ភ្នំពេញៈ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជំរុញ​ឱ្យ​មាន​ការផ្សព្វផ្សាយ អប់រំ​អំពី​បញ្ហា​សុខភាព​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្ហាញ​សាធារណជន​ពី​បញ្ហា​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ និង​វិធានការ ទប់ស្កាត់ ជាពិសេស​ផ្សព្វផ្សាយ​អប់រំ​ពី​ជំងឺអេដស៍ របេង គ្រុនចាញ់ និង​ជំងឺឆ្លង​ដទៃទៀត​ដោយ​ពួកគេ​អះអាង​ថា ការផ្សាយ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ការរាយការណ៍​អំពី​ការ​គ្របដណ្ដប់​សេវា​សុខាភិបាល សកល​កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នក​សារព័ត៌មាន និង​អ្នកបម្រើការ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​របៀប​រាយការណ៍​ទាក់ទង​សុខភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ស្របតាម​គោលការណ៍​ណែនាំ​ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ប្រមាណ​ ៣០ ​នាក់​។

លោក​ ជួប សុខចំរើន នាយកប្រតិបត្តិ​អង្គការ​ (KHANA) ​ថ្លែង​ថា កន្លងមក​លោក​ធ្លាប់បាន​កត់សម្គាល់​ឃើញថា ការផ្សព្វផ្សាយ និង​ការចូលរួម​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ការផលិត​អត្ថបទ​ស្ដីពី​ការអប់រំ​សុខភាព ក៏ដូចជា​ការសរសេរ​អត្ថបទ​អប់រំ​អំពី​ជំងឺឆ្លង​ដូចជា​ជំងឺអេដស៍ របេង គ្រុនចាញ់ និង​ជំងឺឆ្លង​ដទៃទៀត​នៅ​មាន​កម្រិត​នៅឡើយ​។

លោក​ជំរុញ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ជួយ​ផលិត​អត្ថបទ​វីដេអូ​ និង​សរសេរ​ព័ត៌មាន​បែប​ស៊ីជម្រៅ​ក្នុងន័យ​អប់រំ​ពន្យល់​ពី​ផលប៉ះពាល់​នៃ​ជំងឺ​ទាំងឡាយ​ណា​ដែល​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ដោយសារ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន មិនសូវ​បាន​ទទួល​ព័ត៌មាន​អំពី​ការថែទាំ​សុខភាព​ឱ្យបាន​ល្អប្រសើរ​ដែល​អាច​ចៀស​ផុតពី​ជំងឺ​។

លោក​ សុខចំរើន បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា បញ្ហា​នេះ​មិនមែន​ពួក​ខ្ញុំ​ជា​សង្គម​ស៊ីវិល ឬ​រដ្ឋាភិបាល​ធ្វើ​ម្នាក់ឯង​ទេ គឺ​សារព័ត៌មាន​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ​។ អ្នក​សារព័ត៌មាន​គឺ​នាំសារ​សំខាន់ៗ​ណែនាំ​ឱ្យ​ស្គាល់​ពី​គោលការណ៍​ណែនាំ​អំពី​សុខភាព​ដែល​ទទួល​បាន​ការបង្ហាញ​ពី​អ្នកជំនាញ ឬ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​សុខភាព​ហ្នឹង​។ អ៊ីចឹង​យើង​អំពាវនាវ​ឱ្យ​ពួកគាត់​ជួយ​បំពេញបន្ថែម​ពី​បញ្ហា​នេះ​»​។

លោកស្រី Rachel Ong អ្នកសម្របសម្រួល​ប្រចាំ​តំបន់​នៃ​បណ្ដាញ​អ្នកតស៊ូ​មតិ សម្រាប់​មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ថ្លែងថា សារព័ត៌មាន​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ នៅពេល​អ្នក​សារព័ត៌មាន​បាន​សរសេរ ឬ​ចងក្រង​សំណុំ​ឯកសារ​ផ្សេងៗ​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង ដើម្បី​ផ្ដល់ដំណឹង​អវិជ្ជមាន​ទៅ​ថ្នាក់ដឹកនាំ​ ឬ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​។

