ភ្នំពេញៈ អង្គការសង្គមស៊ីវិលប្រមាណជាង ៥០០ ស្ថាប័ន ស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គការតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។
ការស្នើសុំរបស់អង្គការសង្គមស៊ីវិលនេះធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី ៤ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៣ ខែកុម្ភៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃតំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាល អាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ៣០០ នាក់។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលបានថ្លែងជំរុញនិងលើកទឹកចិត្តរាជរដ្ឋាភិបាល ពិចារណាការធ្វើវិសោធនកម្មច្បាប់ ៣ រួមមាន ១. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការតុលាការ ៣. ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។
លោកបញ្ជាក់ថា៖ «តាមពិត ពួកគេ [ចៅក្រម និងព្រះរាជអាជ្ញា] នៅតែមានសេរីភាព សិទ្ធិចូលរួម និងជាសមាជិកនៃគណបក្សនយោបាយណាមួយតាមបំណងរបស់ពួកគេជាបុគ្គលម្នាក់។ ការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេចូលរួមក្នុងជីវិតនយោបាយអាចជាជម្រើសប្រសើរ ដើម្បីធានានូវអព្យាក្រឹតនៃផ្នត់គំនិត»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថាប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តែប្រទេសកម្ពុជាមិនអនុវត្តប្រព័ន្ធបារាំងនៅក្នុងករណីនេះទេ។ លោកថា ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គការតុលាការគួរតែមានឯករាជភាពបន្ថែមពីរដ្ឋបាលសាធារណៈ។ ជាពិសេសឯករាជភាពនៃការចំណាយថវិកាក្នុងដំណើរការរដ្ឋបាលដោយឯករាជ្យពីនីតិប្រតិបត្តិ ហើយក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលតុលាការនៅក្រោមរដ្ឋបាលនៃក្រសួងយុត្តិធម៌។
លោក សារឿន លើកឡើងដែរថា អង្គការសង្គមស៊ីវិលក៏ជំរុញ និងលើកទឹកចិត្តក្រសួងមហាផ្ទៃបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តខ្លឹមសារសេចក្តីជូនដំណឹងស្តីពីការលុបចោលការជូនដំណឹងមុនធ្វើសកម្មភាពបន្ថែមទៀត។ លោកក៏ស្នើឲ្យក្រសួងមហាផ្ទៃអនុវត្តដោយស្មើភាពគ្នាចំពោះគ្រប់និន្នាការប្រតិបត្តិការសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ អនុវត្តដោយគ្មានការរើសអើង និងបញ្ចប់នូវរាល់រូបភាពនៃការតាមដាន ការឃ្លាំមើលសកម្មភាពផ្សេងៗទៀតដែលអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលទៅលើការបំពេញការងារមនុស្សធម៌។
លោកបញ្ជាក់ថា៖ «[ក្រសួង] បន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកការផ្សព្វផ្សាយ [បទបញ្ជារបស់ក្រសួងមហាផ្ទៃ] ឲ្យបានជាប្រចាំដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្រសួងមហាផ្ទៃគួរមានវិធានការដាក់ទោស ពិន័យផ្នែករដ្ឋបាលចំពោះអាជ្ញាធរពាក់ព័ន្ធរូបណាដែលមិនព្រមអនុវត្ត ឬអនុវត្តផ្ទុយពីខ្លឹមសារនៃបទបញ្ជានេះ»។
លោកបន្ថែមថាអង្គការសង្គមស៊ីវិលក៏ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿនការតាក់តែង និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងស្នើពិចារណាទទួលយកធាតុចូលដែលដាក់ស្នើដោយអង្គការសង្គមស៊ីវិល។ លោកថាអង្គការសង្គមស៊ីវិលគាំទ្រការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈលើការពង្រឹងអព្យាក្រឹតភាពមន្ត្រីរាជការសាធារណៈ។
ទន្ទឹមនេះដែរលោកប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញដែរថា មូលហេតុដែលអង្គការសង្គមស៊ីវិលមួយចំនួនស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដោយសារតែច្បាប់នេះមិនចែងច្បាស់អំពីការដាក់ឲ្យចៅក្រម និងព្រះរាជអាជ្ញាឲ្យនៅឆ្ងាយពីអព្យាក្រឹតភាពនយោបាយ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងថាប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាត្រូវបានរងការរិះគន់ថា ពុំទាន់អាចផ្តល់យុត្តិធម៌សង្គម ដោយសារតែមន្ត្រីតុលាការមួយចំនួនធំមានការជាប់ពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយ និងពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងអំពើពុករលួយ។
លោកបញ្ជាក់ថា៖ «ទាល់តែមានច្បាប់មួយល្អ និងការអនុវត្តល្អហ្នឹងបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជាអាចស្តារមុខមាត់ឡើងវិញ និងជំនឿពីប្រជាពលរដ្ឋ និងសាធារណៈបើមិនដូច្នេះទេនៅតែទទួលការរិះគន់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា ការស្នើសុំរបស់អង្គការសង្គមស៊ីវិលក្នុងការធ្វើវិសោធនកម្មពាក់ព័ន្ធនឹងច្បាប់ទាំង ៣ នេះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ ថាតើក្រសួងយុត្តិធម៌ពិនិត្យមើលសំណើហ្នឹង ឬមិនពិនិត្យពិចារណាទៅលើការស្នើសុំនេះ។
ពាក់ព័ន្ធនឹងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន លោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ច្បាប់នេះនឹងត្រូវចេញក្នុងឆ្នាំ ២០២០ នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងពីម្សិលមិញថា៖ «យើងស្វាគមន៍នូវការស្នើសុំក៏ដូចជាមតិយោបល់របស់អង្គការសង្គមស៊ីវិលថា តើកន្លែងណាដែលអនុវត្តទៅមិនបាន និងមិនមានប្រសិទ្ធភាពហើយស្នើសុំការកែប្រែ ហើយយើងនឹងធ្វើការពិចារណាប្រសិនបើមានមូលដ្ឋានច្បាស់លាស់។ ពីព្រោះការធ្វើច្បាប់ទាំងអស់នេះយើងផ្អែកទៅលើមូលដ្ឋានបទពិសោធ និងការអនុវត្តអន្តរជាតិរបស់បណ្តាប្រទេសអភិវឌ្ឍន៍ និងប្រជាធិបតេយ្យមួយចំនួនធំ»៕