែង​ថា៖ «វា​ពិត​ជា​មាន​សារ:សំខាន់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ ត្រូវ​បាន​បង្ហាញ​ឲ្យ​បាន​ទូលំ​ទូលាយ​។​ ​នៅ​ពេល​ខ្ញុំ​ស្វែង​រក​របាយ​ការណ៍​ទាំង​នេះ​ មក​សិក្សា​ គឺ​ពិបាក​ណាស់​ ព្រោះ​តែ​ពិបាក​ស្វែង​រក​ ហើយ​វា​មាន​ចំនួន​តិច​តួច​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិ​ស្ថា​ន​ទៅ​លើ​តំបន់​អី​មួយ​គឺ​មិន​មាន​ទេ។​ ខ្ញុំ​ចង់​ឲ្យ​មាន​ការផ្ស​ព្វ​ផ្សាយ​ការ​វាយ​​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ជា​សាធារណៈ»។​

​លោក​ ​នេត្រ​ ​ភក្ត្រា ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ កាល​ពី​ម្សិល​មិញ​បាន​អះ​អាង​ថា​ ​ក្រសួង​បរិស្ថាន​បាន​ធ្វើ​កិច្ច​ការ​ជា​យូរ​មក​ហើយ​​ដោយ​រៀង​រាល់​ពេល​ប្រ​ជុំ​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​លើ​គម្រោង​ណា​មួយ​តែង​តែ​អញ្ជើញ​សមា​គម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ដែល​មិន​ប្រឡូក​ប្រឡាក់​នឹង​បញ្ហា​នយោ​បាយ​ចូល​រួម ​ព្រោះ​កិច្ច​ការ​នេះ​ជា​ការងារ​បច្ចេក​ទេស​សុទ្ធ​សាធ។ ​បន្ទាប់ពី​ កិច្ច​ប្រជុំ​នី​មួយៗ​ ​ក្រសួង​បរិស្ថាន​បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹម​សារ​សង្ខេប​នៃ​លទ្ធផល​នៃ​កិច្ច​ប្រ​ជុំ​ពាក់​ព័ន្ធ​នឹង​ ​EIA​ ដើម្បី​ឱ្យ​សា​ធារណ​ជន​បាន​ជ្រាប។

លោក​ ភក្ត្រា បាន​ថ្លែងឲ្យ​ដឹង​ទៀត​​ថា​៖ «​ក្រសួង​បាន​និង​កំពុង​រៀប​ចំ​នីតិ​វិធី​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌​មាន​ខ្លះ​ដែល​ជា​ប្រភេទ​ព័ត៌​មាន​សាធា​រណៈ​ដើម្បី​ជា​ប្រ​យោជន៍​ដល់​សា​ធារណ​ជន​ ​និង​មិន​អាច​ផ្សព្វផ្សាយ​​របាយ​ការណ៍​ទាំ​ង​ស្រុង​បាន​ឡើយ​ព្រោះ​ព័​ត៌​មាន​ខ្លះ​ជា​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​សម្ងាត់​របស់​ក្រុម​ហ៊ុន​ដូច​ជា​ចង្វាក់​ផលិត​កម្ម​ជាដើម។​នៅ​ក្នុង​ការ​ពិនិត្យ ​និង​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ ​ក្រសួង​បរិស្ថាន​បាន​គិត​​គូរ​ពី​ផល​ប៉ះ​ពា​ល់​វិជ្ជ​មាន​ ​និង​អវិជ្ជ​មាន​ទៅ​លើ​សង្គម ​និង​បរិស្ថាន​ ​និង​ការ​ផ្តល់លើ​​អនុ​សាសន៍​ផ្សេង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដើម្បី​ធានា​ថា​គម្រោង​វិនិ​យោគ​​​អភិ​វឌ្ឍន៍​​ដែល​ទទួល​បាន​ការ​អនុ​ញ្ញាត​មិន​មាន​ផល​ប៉ះ​ពាល់​ ​ឬ​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​សង្គម​ ​និង​បរិស្ថាន»៕