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​គឺ​លោកស្រី​ចង់ឱ្យ​អ្នកសារព័ត៌មាន​ស្រាវជ្រាវ និង​ដកស្រង់​សម្ដី​អ្នកជំនាញ​បង្ហាញ​សាធារណជន​ឱ្យបាន​ទូលំទូលាយ​ដើម្បី​បង្ហាញ​ទៅ​សហគមន៍​ងាយ​រងគ្រោះ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​។ ជាក់ស្ដែង​អំឡុង​ជំងឺ​កូវីដ​១៩​នេះ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ដើរតួ​សំខាន់​ក្នុង​ការអប់រំ ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ការចម្លង និង​វិធានការ​ការពារ​ខ្លួន​ផងដែរ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​មូលនិធិ​សកល​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ របេង​ និង​គ្រុនចាញ់​។ ខ្ញុំ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​កម្ពុជា​គឺ​រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ច្រើន ហើយ​ខ្ញុំ​ក៏​ចង់ឃើញ​កម្ពុជា​ប្រឹងប្រែង​បន្តទៀត​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ទាំងអស់​»​។

លោក​ ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ថ្លែងថា ការផ្សព្វផ្សាយ​បញ្ហា​សុខភាព​នាពេល​បច្ចុប្បន្ន​នេះ​មាន​ភាពល្អប្រសើរ​។ ប៉ុន្ដែ​ការសរសេរ​ព័ត៌មាន​ទាក់ទង​ការជំរុញ​ឱ្យ​មាន​ការកែប្រែ​ឱ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​គោលនយោបាយ​សុខភាព និង​ហិរញ្ញវត្ថុ​សុខភាព​គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។

បើ​តាម​លោក​ ណុប វី កង្វះខាត​របស់​អ្នកសារព័ត៌មាន​មួយចំនួន​គឺ​សមត្ថភាព​ក្នុងការ​សរសេរ​ព័ត៌មាន​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅ​មាន​កម្រិត​។ ម្យ៉ាងទៀត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច​ណាស់​ដែល​ហ៊ាន​សរសេរ​ព័ត៌មាន​បែប​បង្ហាញ​ពី​បញ្ហា​របស់​សង្គមជាតិ ឬ​ព័ត៌មាន​ដែល​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​។

លោក​ថា​៖ «​ទាក់ទង​សមត្ថភាព ឬ​វិជ្ជាជីវៈ​គឺ​ខ្ញុំ​គិតថា មិនមែន​ពួកគាត់ ទាំងអស់​គ្មាន​សមត្ថភាព​ទេ ប៉ុន្ដែ​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​មិនទាន់​មាន​ការពិសោធ​ការងារ​ច្រើន ដូច្នេះ​នៅមាន​ភាពខ្វះ​ចន្លោះ​។ អ៊ីចឹង​យើង​ត្រូវតែ​ធ្វើការ​គាំទ្រ​ពួកគាត់​តាមរយៈ​ការបណ្ដុះបណ្ដាល​បន្ថែម ហើយ​អង្គភាព​មួយចំនួន​គាត់​យកចិត្ត​ទុកដាក់​បង្រៀន​បុគ្គលិក​គាត់​។ ប៉ុន្ដែ​ស្ថាប័ន​ខ្លះទៀត គាត់​មិន​សូវ​យកចិត្ត​ទុកដាក់​ទេ​»​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ ឱ វណ្ណឌីន ថ្លែង​នៅ​ថ្ងៃទី​ ១៤ តុលា ថា មុន​ពេល​ជំងឺ កូវីដ​១៩​មក​ដល់​ការផ្សព្វផ្សាយ និង​ការនាំសារ​អប់រំ​អំពី​បញ្ហា​សុខភាព​នៅ​មាន​កម្រិត​។ ក្រសួង​សុខាភិបាល​បាន​ប្រឹងប្រែង ផលិត​សារ​អប់រំ​ទាក់ទង​សុខភាព ជាពិសេស​សារ​អប់រំ​ពាក់ព័ន្ធ​ជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និង​ជំងឺ​សំខាន់ៗ​មួយចំនួន​ទៀត ដើម្បី បញ្ជ្រាប​ចំណេះដឹង ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោកស្រី​ថ្លែងថា​៖ «​ក្នុង​បរិបទ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​នេះ​គឺ​ខ្ញុំ​សង្កេតឃើញ​អ្នក​សារព័ត៌មាន​យើង​ក៏​គាត់​ខិតខំ​ជួយ​ផ្សព្វផ្សាយ​ច្រើន​ហើយ​យើង​នៅតែ​អំពាវនាវ​ឱ្យមាន​ការផ្សព្វផ្សាយ​បន្ថែមទៀត​។ ជាពិសេស​នៅក្នុង​អំឡុងពេល​ទឹកជំនន់​នេះ បញ្ហា​សុខុមាលភាព​សាធារណៈ​ប្រឈម​ដែរ​។ អ៊ីចឹង​យើង​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ទាំងអស់​ឱ្យ​ដល់​សហគមន៍​ងាយ​រងគ្រោះ​ដើម្បីឱ្យ​គាត់​ប្រុងប្រយ័ត្ន​»៕